ម្តាយ​ស្លុត​ចិត្ត ក្រោយ​កូនស្រី​ត្រូវ​រថយន្ត​បុក ព្រោះ​រវល់​តែ​លេង​ហ្គេម Pokémon Go

  • 2016-07-18 22:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងស្រី​អាយុ១៥ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Autumn Diesroth ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​បុក ខណៈ​កំពុងតែ​លេង​ហ្គេម «Pokémon Go» ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង ៥ និង ២០នាទី ថ្ងៃអង្គារ ទី១២ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង Tarentum រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ហើយ​បណ្ដាល​ឲ្យ​នាង​រង​របួស​ត្រង់​ឆ្អឹង​ដងកាំបិត ជើង និង​ជាំមុខ។

 

 

អ្នកស្រី Tracy Nolan ត្រូវ​ជា​ម្តាយ​របស់​នាង Autumn បាន​ប្រាប់​ឲ្យ​ដឹង​ថា «នាង (Autumn) បាន​និយាយ​ថា ម៉ាក់! ខ្ញុំ​បាន​លឺ​អំពី​ហ្គេម Pokemon Go ហើយ​ខ្ញុំ​ចង់​សាកល្បង​លេង​វា... ឲ្យ​ទូរសព្ទ​ម៉ាក់​មក​ខ្ញុំ​មក»។ នៅទីបំផុត នាង Autumn ក៏​ទទួល​បាន​ទូរសព្ទ​ម្តាយ​នាង ហើយ​បាន​ចាប់​ផ្តើម​លេង​តែម្តង។ មិន​យូរ​ប៉ុន្មាន ហ្គេម​ដើរ​ចាប់​សត្វ​ចម្លែកៗ​មួយ​នេះ បាន​នាំ​នាង​ទៅ​ដល់​ផ្លូវ Hightway ដ៏​ធំ​មួយ ដែល​ទី​នោះ​ហើយ​គឺ​ជា​កន្លែង​កើត​ហេតុ​។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​បើកបរ​រថយន្ត​មិន​បាន​ចាកចោល​នាង​ឡើយ រហូត​ដល់​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

 

យ៉ាងណាមិញ អ្នកស្រី Nolan បាន​ណែ​នាំ​ថា «ឪពុក​ម្តាយ​មិន​គួរ​អនុញ្ញាត​ឲ្យ​កូនៗ​របស់​អ្នក​លេង​ហ្គេម​នេះ​ឡើយ ព្រោះ​អ្នក​ប្រាកដ​ជា​មិន​ចង់​ឆ្លង​កាត់​រឿង ដែល​ខ្ញុំ​បាន​ឆ្លង​កាត់​ឡើយ... ខ្ញុំ​ពិត​ជា​បាន​គិត​ថា ខ្ញុំ​នឹង​បាត់បង់​កូន​ស្រី​របស់​ខ្ញុំ»៕

 

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ nextshark