ក្រោយ​បញ្ហា​នាំ​ចេញ​អង្ករ​​បន្ត​​ធ្លាក់​ចុះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ស្នើ​៣​ចំណុច​ទៅ​ក្រសួង​ពាណិជ្ជកម្ម

  • 2016-07-13 16:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​កន្លង​មក​បញ្ហា​នាំ​ចេញ​អង្ករ​​បន្ត​​ធ្លាក់​ចុះ រហូត​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ពី ១០- ២០ %​ បាន​ក្ស័យ​ធន ​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​ដើម្បី​ឲ្យ​មាន​ត្រួត​ពិនិត្យ​ច្បាស់​លាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ស្រូវ​អង្ករ​នេះ។

 

យោង​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​CRF) ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធី​វុធ បាន​ស្នើ​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទៅ​កាន់​ក្រសួង​ពាណិជ្ជកម្ម​ដូច​ជា៖

 

• ស្នើ​ឲ្យ​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​គុណភាព ដែល​ជា​សមាជិក​របស់​សហព័ន្ធ​ចូល​រួម​ត្រួត​ពិនិត្យ​គុណភាព​អង្ករ​មុន​អនុញ្ញាត​នាំ​ចេញ​ទៅ​កាន់​បរទេស។

  • ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ពន្លឿន​ការ​ចុះ​បញ្ជី​ម៉ាក​សម្គាល់​​និង​លក្ខណៈ​សំគាល់​អង្ករ​ខ្មែរ ។ ឧ៖ «អង្គរ​ម្លិះ Angkor Malis» ដែល​គណៈកម្មាធិការ​របស់​សហព័ន្ធ​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​និង​ដៃ​គូរ​អភិវឌ្ឍន៍​បាន​សម្រេច​និង​ស្នើ​ចុះ​បញ្ជី​រួច​ហើយ ដើម្បី​ងាយ​ស្រួល​ឲ្យ​ក្រុម​ការងារ​ធ្វើ​យុទ្ធនាការ​ទីផ្សារ​នៅ​បរទេស

  • ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ពង្រីក​រយៈពេល​នៃ​អាណត្តិ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​បាន​វែង តាម​ការ​ស្នើ​សុំ​របស់​ក្រុម​ប្រឹក្សា​ភិ​បាល​សហព័ន្ធ ក្នុង​រយៈពេល ៣​ទៅ​៤​ឆ្នាំ​ក្នុង​មួយ​អាណត្តិ។

 

យ៉ាង​ណា អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម លោក​ជំទាវ សូ ស្រី​ម៉ិច បាន​សន្យា​យក​សំណើ​ទាំង​អស់​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទៅ​ជម្រាប​ជូន ឯកឧត្តម រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ពិនិត្យ​និង​សម្រេច។

  គួរ​បញ្ជាក់​ថា ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​បន្ត​​ធ្លាក់​ចុះ​ ៤ ខែ​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​​ ៦ ​ខែ​នេះ​ខណៈ​វិស័យ​នេះ​ប្រឈម​​នឹង​បញ្ហា​ជាច្រើន​រហូត​ដល់​មាន​​ការ​ក្ស័យធនមួយ​ចំនួន​។ មក​ដល់​ពេល​នេះ​មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ចន្លោះ​ពី ១០ ទៅ ២០ ភាគ​រយ​បាន​ក្ស័យ​ធន​ហើយ​មួយ​ចំនួន​បាន​និង​កំពុង​ជម្នះ​បញ្ហា។

  យ៉ាង​ណា​លោក សុខ ពុទ្ធី​វុធ ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ថ្មី​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា CRF បាន​ប្ដេជ្ញា​នឹង​ជម្នះ​បញ្ហា​ដែល​មាន​នៅ​ក្នុង​ឧស្សាហកម្ម​នេះ៕

   

អត្ថបទ៖ លឹម សុ​នា