សហព័ន្ធ​កីឡា​អេឡិចត្រូនិក បង្កើត​ជា​ផ្លូវការ​នៅ​កម្ពុជា

  • 2014-10-30 23:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​សន្និបាត​លើក​ទី​១​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​​ប្រកាស​បង្កើត«​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports Federation Cambodia«EFC»)​ជា​ផ្លូវ​ការ​ស្រប​តាម​គោល​នយោបាយ​កីឡា​ជាតិ និងគោល​ការណ៍​​កីឡា E-Sports អន្តរជាតិ។ មហា​សន្និបាត​នេះ​​ក្រោម​អធិបតីភាព​ឯកឧត្ដម វ៉ាត់ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​​ទី​ស្តីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​ប្រព្រឹត្ត​ទៅ​​នា​ថ្ងៃទី៣០ខែតុលាឆ្នាំ២០១៤។

 

 

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាបាន​​លើក​ឡើង​​ថា ការ​បង្កើត​​ឲ្យ​មាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ពិត​ជា​​​ចូល​រួម​ចំណែកក្នុង​ការ​​​អភិវឌ្ឍ​​វិស័យ​កីឡា​​​នៅ​​ប្រទេស​​កម្ពុជា​​​ ស្រប​ពេល​កីឡា​នេះ​កំពុង​រីក​ចម្រើន​ទូទាំង​ពិភពលោក។

 

ឯក​ឧត្តម​បានឲ្យដឹង​​ថា ៖«ឆ្នាំ​២០០៩ ខ្ញុំ​​បាន​ចូល​រួម​ព្រឹត្តិការណ៍​​កីឡា​ Asian and Indoor Games ពេល​នោះ​សហព័ន្ធ​កីឡា​ទ្វីប​អាស៊ី​មាន​រៀប​ចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក ខ្ញុំ​បាន​ភ្ញាក់​ខ្លួន​ អ...​យើង​អត់​មាន ហើយ​គេ​សុំ​ឲ្យ​យើង​បង្កើត​ ​ព្រោះ​នៅ​ទ្វីប​អាស៊ី និង​អាស៊ាន​មាន​ច្រើន​ប្រទេស​ហើយ។ ប៉ុន្មានឆ្នាំ​​ចុង​ក្រោយ​នេះ យើង​ចង់​បង្កើត​វា​ឲ្យ​ចេញ​​ តែ​យើង​ខ្វះ​ធន​ធាន​មនុស្ស។ ទើប​តែ​ពេល​យើង​បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន Sabay ដើម្បី​រៀប​ចំ​បង្កើត​ជា​ផ្លូវ​ការ​ឡើង ពី​ព្រោះ​ Sabay មាន​ធន​ធាន​ស្រាប់»។

 

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មាន​មោទន​ភាព​ណាស់​ដែល​បាន​កំពុង​ធ្វើ​ឲ្យ​វិស័យកីឡា​មាន​ភាព​សំបូរ​បែប​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​​កីឡា​ជា​វិស័យ​មួយ​​មាន​ចរាចរណ៍​ទឹក​ប្រាក់​នៅ​លើ​ពិភព​លោកច្រើន​ជា​វិស័យ​សិល្បៈ​ទៀត។ ឯកឧត្តម​​បាន​បន្ថែម​ដោយបាន​បញ្ជាក់​ថា ៖«ម្យ៉ាង​ទៀត​យើង​បង្កើត​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​នេះ​គឺ​សម​ស្រប​តាម​សម័យ​កាល​បច្ចេកវិទ្យា​ទំនើប ហើយ​កីឡា​ក៏​មាន​ការ​វិវឌ្ឍឈាន​ទៅ​រក​ភាព​ទំនើប​កម្ម​ដ៏​សំបូរ​បែប»។

 

ឯកឧត្ដម​បាន​បង្ហាញ​​ពី​សមាសភាព​​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​សម្រាប់​អាណត្តិ​ទី​១​រយៈ​ពេល​៤​ឆ្នាំ​​(២០១៤-២០១៨)​មាន​​៩​រូប​គឺ​លោក​ ជី សិលា ជា​ប្រធាន លោក ង៉ោ សាង ជា​អនុប្រធាន លោក លន់ សាមឌី ជា​អគ្គលេខាធិការ និង​លោក​ ជាន ចាន់រ៉ា ជា​អគ្គលេខាធិការ​រង។ ​លោក​ស្រី ឡុង សុម៉ាលី ជាហិរញ្ញិក និង​សមាជិក​៤​រូប​ទៀត​គឺ​លោក វ៉ាន់ សំបូរ, លោក​ស្រី ជ វុទ្ធីរ៉ាន, លោក ហ៊ុយ អៀវ និង​លោក​ចាន់ សុវណ្ណារិទ្ធ។

 

​លោក ជី សិលា ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​លើក​ឡើង​ថា ការ​បង្កើត​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​នេះ​ឡើង​​គឺ​​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​​​វិស័យ​កីឡា​​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ព្រម​ទាំង​​​ជំរុញ​លើ​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​កីឡា​អេឡិចត្រូនិក​នៅ​កម្ពុជា​ឲ្យ​ស្រប​តាម​គោល​នយោបាយ​កីឡា​ជាតិ និង​គោលការណ៍​​កីឡា E-Sports អន្តរជាតិ។

 

លោក​​បាន​បន្ថែម​ថា ៖«​កីឡា​អេឡិចត្រូនិក​នឹង​ជួយ​​បណ្ដុះ​ប្រាជ្ញា​ ស្មារតី​ និង​ភាព​ឆ្លាត​វ៉ៃ​​របស់​អត្តពលិក​ ហើយ​ជំរុញ​និង​លើក​កម្ពស់​កីឡា​អេឡិចត្រូនិក​តាម​រយៈ​តម្លៃ​នៃ​មនុស្ស​ជាតិ​អប់រំ​វប្បធម៌​សាមគ្គី​និង​សន្តិភាព។ លើ​ស​ពី​នេះ ​​យើង​នឹង​រៀប​ចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​ ដោយ​ប្រកាន់​ភ្ជាប់​នូវ​និយាម​បច្ចេកទេស (Fair Play»។

 

លោក​ប្រធាន​បាន​រំលឹក​ពី​ប្រវត្តិ​កីឡា E-Sports ថា កីឡា​អេឡិចត្រូនិក​​​ត្រូវ​បាន​គេ​ស្គាល់​និង​រៀបចំ​ការ​ប្រកួត​ដំបូង​តាំង​ពី​ឆ្នាំ១៩៧២នៅ​សហរដ្ឋអាមេរិក។ បន្ទាប់​មក​ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​«IeSF»​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨​ ដោយ​មាន​សមាគម​កីឡា​អេឡិចត្រូនិក​ចំនួន​៩​គឺ​ដាណឺម៉ាក​ កូរ៉េខាងត្បូង អាល្លឺម៉ង់ អូទ្រីស បែលហ្ស៊ិក ហុល្លង់ ស្វីស វៀតណាម និង​កោះ​តៃវ៉ាន់។

 

សហព័ន្ធ​​អន្តរជាតិ​នេះ​មាន​ទី​ស្នាក់​ការ​កណ្ដាល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​​បច្ចុប្បន្ន​​​​មាន​សមាជិក​ចំនួន​​៤៦ប្រទេស​​នៅ​លើ​​ពិភពលោក​ក្នុង​នោះ​ទ្វីប​អឺរ៉ុប​មាន២១ ប្រទេស ទ្វីបអាស៊ីមាន១៧ប្រទេស ទ្វីបអាហ្វ្រិកមាន៤ប្រទេស ទ្វីបអាមេរិក​មាន៣ប្រទេស និងទ្វីបអូសេអានីមាន១ប្រទេស។

 

ចំណែក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (អាស៊ាន)​មាន​ប្រទេស​ចំនួន​៦​បាន​ចូល​ជា​សមាជិក​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​រួច​ហើយ​គឺ​ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម ដែល​បាន​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ៕

 អត្ថបទ៖ ម៉ឺន រស្មី