Ezecom ឧបត្ថម្ភ​កម្មវិធី Hub Academy លើក​កម្ពស់​សហគ្រិន​ភាព​នៅ​កម្ពុជា

  • 2016-07-21 21:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិន​វ័យ​ក្មេង​នៅ​កម្ពុជា បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​ភាព​ជា​អ្នក​ដឹកនាំ និង​ការ​កសាង​ក្រុម (Leadership and Team Building) កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Hub Academy រៀបចំ​ដោយ Impact Hub Phnom Penh និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​លំដាប់​ខ្ពស់​នៅ​កម្ពុជា អ៊ីហ្ស៊ីខម (Ezecom)។

 

យុវជន​វ័យ​ក្មេង​២៣​រូប ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ចូល​រួម​ក្នុង​កម្មវិធី​សិក្សា​រយៈ​ពេល​ពេញ​១ឆ្នាំ ដើម្បី​មាន​លទ្ធភាព​សិក្សា​ស្វែង​យល់​ពី​របៀប​នៃ​ការ​ប្រើ​ប្រាស់​សក្តានុពលរ​បស់​ពួកគេ សំដៅ​ធ្វើ​យ៉ាង​ណា​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​សហគមន៍ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​នៅ​ពេល​អនាគត។

 

 

លោក ហង្ស សៀងហេង ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន QuanDat តែ​មាន​បំណង​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ​នោះ បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​នា​ចុង​សប្តាហ៍​នេះ បាន​ធ្វើឲ្យ​លោក​មាន​ឱកាស​ចែក​រំលែក​គំនិត​យោបល់ និង​កសាង​ទំនាក់​ទំនង​ជាមួយ​អ្នក​ដែល​មាន​គំនិត​អាជីវកម្ម​ដូចគ្នា។ លោក​ថា៖ "នៅ​ក្នុង​បរិយាកាស​មួយ​ដែល​មាន​មនុស្ស​ផ្តល់​គំនិត​ល្អៗ និង​មាន​ឆន្ទៈ​ចែក​រំលែក​បទ​ពិសោធន៍​នោះ គឺ​ពិត​ជា​បាន​ជួយ​ឲ្យ​ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ពី​បញ្ហា​ផ្សេងៗ ដែល​ខ្ញុំ​ចាំបាច់​ត្រូវ​ធ្វើ ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ខ្ញុំ​ទទួល​បាន​ជោគជ័យ"។

 

លោក​បន្ត​ថា៖ "ភាព​ជា​អ្នក​ដឹកនាំ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​មួយ។ ដូច្នេះ​នៅ​ចុង​សប្តាហ៍​នេះ ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​ពី​របៀប​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​ម្នាក់ ហើយ​ដែល​ខ្ញុំ​អាច​យក​ទៅ​អនុវត្ត​បាន​ទាំង​នៅ​ក្នុង​ការ​ងារ​បច្ចុប្បន្ន និង​នៅ​ពេល​ដែល​ខ្ញុំ​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន។ ភាព​ជា​អ្នក​ដឹកនាំ​មិន​សំដៅ​លើ​ការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ការ​កសាង​ក្រុម​ដ៏​រឹងមាំ​មួយ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​ក្នុង​ការ​សម្រេច​បាន​ចក្ខុវិស័យ​រួម​នោះ ក៏​ជា​កត្តា​សំខាន់​ផង​ដែរ"។

 

កម្មវិធី​នៅ​ចុង​សប្តាហ៍​នេះ រួម​មាន​ការ​ពិភាក្សា​ជា​ក្រុម ការ​សិក្សា​ពី​ដំណោះ​ស្រាយ​ផ្សេងៗ​ទាក់​ទង​នឹង​ការ​បង្កើត​អាជីវកម្ម​ដែល​ជោគជ័យ ដោយ​សង្កត់​ធ្ងន់​លើ​អាជីវកម្ម​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​សង្គម និង​ផ្តល់​ផល​វិជ្ជមាន​ដល់​សហគមន៍​របស់​ខ្លួន។

 

 

លោក Yves Schaeffer អគ្គនាយក​ក្រុមហ៊ុន Ezecom ថ្លែង​ថា ដោយ​សារ Ezecom ឈរ​លើ​ទស្សនៈ​នៃ​ការ​ធ្វើ​អាជីវកម្ម​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម​នោះ ទើប​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឧបត្ថម្ភ​ក្នុង​កម្មវិធី​នេះ។

 

លោក​ថា៖ "យើង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា ដែល​បង្កើត​ឲ្យ​មាន​កម្មវិធី​ជួយ​ដល់​សង្គម។ ដូច្នេះ យើង​ពិត​ជា​រីករាយ​ណាស់ ដែល​ឃើញ​ម្ចាស់​អាជីវកម្ម​ជំនាន់​ក្រោយ​យល់​ដឹង និង​អនុវត្ត​គោលការណ៍​នេះ​ទៅ​ក្នុង​អាជីវកម្ម​របស់​ពួកគេ។ ដើម្បី​បង្កើត​អាជីវកម្ម​មួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ ចាំបាច់​យើង​ត្រូវ​ធ្វើឲ្យ​អាជីវកម្ម​របស់​យើង​ជោគជ័យ​ជា​មុន​សិន។ នៅ​ពេល​ខ្ញុំ​ក្រឡេក​ឃើញ​យុវជន​ដែល​មាន​ទេពកោសល្យ​ក្នុង​កម្មវិធី​នេះ ខ្ញុំ​ពិត​ជា​រីករាយ​ចំពោះ​អនាគត​កម្ពុជា ព្រោះ​ពួកគេ​មិន​ត្រឹមតែ​មាន​ផែនការ​អាជីវកម្ម​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​យល់​ដឹង​អំពី​នីតិវិធី​នៃ​ការ​ធ្វើ​អាជីវកម្ម​ថែម​ទៀត"។

 

អ្នក​សម្រប​សម្រួល​កម្មវិធី Hub Academy អ្នកនាង Laura Smitheman បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​លើស​ពី​កម្មវិធី​រៀន​នៅ​ក្នុង​ថ្នាក់​ទៅ​ទៀត ដោយ​សារ​អ្នក​ចូលរួម​មាន​ឱកាស​បាន​ជួប និង​កសាង​មិត្តភាព​យូរ​អង្វែង​ជាមួយ​អ្នក​ចូលរួម​ដទៃ​ទៀត ហើយ​ពួកគេ​ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​សម្រប​សម្រួល អ្នក​ណែនាំ (Mentor) និង​សហការី ដើម្បី​វាស់​ស្ទង់​ពី​សមត្ថភាព​ដឹកនាំ ជំនាញ​ស្រាវ​ជ្រាវ និង​ទំនាក់​ទំនង​របស់​ពួក​គេ​ថែម​ទៀត។

 

អ្នកនាង Smitheman ថា៖ "គោល​បំណង​នៃ​កម្មវិធី​នេះ គឺ​យើង​ធ្វើការ​ជាមួយ​មនុស្ស​វ័យ​ក្មេង​ដែល​ចាប់​អារម្មណ៍​អំពី​ការ​ធ្វើ​អាជីវកម្ម​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​ពី​កន្លែង​ណា​ទៅ។ ដូច្នេះ យើង​ផ្តល់​នូវ​វិធីសាស្ត្រ​ផ្សេងៗ​ទាក់​ទង​នឹង​បញ្ហា​នេះ ហើយ​ពួក​គេ​ចាំបាច់​ត្រូវ​អនុវត្ត​តាម ដើម្បី​យល់​កាន់​តែ​ច្បាស់​ពី​ឱកាស និង​ឧបសគ្គ​នានា​នៅ​ពេល​ធ្វើ​អាជីវកម្ម។ យើង​ក៏​បាន​បង្ហាញ​ពី​របៀប​នៃ​ការ​ច្នៃប្រឌិត​ថ្មី​សម្រាប់​សង្គម ដែល​ពួកគេ​អាច​យក​ទៅ​ប្រើ​ប្រាស់​បាន ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​ពួកគេ​ផង​ដែរ។ កម្មវិធី​បណ្តុះបណ្តាល​នេះ បាន​ចេញ​ជា​លទ្ធផល​ហើយ ដោយ​សមាជិក​ក្រុម Hub Academy ឈ្មោះ Krumpet.com ត្រូវ​បាន​ប្រកាស​ជា​សហគ្រិន​សង្គម​ឆ្នើម ក្នុង​ចំណោម​សហគ្រិន​សង្គម​ទាំង​១២០​ក្រុម​របស់​កម្មវិធី watch for in 2016 ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី DBS-National University of Singapore Social Venture Challenge ។ សមាជិក​ក្រុម​នេះ បាន​លើក​ពី​ដំណោះ​ស្រាយ​បញ្ហា​តម្លាភាព និង​មធ្យោបាយ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ផ្នែក​វេជ្ជសាស្ត្រ​នៅ​កម្ពុជា។

 

 

Ezecom ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បម្រើ​សេចក្ដី​ត្រូវ​ការ​របស់​បណ្តា​សហគ្រាស​អាជីវកម្ម​ទាំង​ឡាយ ព្រម​ទាំង​អ្នក​ប្រើ​ប្រាស់​នៅ​តាម​គេហដ្ឋាន​ដែល​កំពុង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ក្នុង​ទីផ្សារ​កម្ពុជា។ ចាប់​តាំង​កកើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ Ezecom បាន​ក្លាយ​ជា​អ្នក​នាំមុខ​គេ​មួយ​ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ផ្នែក​ទំនាក់​ទំនង​ថ្មីៗ​យ៉ាង​សម្បូរ​បែប។ ក្រុមហ៊ុន​ផ្តល់​នូវ​សេវា​ខ្សែ​កាប្លិ៍​អុបទិក ទំនាក់​ទំនង​ជា​សំឡេង​តាម​អ៊ីនធឺណិត (VoIP) ការ​តភ្ជាប់​ក្នុង​ស្រុក (VPN) និង​ដំណោះ​ស្រាយ​តាម​អ៊ីនធឺណិត និង​ទូរ​គមនាគមន៍​ដទៃ​ទៀត។ Ezecom បាន​ទិញ​យក​ក្រុមហ៊ុន​ខ្សែ​កាប្លិ៍​អុបទិក Telcotech ដែល​នឹង​នាំ​មក​នូវ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន និង​ទុក​ចិត្ត​បំផុត​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​នេះ តាម​រយៈ​ការ​បង្កើត​ខ្សែ​កាប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT)៕

 

អត្ថបទ៖ ពាណិជ្ជកម្ម