កូន​កតញ្ញូ​លួច​មើល​ថែ​ម្ដាយ​បង្កើត​អស់​ ៩ ឆ្នាំ​ ​​មិន​ហ៊ាន​ឲ្យ​ប្រពន្ធ​ដឹង​

  • 2016-07-17 19:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ចិន​មួយ​រូប​ឈ្មោះ​ Liu Xiangli កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្ដា​អ្នក​លេង​អ៊ីនធឺណិត​ បន្ទាប់​ពី​ដឹង​ថា​គាត់​បាន​លួច​មើល​ថែ​ម្ដាយ​របស់​ខ្លួន​ដោយ​ស្ងាត់ៗ​អស់​រយៈពេល​ ៩ ឆ្នាំ​ ដោយ​មិន​ឲ្យ​ប្រពន្ធ​ដឹង​ឡើយ។

 

 

កាល​ពី​ឆ្នាំ​ ១៩៨៥ លោក​ Liu បាន​រៀបការ​ជា​មួយ​នារី​ម្នាក់​ឈ្មោះ​ Zhao Zongcui ហើយ​​បាន​ក្លាយ​ជា​អ្នក​ស្នង​មរតក​ទាំង​អស់​របស់​​គ្រួសារ​ Zhao រួម​ទាំង​ជា​អ្នក​​ទទួល​ខុស​ត្រូវ​ដ៏​ធំ​មួយ​ក្នុង​គ្រួសារ។ លោក Liu បាន​ប្រឹង​ប្រែង​ធ្វើ​ការ​រហូត​ដល់​ឆ្នាំ​ ២០០៤ មាន​លទ្ធភាព​​ទិញ​ផ្ទះ​បាន​មួយ​ខ្នង ដោយ​សង្ឃឹម​ថា​នឹង​អាច​យក​ម្ដាយ​របស់​ខ្លួន​មក​ស្នាក់​នៅ​ជា​មួយ​បាន​ ប៉ុន្តែ​ត្រូវ​ភរិយា​របស់​ខ្លួន​ជំទាស់។

 

ទី​បំផុត​នៅ​ឆ្នាំ​ ២០០៧ អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​ Liu ទទួល​​សម្រេច​ទៅ​ទទួល​ម្ដាយ​របស់​ខ្លួន​មក​នៅ​ជា​មួយ ប៉ុន្តែ​ម្ដាយ​របស់ Liu និង​ប្រពន្ធ​ហាក់​ដូច​ជា​មិន​ត្រូវ​គ្នា​សោះ។ ​នៅ​ក្នុង​​មួយ​សប្ដាហ៍ ជម្លោះ​រវាង​​ម្ដាយ​ក្មេក និង​ កូន​ប្រសារ​កាន់​តែ​អាក្រក់​ទៅ រហូត​ដល់​ Zhao គំរាម​សម្លាប់​ខ្លួន ​​ប្រសិន​បើ​ម្ដាយ​ក្មេក​មិន​ព្រម​រើ​ចេញ​ឲ្យ​លឿន​ទេ​នោះ។

 

 

ដើម្បី​រក្សា​ក្ដី​សុខ​ក្នុង​គ្រួសារ​ Liu មិន​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​កូន​អកតញ្ញូ​​ដោយ​បញ្ជូន​ម្ដាយ​ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ជួល​ផ្ទះ​នៅ​​ ជិតៗ​ផ្ទះ​របស់​ខ្លួន​ ឲ្យ​ម្ដាយ​ស្នាក់​នៅ។ រយៈ​ពេល​ ៩ ឆ្នាំ​គាត់​បាន​លួច​មើល​ថែ​ម្ដាយ​ រហូត​ដល់​​​ថ្ងៃ​មួយ​ ម្ដាយ​របស់​ខ្លួន​ និង​ ប្រពន្ធ​ បាន​ជួប​គ្នា​នៅ​ឯ​ផ្សារ​។

 

 

Zhao ជា​ប្រពន្ធ​ រន្ធត់​ចិត្ត​ និង​ខឹង​ជា​ខ្លាំង​ដែល​ ប្ដី​របស់​នាង​ បាន​លាក់​បាំង​ការ​ពិត​អស់​រយៈ​ពេល​ជិត​ ១០​ ឆ្នាំ។ ត្បិត​ថា​មិន​សប្បាយ​ចិត្ត​នឹង​រឿង​នេះ​ក្ដី​ប៉ុន្តែ​ចុង​ក្រោយ​ Zhao ​ឯកភាព​ថា​ ពួក​គេ​ទាំង​ពីរ​គួរ​តែ​មើល​ថែ​ម្ដាយ​ដែល​មាន​វ័យ​ចំណាស់៕​​​​​​​​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ Shanghaiist​

​​​​​​