អេនឌី កាណាដា​ កោះ​ហៅ​ឲ្យ​ចូល​ស្ថាន​ទូត

  • 2016-07-23 16:23:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន លោក អេនឌី ត្រូវ​បាន​ស្ថានទូត​កាណាដា នៅ​ប្រទេស​កម្ពុជា បាន​កោះ​ហៅ​លោក​កាល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រោយ​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ចេញ​ទៅ​ច្រៀង​រយៈ​ពេល​ខ្លី​នៅ​កាណាដា។

 

 

ក្រោយ​ការ​ស្នើ​សុំ​នោះ ស្ថានទូត បាន​សម្រេច​ផ្ដល់​ទិដ្ឋាការ ២ខែ​ឲ្យ​តារា​ចម្រៀង និង​សម្ដែង​ខាង​លើ បាន​ចូល​ទៅ​ប្រទេស​គេ ធ្វើ​បេសកកម្ម​សិល្បៈ​តាម​ការ​ស្នើ​សុំ។ ម្ចាស់​បទ "នឹក​បង​៥០%" ផង​រូប​នេះ​បាន​អះអាង​ថា មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ ដែល​ស្ថានទូត​មួយ​នេះ សម្រេច​ផ្ដល់​ទិដ្ឋាការ​ឲ្យ ក្រៅ​ពី​នេះ​គ្មាន​ឡើយ សូម្បី​តារា​ស្រី​ម្នាក់​ដែល​បាន​ទៅ​ដាក់​ពាក្យ​សុំ នៅ​ស្ថានទូត​កាណាដា​នា​ប្រទេស​បារាំង ក៏​មិន​បាន​ជាប់​ដែរ។

 

យ៉ាង​ណា លោក​មិន​ដឹង​ពី​ការ​សម្រេច​ឲ្យ​លោក​ចូល​ប្រទេស​គេ​នា​គ្រា​នេះ​ទេ ដោយ​ផ្អែក​លើ​ហេតុផល​អ្វី​ខ្លះ​ទេ។ អេនឌី បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ត្រេក​អរ​ដោយ​សារ​បាន​ទៅ​កាន់​ប្រទេស​មួយ​នេះ​ជា​លើក​ទី​១ ចាប់​តាំង​ពី​ប្រឡូក​សិល្បៈ​មក។ ប៉ុន្តែ​លោក ក៏​សោក​ស្ដាយ​ខ្លះ​ដែរ ដែល​ស្ថានទូត​ផ្ដល់​វីហ្សា​ឲ្យ​រយៈ​ពេល​ខ្លី​ត្រឹម​តែ​២​ខែ។

 

“ខ្ញុំ​គម្រោង​ទៅ​ខែ​៩ ដល់​គេ​ឲ្យ​តែ​២​អីចឹង ទាល់​តែ​ស្រូត​ទៅ មិន​អីចឹង​ហួស​ហើយ តែ​ហួស សុំ​គេ​លើក​ក្រោយ​ប្រាកដ​ជា​ពិបាក​ហើយ​បង អីចឹង​ត្រូវ​តែ​ទៅ!”។ តារា​ប្រុស​ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​រូប​នេះ ប្រាប់​ទៀត ដោយ​សារ​វីហ្សា​មាន​រយៈ​ពេល ត្រឹម​តែ​២​ខែ ឥឡូវ​លោក​រក​បាន Sponsor ហើយ ហើយ​គ្រោង​នឹង​ចេញ​ទៅ​នៅ​ថ្ងៃ​ទី ០៦ សីហា ខាង​មុខ។

 

 

រូបភាព៖ FB អេនឌី

 

ក្រៅ​ពី​អេនឌី ដែល​ជា​សិល្បករ​ខ្មែរ​ម្នាក់​ត្រៀម​ទៅ​បរទេស នៅ​មាន​សិល្បករ​ខ្មែរ​មួយ​ក្រុម​ទៀត គ្រោង​ចេញ​ទៅ​ប្រទេស​បារាំង​ដែរ ក្នុង​នោះ​មាន​លោក ម៉ាដូណា ករុណា ពេជ្រ និង​តារា​ប្រុស​ស្រី​មួយ​ចំនួន​ទៀត។ ម៉ាដូណា ដែល​បាន​បញ្ចេញ​ព័ត៌មាន​នេះ​លើ​បណ្ដាញ​សង្គម ប្រាប់​ថា បើ​មិន​មាន​អ្វី​ប្រែ​ប្រួល ពួក​លោក​នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​២៨ កក្កដា​ខាង​មុខ។

 

យ៉ាង​ណា ត្រឹម​យប់​មិញ​នេះ គេ​ឃើញ​លោក ករុណា ពេជ្រ បាន​បង្ហោះ​រូប​ថា លោក​បាន​ទៅ​ដល់​ប្រទេស​បារាំង​រួច​ទៅ​ហើយ៕

អត្ថបទ៖ទារិកា

អត្ថបទពេញនិយម