ហេតុ​អ្វី​បាន​ជា​ សេន ប៊ុនថេន មិន​ឡើង​វ៉ៃ​ញឹកញាប់?

  • 2016-07-21 16:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​រន្ទះ​ជើង​​ធ្ងន់​​ សេន​ ប៊ុនថេន​ មិន​សូវ​មាន​វត្តមាន​លើ​សង្វៀន​ប្រកួត​ញឹកញាប់​ទេ​​​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​លេច​មុខ​ឡើង​វ៉ៃ​សា​ថ្មី​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ហើយ​ក៏​បាត់​មុខ​វិញ។

 

ពាក់​ព័ន្ធ​នឹង​អវត្តមាន​នេះ​ សេន​​ ប៊ុនថេន ​បាន​ប្រាប់​ Sabay​ ​​ថា​ រូប​គេ​បាត់​មុខ​ពី​សង្វៀន​យូរ​ ដោយ​សារ​តែ​រូប​គេ​វ័យ​កាន់​តែ​​ច្រើន​ និង​​កម្លាំង​មិន​ខ្លាំង​ដូច​មុន​។ ​ការ​ញុំា​អាហារ​​ច្រើន​យ៉ាង​ណា​ក៏​មិន​សូវ​មាន​កម្លាំង​កំហែង​ខ្លាំង​ដូច​មុន​​ និង​​ហ្វឹក​ហាត់​ក៏​មិន​សូវ​​ពេញ​លេញ។

 

ប៊ុនថេន​និយាយ​ថា ៖«ពី​មុន ខ្ញុំ​ញុំា​អាហារ​តិច​តូច​ ក៏​មាន​កម្លាំង​​ហ្វឹកហាត់​ដែរ។ និយាយ​ទៅ​ពី​មុន​ ខ្ញុំ​ក្មេង​មាន​កម្លាំង​កំហែង​មាំ​មួន។ ម្យ៉ាង​ទៀត​ ខ្ញុំ​បារម្ភ​​​មាន​បញ្ហា​អី​កើត​ឡើង​ដោយ​យថា​ហេតុ​ ដូច​បាក់​ដៃ​ បាក់​ជើង​ជា​ដើម​ ហើយ​ខ្វះ​លុយ​ព្យាបាល​ ព្រោះ​ឥឡូវ​នេះ​ប្រាក់​តម្លៃ​ខ្លួន​ឡើង​ប្រកួត​ក៏​នៅ​មាន​កម្រិត​ថែម​ទៀត។ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​មិន​ចង់​ឡើង​វ៉ៃ​ញឹកញាប់​ទេ»។​

​ បើ​ទោះ​ជា​មាន​​ហេតុ​ផល​យ៉ាង​នេះ​​ក្តី​ ក៏​ជើង​ខ្លាំង​គុន​ខ្មែរ​ សេន ប៊ុន​​ថេន​ មិន​បោះ​បង់​​អាជីព​កីឡា​ប្រដាល់​ឡើយ។ ​កីឡាករ​រូប​នេះ​​ប្រាប់​ថា​ ​យូរ​ៗ រូប​គេ​នឹង​ឡើង​វ៉ៃ​ម្តង​ ​ដើម្បី​​​កុំ​ឲ្យ​អ្នក​គាំទ្រ​ភ្លេច​​រូប​គេ។

 

បច្ចុប្បន្ន​ សេន ប៊ុនថេន​ កំពុង​បង្ហាត់​ក្បាច់​គុន​បុរាណ​ខ្មែរ​នៅ​ក្លឹប​ Prokout។ នៅ​ពេល​ខាង​មុខ​ រូប​គេ​គិត​ចង់​បបួល​មិត្តភ័ក្ដិ​​បើក​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​​ក្នុង​គោល​បំណង​​ថែ​រក្សា​ក្បាច់​គុន​បុរាណ​ខ្មែរ​ និង​​អាច​ជា​អាជីព​មួយ​សម្រាប់​ចិញ្ចឹម​ជីវិត​ ពី​ព្រោះ​រូប​គេ​ស្រលាញ់​ក្បាច់​គុន​បុរាណ​ខ្មែរ​ និង​គ្មាន​ជំនាញ​អ្វី​​សម្រាប់​ធ្វើ​ការងារ​ផ្សេង។

 

 

ការ​ប្រកួត​ចុង​ក្រោយ​របស់ សេន ប៊ុនថេន​​បាន​​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​មួយ​តាម​រយៈ​ការ​វាយ​កែង​នៅ​សង្វៀន​ CNC​ ​កាល​ពី​ថ្ងៃ​ទី​​១៦​ ខែ​មេសា ឆ្នាំ​២០១៦៕

 

អត្ថបទ៖ នួន ស៊ីណា​​