មនុស្ស៥នាក់លោត​ចូល​ទឹកទន្លេជួយ​សង្គ្រោះ​ស្រី​ម្នាក់ ចុង​ក្រោយ​ស្លាប់​ទាំង​អស់

  • 2016-07-19 15:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ចំនួន៦នាក់​បាន​លង់​ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម បន្ទាប់​ពី​នារី​ម្នាក់​លោត​ចូល​ទឹក​ទន្លេ​ធ្វើ​អត្តឃាត ហើយ​ត្រូវ​មនុស្ស​៥​នាក់​ទៀត​លោត​តាម​ទាំង​ក្លាហាន ដើម្បី​ជួយ​សង្គ្រោះ​នាង​ពី​ការ​ធ្វើ​អត្តឃាត។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង កាល​ពី​វេលា​ម៉ោង៦ និង ៤៥នាទី​ល្ងាច ថ្ងៃ​អាទិត្យ ទី១៧ ខែ​កក្កដា ឆ្នាំ២០១៦ កន្លង​ទៅ​នេះ នៅ​ក្នុង​ទីក្រុង Dunhuang ខេត្ត Gansu ប្រទេស​ចិន។

 

 

នៅ​មុន​ពេល​កើត​ហេតុ មិត្ត​រួម​ការងារ​ចំនួន​៥នាក់ មក​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ កំពុង​តែ​អង្គុយ​លេង​ជុំ​គ្នា​ទទួល​ទាន​អាហារ និង​ភេសជ្ជៈ​យ៉ាង​សប្បាយ​រីករាយ។ រំពេច​នោះ​ស្រាប់​តែ​នារី​វ័យ១៩ឆ្នាំ​ម្នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​នោះ មាន​ឈ្មោះ​ថា ម៉ា បាន​និយាយ​ថា នាង​មិន​ចង់​រស់​នៅ​ត​ទៅ​ទៀត​ឡើយ ហើយ​ក៏​លោត​ចូល​ទឹក​ទន្លេ​ក្បែរ​នោះ​តែម្ដង។

 

ដំបូង​ឡើយ​នារី​រងគ្រោះ​ត្រូវ​មិត្ត​រួម​ការងារ​៤នាក់ ជួយ​សង្គ្រោះ​នាង​បាន​សម្រេច​ដោយ​ទាញ​នាង​ចេញ​ពី​ក្នុង​ទឹក។ ផ្ទុយទៅវិញ ដោយសារតែ​មិន​ចង់​រស់ នារី​រងគ្រោះ​បាន​ត្រលប់​ទៅ​លោត​ចូល​ទឹក​ទន្លេ​វិញ ធ្វើ​ឲ្យ​មិត្ត​រួម​ការងារ ៤នាក់ និង​អ្នក​លក់​អាហារ​ក្បែរ​នោះ​ម្នាក់​ដែរ លោត​ចូល​ទៅ​តាម​ដើម្បី​ជួយ​នាង។ តែ​ជា​អកុសល មនុស្ស​ទាំង​៦នាក់​ដែល​លោត​ចូល​ទឹក​ទន្លេ​នោះ​បាន​លង់​ស្លាប់​ទាំង​អស់​តែម្តង៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ shanghaiist