យុទ្ធនាការ​​ ៣ម៉ឺន​​ដុល្លារ​ទ្រទ្រង់​ល្ខោន​ស្បែក​ធំ ​សម្បត្តិ​UNESCO​

  • 2016-07-22 17:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម "ភ្លើង​គប់" កំពុង​ធ្វើ​យុទ្ធនាការ​ស្វែង​រក​ថវិកា​ឱ្យ​បាន ៣ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់​ ​សម្បត្តិ​បេតិកភណ្ឌ​​ពិភព​លោក​អរូបី​ ​នៃ​អង្គការ​យូណេស្កូ​ ​​"ល្ខោន​ស្រមោល​ស្បែក​ធំ" ​​​​​នៃ​សមាគម​សិល្បៈ​សុវណ្ណភូមិ របស់​លោក​គ្រូ ម៉ាន់ កុសល ​​។

 

 

បើ​តាម​តំណាង​ក្រុម​កញ្ញា រិទ្ធី លំអរពេជ្រ បាន​និយាយ​ថា យុទ្ធនាការ​នេះ​ចាប់​ផ្ដើម​ម្សិលមិញ ហើយ​បន្ត​រហូត​ដល់​រយៈ ៣ ខែ​ក្នុង​សកម្មភាព​រៃអង្គាស​រក​មូលនិធិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ "យើង​នឹង​ធ្វើ​ឱ្យ​សមាគម​សុវណ្ណភូមិ​មាន​លុយ​គ្រប់គ្រាន់ ព្រោះ​បើ​គ្មាន​លុយ​គ្រប់គ្រាន់​ការ​សម្ដែង​ពិត​ជា​ធ្លាក់​ចុះ គុណភាព​សិល្បករ​ក៏​ធ្លាក់​ចុះ​ដែរ"។ លំអរពេជ្រ ថ្លែង​មក​កាន់ Sabay។

 

យុវតី​រូប​នេះ​បន្ថែម​ថា ដោយ​សារ​ទីតាំង​​ជួល​គេ​របស់​សមាគម​កាន់​តែ​ឡើង​ថ្លៃ​ទាមទារ​ការ​ចំណាយ​កាន់​តែ​ច្រើន​មួយ​កម្រិត​ទៀត។ សមាគម​ក៏​មាន​គម្រោង​រៀបចំ​ទស្សនីយភាព​ធំៗ​ចំនួន​ពី​នៅ​ពេល​ខាង​មុខ​ផង​ដែរ ដើម្បី​ចូលរួម​អបអរ​សម្រាប់​ឱកាស​គម្រប់​ខួប​១១​ឆ្នាំ​ក្នុង​ដាក់​បញ្ចូល​ល្ខោន​ស្បែក​ធំ​ជា​សម្បត្តិ​បេតិកភណ្ឌ​​ពិភព​លោក​អរូបី​នៃ​អង្គការ​យូណេស្កូ​ថ្ងៃ​ទី​១៧​តុលា ២០១៦​ខាង​មុខ​នេះ។

 

 

លំអរពេជ្រ បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ នាង​រក​បាន​ក្រុម​ការងារ​ស្នូល​ដើម្បី​ចូលរួម​ជួយ​បន្ត​និរន្តរភាព​សមាគម​បាន​ហើយ ដោយ​ពួក​គេ​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត​មិន​យក​ប្រាក់​កម្រៃ​នោះ​ទេ។ ជាមួយ​គ្នា​នោះ​យុវតី​ខាង​លើ​ក៏​ស្នើ​ដល់​មហាជន​ទូទៅ​មាន​ការ​គាំទ្រ និង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ក៏​ដូច​ជា​គាំទ្រ​ដល់​ល្ខោន​ស្រមោល​ស្បែក​ធំ​នៅ​សមាគម​សុវណ្ណភូមិ ព្រោះ​ជួប​ការ​ខ្វះខាត​រយៈ​ពេល ២០​ឆ្នាំ​មក​ហើយ៕

 

 

 

អត្ថបទ៖ សំ ជំនាញ