បងប្អូន​​​បែក​គ្នា​​៧​៣​ឆ្នាំ​ បាន​ជួប​គ្នា​ស្វាគមន៍​​ដោយ​ទឹក​ភ្នែក

  • 2016-07-15 13:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូន​ស្រី​​​​ជនជាតិ​ចិន​​មួយ​គូ​​​ បាន​​​ធ្វើ​ឲ្យ​គ្រប់​គ្នា​​​ស្ទើរ​ស្រក់​ទឹក​ភ្នែក​ ពេល​​បាន​ឃើញ​​រូបថត និង​ដឹង​​រឿង​រ៉ាវ​​ក៏​កម្សត់​របស់​អ្នក​ទាំង​ពីរ ​ក្រោយ​បែក​​គ្នា​​អស់​ជាង​​ ៧៣​ឆ្នាំ។

 

 

លោក​យាយ​​ Ai Shuzhang ​ជា​បងស្រី​អាយុ​​​ ៨១​ឆ្នាំ​ និង​​​​លោក​យាយ​ Li Shurong ជា​ប្អូន​ស្រី​ ​​បាន​សម្រក់​​ទឹក​ភ្នែក​​​​​​​រៀង​ៗ​ខ្លួន​​​ ពេល​បាន​ជួប​គ្នា​​​​នៅ​​​ព្រលាន​​យន្ត​ហោះ Guangzhou Baiyun ​ភាគ​ខាង​ត្បូង​ប្រទេស​​ចិន​ កាល​ប៉ុន្មាន​ថ្ងៃ​​​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ​​​​​​​​​

 

​ងាក​​ទៅ​មើល​ពី​អតីតកាល​វិញ នៅ​ឆ្នាំ​ ១៩៤៣ ដោយ​សារ​​តែ​​​ជីវភាព​​គ្រួសារ​ពេល​នោះ​ក្រីក្រ​តោក​យាក​ពេក​ លោក​យាយ​ Li Shurong ជា​ប្អូន​​​​​ ត្រូវ​បាន​ឪពុក​​យក​ឲ្យ​​ទៅ​រស់​​នៅ​ជាមួយ​​អ្នក​ជិត​ខាង​​​​កាល​អាយុ​​ ៦​ឆ្នាំ​។ ​​លោក​យាយ​ Li ​បាន​ធ្វើ​ដំណើរ​​​ជិត​ ៣០០០​​គីឡូម៉ែត្រ​​​​ ​​ពី​ទីក្រុង​ Changchun ​​ភាគ​ឦសាន​ប្រទេស ​ដើម្បី​​មក​ជួប​បង​ស្រី​​នៅ​​ទីក្រុង​​ខាង​លើ។

 

​​​​​​​​​​អំឡុង​ពេល​ជួប​គ្នា​​​ យាយ​ Ai បាន​​ឱប​ប្អូន​ស្រី​​​​​​យំ​ទាំង​ក្ដុកក្ដួល​​​ថា​ "​​អស់​រយៈពេល​​ជា​ច្រើន​ឆ្នាំ​​​ ​​ទីបំផុត​បង​​​​បាន​រក​ឃើញ​ប្អូន​ហើយ។​ ​​បង​សុំ​ទោស​​ ដែល​បង​មិន​អាច​ការពារ​​​​មើល​ថែ​ប្អូន​បាន​ល្អ"។

 

បើ​​តាម​ប្រភព​​ ​​ ​អ្នក​ទាំង​ពីរ​បាន​​កើត​​ក្នុង​​​ស្រុក​ Funing ​ខេត្ត​ហេបេ​ ភាគ​កណ្ដាល​ប្រទេស​ចិន។ ​​លោក​យាយ​ Li ​កើត​​​ក្នុង​​ឆ្នាំ​ ១៩៣៧​ ​​​ចំ​ពេល​ប្រទេស​​​កំពុង​​ប្រឈម​មុខ​​​ជាមួយ​ជប៉ុន​​ ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ​។ ​​អ្នក​ទាំង​ពីរ​​មាន​​បងប្អូន​ ៣​នាក់ ​ដោយ​​ប្អូន​​​ស្រី​ពៅ​ ​បាន​ឲ្យ​​ទៅ​គ្រួសារ​​​ផ្សេង​​មួយ​ទៀត​​នៅ​ឆ្ងាយ​​ពី​គ្នា​។

 

លោក​យាយ​ Li រម្លឹក​ថា​​​​ ឪពុក​គាត់​​ ​ត្រូវ​គេ​បង្ខំ​​​​ឲ្យ​​ទៅ​ចូល​រួម​ប្រយុទ្ធ​​​នៅ​សមរភូមិ​ ហើយ​​ម្ដាយ​​​​​ត្រូវ​គេ​បង្ខំ​​​​ឲ្យ​​ទៅ​​​ធ្វើការ​ជា​​មេដោះ​​​​ក្នុង​គ្រួសារ​អ្នក​មាន​មួយ។ ក្រោយ​ឪពុក​​​​​​​ចូល​​​ប្រយុទ្ធ​បាន​​ពីរ​បី​ឆ្នាំ​ ​​គាត់​បាន​ត្រឡប់​​​​មក​ផ្ទះ​​​​វិញ​​​ តែ​សុខភាព​​​​ចុះ​ខ្សោយ​​ទ្រុឌទ្រោម ដូច្នេះ​​​​គាត់​មិន​អាច​មើល​ថែ​កូន​បាន​ទេ។ ​គាត់​ក៏​បាន​​សម្រេច​ចិត្ត​​​ឲ្យ​កូន​​​ស្រី​ ៣​​ ទៅ​រស់​​​នៅ​ជាមួយ​គេ​តែ​ម្ដង។ ​​​លោក​យាយ​​ Ai ​បន្ថែម​ថា ​​ឪពុក​​​​គាត់​​​​​សម្រេច​ចិត្ត​​ទុក​​​គាត់​ ព្រោះ​គាត់​មាន​អាយុ​​៩​ឆ្នាំ​​ច្រើន​គេ ខណៈ​​កូន​ពៅ​អាយុ​​២​ឆ្នាំ។

 

កាល​ពី​ខែ​​​មេសា ​​កូន​ប្រុស​​របស់​​លោក​យាយ​ Li ​​​បាន​​ផ្ញើ​សារ​ទៅ​កាន់​​គេហទំព័រ​ចិន​​ល្បី​​ខាង​ជួយ​ស្វែង​រក​​​សាច់ញាតិ​គ្រួសារ​ព្រាត់​គ្នា​ ​ហើយ​​ទើប​​ទាក់​ទង​​​​​គ្រួសារ​​យក​​​​​​លោក​យាយ​ Ai ទៅ​ចិញ្ចឹម​ និង​រក​ឃើញ​​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​តែម្ដង៕

 

 

 

 

 

 

 

 

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Dailymail ​​​​​​​​​​​​​​​​​​​​​