ទិដ្ឋភាព​ទីក្រុង​ខ្មោច​នៅ​ជប៉ុន ក្រោយ​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​៥ឆ្នាំ​មុន

  • 2016-07-13 16:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ជាង ៥ឆ្នាំ​មក​ហើយ ដែល​រលក​យក្ស​ស៊ូណាមិ និង​ការ​រញ្ជួយ​ដី​ទំហំ ៨.៩វ៉ិចទ័រ បាន​បំផ្លិចបំផ្លាញ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន ហើយ​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ នៅ​ក្នុង​ខេត្ត Fukushima ដែល​បង្ក​ឲ្យ​មនុស្ស​ប្រមាណ​ជា ១៥០ ០០០នាក់ បង្ខំ​ចិត្តចាក​ចេញ​ពី​លំនៅឋាន​ភ្លាមៗ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ខេត្ត​មួយ​នេះ​បាន​ក្លាយ​ជា​ខេត្ត​ខ្មោច និង​នៅ​តែ​ត្រូវ​បាន​គេ​បោះបង់​ចោល​ដដែល។

 

 

ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី១១ ខែ​មិនា ឆ្នាំ២០១១ ដោយ​រលក​យក្ស​ស៊ូណាមិ កម្ពស់​១៥ម៉ែត្រ បាន​បក់​បោក​ជញ្ជាំង​សមុទ្រ នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ បង្ក​ឲ្យ​ខូចខាត​ឧបករណ៍​មួយ​ចំនួន ដែល​អនុញ្ញាត​ឲ្យ​សារធាតុ​វិទ្យុសកម្ម​ភាយ​ចេញ​ក្រៅ រហូត​ដល់​មាន​ការ​ផ្ទុះ​តែម្តង។ គួរ​បញ្ជាក់​ផង​ដែរ​ថា វា​គឺ​ជា​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​ដ៏​អាក្រក់​បំផុត ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ Chernobyl ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ១៩៨៦ នៅ​ឯ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ «Chernobyl Nuclear Power Plant» ស្ថិត​ក្នុង​ទីក្រុង Pripyat ប្រទេស​អ៊ុយក្រែន។

 

ចាប់​តាំង​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១១ មក តំបន់​នៅ​ក្នុង​រយៈ​ចម្ងាយ ២០គីឡូម៉ែត្រ នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ «Fukushima Daiichi Nuclear Power» ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​សាធារណជន​ចេញចូល និង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា «តំបន់​ហាមឃាត់​ពណ៌ក្រហម» ទៀតផង។

 

មក​ទល់​នឹង​ពេល​នេះ អ្នក​ថតរូប​ជនជាតិ​ម៉ាឡេស៊ី មាន​ឈ្មោះ​ថា Keow Wee Loong បាន​ចូល​ទៅ​ក្នុង​តំបន់​ហាមឃាត់​មួយនេះ ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រន្ធត់ និង​ព្រឺព្រួច។ លោក Loong វ័យ២៧ឆ្នាំ រួមទាំង​មិត្តភ័ក្ដិ ២នាក់​ផ្សេង​ទៀត មាន​ឈ្មោះ​ថា Sherena Ng និង Koji Hori បាន​ចូល​ទៅ​កាន់​ទីក្រុង​ចំនួន៤ ដែល​ស្ថិត​ក្នុង​ខេត្ត Fukushima គឺ​ទីក្រុង Tomioka, Okuma, Namie និង Futaba។

 

លោក Loong បាន​ប្រាប់​ឲ្យ​ដឹង​ថា «ប្រជាជន​នៃ​ទីក្រុង​ក្នុង​តំបន់​ហាមឃាត់​ពណ៌ក្រហម​នេះ បាន​ចាកចេញ​យ៉ាង​រហ័ស សូម្បី​តែ​សំលៀកបំពាក់ ឬ​របស់របរ​មាន​តម្លៃ ក៏​មិន​យក​ទៅ​តាម​ខ្លួន​ដែរ។ ខ្ញុំ​បាន​រក​ឃើញ​លុយ មាស និង វត្ថុ​មាន​តម្លៃ​ជា​ច្រើន​ផ្សេង​ទៀត»។ យ៉ាង​ណា​មិញ ដោយ​សារ​តែ​មាន​កម្រិត​វិទ្យុសកម្ម​ខ្ពស់ លោក Loong និង​មិត្តភ័ក្ដិ មាន​ពេល​វេលា​កំណត់​ក្នុង​ការ​ដើរ​ផ្សងព្រេង​នេះ និង​ត្រូវ​ពាក់​របាំង​ឧស្ម័ន​ដើម្បី​ការពារ​ពួក​គេ ពី​ឧស្ម័ន​ពុល៕

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ dailymail

អត្ថបទពេញនិយម