​បាល់ទាត់​វ័យ​ចាស់​លក្ខណៈ​អន្តរជាតិ ​ប្រមូល​លុយ​ជូន​គន្ធបុប្ផា​​ ចាប់​ផ្ដើម​ចុង​ខែ​នេះ

  • 2016-07-15 21:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ប្រកួត​បាល់ទាត់​វ័យ​ចាស់​​ ​ដើម្បី​ប្រមូល​​ថវិកា​​ជូន​​​មន្ទីរ​កុមារ​ពេទ្យ​គន្ធបុប្ផា ដែល​កំណត់​អាយុ​​​លើស​ពី​ ៤០​ឆ្នាំ​ឡើង​ទៅ​ ​ជា​លក្ខណៈ​អន្តរជាតិ​​ នឹង​ចាប់​ផ្ដើម​ប្រកួត​​​នៅ​​ចុង​ខែ​នេះ​ពោល​គឺ​ថ្ងៃ​​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៦ ​​នៅ​​កីឡដ្ឋាន​ RSN ​របស់​ភ្នំពេញ​ក្រោន​។

 

 

​​​លោក Steven Krupa ​អ្នក​រៀប​ចំ​កម្មវិធី​ ​LKC 8th IFC International Soccer 9s Tournment 2016 ​​បាន​ឲ្យ​ដឹង​ថា កីឡាករ​​ដែល​មក​ចូល​រួម​លេង​ពាន​​​​នេះ មក​ពី​ ៧​ប្រទេស​។ ​​ក្រុម​​ចូល​រួម​សរុប ​មាន​ចំនួន ១៨​បែង​ចែក​ជា​ ៤​ពូល​​ពីរ​ពូល​មាន ៤​ក្រុម និង​​ពីរ​ពូល​ផ្សេង​ទៀត​មាន៥​ក្រុម។

 

​​​អ្នក​រៀប​ចំ​រូប​នេះ​​បន្ថែម​ថា គ្រប់​ក្រុម​ចូលរួម​ត្រូវ​បង់​​ ៦០០​ដុល្លារ​អាមេរិក​​​ ហើយ​បើ​​គិត​មក​ដល់​ពេល​នេះ​ក្រុម​ការ​ងារ​របស់​លោក​ប្រមូល​ប្រាក់​បាន​៥​ពាន់​ដុល្លារ​​​ហើយ​ដើម្បី​ត្រៀម​ជូន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ទោះ​ជា​យ៉ាង​ណា ​តាម​ការ​គ្រោង​ទុក​​កម្មវិធី​​នេះ នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ប្រមូល​ប្រាក់​ពី​ការ​រៀប​ចំ​ខាង​​លើ​​ឲ្យ​បាន​យ៉ាង​តិច១​ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ដល់​មន្ទីរ​ពេទ្យ​ដែល​កំពុង​ត្រូវ​ជំនួយ​​មួយ​នេះ​។

 

​ជា​មួយ​គ្នា​​នោះ​​លោក ឬទ្ធី សំណាង ​ម្ចាស់​ក្លឹប​ភ្នំពេញ​ក្រោន​ ដែល​ចូល​រួម​សហការ​បង្កើត​កម្មវិធី​សប្បុរសធម៌​នេះ​បាន​លើក​ឡើង​​ថា ​លោក​ពិត​ជា​សប្បាយ​ចិត្ត​​ ដែល​អាច​ចូល​រួម​ចំណែក​ជួយ​​ក្នុង​កិច្ច​ការ​មនុស្សធម៌​​​។ ​​ជា​ការ​ពិត​ ​កម្មវិធី​នេះ នឹង​អាច​កៀរគរ​​​​ជន​បរទេស​ មក​​ទេសចរណ៍​នៅ​ក្នុង​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន។

 

 

​ប្រធាន​ក្លឹប​រូប​នេះ​​​បាន​បន្ថែម​ថា ​​​​ការ​ទទួល​ធ្វើ​កម្មវិធី​បែប​នេះ ​វា​ជា​ផល​ចំណេញ​មួយ​​ដល់​កម្ពុជា​ ​ដែល​អាច​បង្ហាញ​ពី​សក្ដានុពល​​​នៃ​វិស័យ​បាល់ទាត់​ដល់​ប្រទេស​​ផ្សេង។ បន្ថែម​លើស​ពី​នេះ កម្មវិធី​ក៏​អាច​​​បង្ហាញ​​ប្រទេស​ដទៃ​ឲ្យ​បាន​ដឹង​ថា កម្ពុជា​អាច​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​អន្តរជាតិ​​ដែរ។

 

​​កម្មវិធី​ប្រកួត​នេះ​ នឹង​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​នៅ​លើ​ទីលាន​ចំនួន​ពីរ​របស់​ភ្នំពេញ​ក្រោន កីឡាករ​លេង​លើ​ទី​លាន​មាន​ចំនួន ៩​នាក់​​ ដែល​មាន ៦​នាក់​បម្រុង​។ ក្រុម​ចូល​រួម​ទាំង​អស់ ​ក៏​មាន​​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ផង​ដែរ៕

 

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​