រថភ្លើង​២គ្រឿង បើក​លើ​ផ្លូវ​ដែក​តែមួយ បុក​គ្នា​ពេញ​ទំហឹង ស្លាប់២៣នាក់

  • 2016-07-13 17:13:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន​២៣នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត និង​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​រថភ្លើង​ដឹក​អ្នក​ដំណើរ​២គ្រឿង​បុក​គ្នា​ពេញ​ទំហឹង នៅ​ក្នុង​តំបន់ Puglia ស្ថិត​ក្បែរ​ទីក្រុង Bari ភាគ​ខាងត្បូង​នៃ​ប្រទេស​អ៊ីតាលី កាល​ពី​វេលា​ម៉ោង១១ និង​៣០នាទី (ម៉ោង​ក្នុង​តំបន់) ថ្ងៃ​ទី១២ ខែ​កក្កដា ម្សិលមិញ​នេះ។

 

 

ក្រោយ​ពេល​កើតហេតុ ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ព្យាយាម​ជួយ​សង្គ្រោះ​អ្នកដំណើរ ចេញ​ពី​ទូ​រថភ្លើង ដោយ​ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​នោះ គឺ​ជា​ក្មេង​តូច ហើយ​ត្រូវ​បាន​គេ​ដឹក​តាម​ផ្លូវ​អាកាស បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ ជា​មួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ក្នុង​តំបន់ ក៏​បាន​ធ្វើ​ការ​អំពាវនាវ​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ផ្តល់​ឈាម ដើម្បី​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ផង​ដែរ។

 

ទោះ​​យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ ដែល​បង្ក​ឲ្យ​កើត​មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ឡើយ ប៉ុន្តែ​នៅ​ពេល​កើតហេតុ គេ​ឃើញ​រថភ្លើង​ទាំង​២គ្រឿង ស្ថិត​នៅ​លើ​ផ្លូវ​ដែក​តែ​មួយ។ បើ​តាម​សេចក្ដីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា រថភ្លើង​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​មក​ពី ទីក្រុង Andria និង​មួយ​គ្រឿង​ទៀត​មក​ពី ទីក្រុង Corato ខណៈ​រថភ្លើង​ទាំង២គ្រឿង បាន​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន។

 

មេ​បញ្ជាការ​ប៉ូលិស លោក Giancarlo Conticchio បាន​ប្រាប់​ឲ្យ​ដឹង​ថា «ពិត​ណាស់ រថភ្លើង​មួយ​គ្រឿង​ទៀត មិន​គួរ​ណា​ស្ថិត​នៅ​លើ​ផ្លូវ​ដែក​នោះ​ទេ ហើយ​វា​ច្បាស់​ណាស់​ថា​ជា​កំហុស។ យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​កំហុស​មួយ​នេះ»។

 

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ដើម​ឆ្នាំ២០១៦ កន្លង​ទៅ​នេះ មនុស្ស​ចំនួន​១១នាក់​បាន​ស្លាប់ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​ពី​រថភ្លើង​២គ្រឿង បើក​នៅ​លើ​ផ្លូវ​ដែក​តែមួយ​បុក​គ្នា​ពេញ​ទំហឹង នៅ​ឯ​ទីក្រុង Bad Aibling ក្បែរ​ព្រំប្រទល់​ប្រទេស​អូទ្រីស។ ក្រោយ​មក​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​រក​ឃើញ​ថា ឧបករណ៍​បញ្ជា​អនុញ្ញាត​ឲ្យ​រថភ្លើង​ទាំង២​បើក​លើ​ផ្លូវ​តែមួយ និង​បិទ​ប្រព័ន្ធ​សុវត្ថិភាព​ស្វ័យប្រវត្តិ ទើប​បង្ក​ឲ្យ​មាន​ហេតុការណ៍​នោះ​កើត​ឡើង៕

 

 

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ BBC