សំឡេង​រំខាន​ពី​ចរាចរណ៍​បង្ក​ហានិភ័យ​ខ្ពស់​ សម្រាប់​ជំងឺ​គាំងបេះដូង

  • 2016-07-12 13:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សិក្សា​ថ្មី​មួយ ដែល​បាន​ចុះផ្សាយ​នៅ​លើ​ទស្សនាវដ្ដី Deutsches Ärzteblatt International បាន​រក​ឃើញ​ថា ការ​ប៉ះពាល់​នៃ​សំឡេង​រំខាន​ពី​ចរាចរណ៍ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​បាន។ ក្រុម​អ្នក​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ដែរ​ថា អ្នក​ដែល​រស់​នៅ​ក្បែរ​ផ្លូវ​ធំ ឬ​ផ្លូវ​រថភ្លើង គឺ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​បំផុត។

 

 

សំឡេង​រំខាន​ពី​រថយន្ត រថភ្លើង ឬ​យន្តហោះ អាច​ធ្វើ​ឲ្យ​រាងកាយ​មាន​ភាព​តានតឹង បង្ក​ឲ្យ​កើត​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​គាំងបេះដូង។ ការសិក្សា​មុនៗ​ក៏​បាន​រក​ឃើញ​ដែរ​ថា សំឡេង​រំខាន​បែបនេះ​អាច​បណ្ដាល​ឲ្យ កើត​មាន​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ឆាប់​ស្លាប់​ទៀត​ផង។

 

ក្រុម​ស្រាវជ្រាវ​នេះ​បាន​ត្រួត​ពិនិត្យ​ទិន្នន័យ​ពី ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​រដ្ឋ ទៅ​លើ​ប្រជាជន​អាល្លឺម៉ង់​រាប់​លាន​នាក់ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់ Rhine-Main ក្នុង​ប្រទេស​អាល្លឺម៉ង់ ខណៈ​តំបន់​មួយ​នេះ​រង​ការ​រំខាន​ពី ដង​ផ្លូវ ផ្លូវ​រថភ្លើង និង​សំឡេង​ចរាចរណ៍​ខ្លាំង។ ក្នុង​ការ​វិភាគ​ទៅ​លើ​អ្នក​ជំងឺ​ដែល​បាន​ស្លាប់ ដោយសារ​តែ​គាំងបេះដូង ក្នុង​អំឡុង​ឆ្នាំ២០១៤ និង ២០១៥ ​មូលហេតុ​សំខាន់​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​គឺ ការ​ប៉ះពាល់​នៃ​សំឡេង​រំខាន និង​ហានិភ័យ​នៃ​ជំងឺ​គាំង​បេះដូង។ ជា​មួយ​គ្នា​នេះ​ដែរ ពួក​គេ​បាន​រក​ឃើញ​ថា សំឡេង​រំខាន​ពី​យន្តហោះ គឺ​មាន​កម្រិត​ទាប​បំផុត បើ​ប្រៀបធៀប​ទៅ​នឹង សំឡេង​ចរាចរណ៍​តាម​ដង​ផ្លូវ​ធម្មតា និង​ផ្លូវ​រថភ្លើង។ អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​ទំនាក់ទំនង​រវាង​ផល​ប៉ះពាល់ នៃ​សំឡេង​រំខាន និង​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ដែល​បង្ក​ឡើង​ដោយ​សារ​តែ ការ​កើន​ឡើង​នៃ​ភាព​តានតឹង នៅ​ក្នុង​ផ្លូវ​ចិត្ត និង​រាង​កាយ។

 

 

លោក​វេជ្ជបណ្ឌិត Dr Andrea Seidler នៃ​សកល​វិទ្យាល័យ Technical University Dresden បាន​និយាយ​ថា «សំឡេង​រំខាន​នៃ​ចរាចរណ៍​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ស្មុគស្មាញ​ក្នុង​ផ្លូវចិត្ត និង​រាងកាយ»។ លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ទៀត​ថា «វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ បង្កើន​សម្ពាធ​ឈាម និង​ជីពចរ រហូត​អាច​បំផ្លាញ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ទៀត​ផង»៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail