ដឹង​អត់​ថា Samsung Galaxy Note ​វិវត្ត​យ៉ាង​ម៉េច​​ខ្លះ​រហូត​មក​ដល់​បច្ចុប្បន្ន?

  • 2016-07-25 18:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ត្រកូល Galaxy Note ត្រូវ​គេ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​ថា​ជា​ប្រភេទ​ទូរសព្ទ​ដ៏​ទំនើប​ល្អ​ប្លែក ដែល​ក្រុមហ៊ុន Samsung បាន​លក់​ចេញ​លើស​ពី ៥០ លាន​គ្រឿង ក្នុង​ចន្លោះ​ឆ្នាំ​២០១១ និង ២០១៣ ហើយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ Galaxy Note កាន់​តែ​មាន​សន្ទុះ​ក្នុង​ការ​វិវត្ត​ដ៏​អស្ចារ្យ។

 

 

ការ​វិវត្ត​នេះ​បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ដោយ Samsung បាន​ចេញ​លក់ Galaxy Note ដែល​ជា​ទូរសព្ទ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ Android ដំបូង​បំផុត​ដែល​បំពាក់​ប៊ិច S Pen ដ៏​វ័យ​ឆ្លាត ហើយ​ភាព​ជោគជ័យ​នៃ​ទូរសព្ទ​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាប់​ផ្ដើម​ស្គាល់​ត្រកូល Galaxy Note។

 

បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង Samsung ក៏​បាន​បង្ហាញ​មុខ​មាត់​ថ្មី​របស់ Galaxy Note II ដែល​បាន​កែច្នៃ​ចំណុច​ខ្សោយ​ខ្លះៗ​ដូចជា ប៊ិច S Pen កាមេរ៉ា និង​ប្រព័ន្ធ​ទំនាក់​ទំនង​ដើម្បី​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន។

 

ទោះ​បី​បច្ចេកវិទ្យា​បច្ចុប្បន្ន​នេះ​កំពុង​មាន​សន្ទុះ​យ៉ាង​ណា​ក៏​ដោយ Galaxy Note III ដែល​ត្រូវ​បាន​ផលិត​ក្នុង​ឆ្នាំ​២០១៣ នៅ​តែ​អាច​រក្សា​កេរ្តិ៍ឈ្មោះ​បាន​យូរ ដោយសារ​តែ​វា​ជា​ទូរសព្ទ​ស៊េរី Galaxy Note ដំបូង​បង្អស់​ដែល​បំពាក់​នូវ​អេក្រង់​ប្រភេទ Super AMOLED ទំហំ​ដល់​ទៅ ៥,៧ អ៊ីញ ជាមួយ​កម្រិត​ភាព​ច្បាស់ 1080 x 1920 ភិចសែល។

 

គំនិត​ច្នៃប្រឌិត​លើ​ការ​រចនា​រូបរាង​ទូរសព្ទ​របស់ Samsung កាន់​តែ​ទំនើប ជឿនលឿន ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​ផលិត Galaxy Note 4 បាន​យ៉ាង​ស្អាត រលើប​រលោង ព័ទ្ធ​ទៅ​ដោយ​ស៊ុម​លោហៈ​ជុំវិញ​គួរ​ឲ្យ​ទាក់​ទាញ និង Galaxy Note Edge ដែល​មាន​អេក្រង់​ហៀរ​មក​គែម​ចំហៀង​ពិសេស ខុស​ប្លែក​ពី​ស្មាតហ្វូន​ដទៃ​ទៀត។

 

 

ជិត​មួយ​ឆ្នាំ​ហើយ Galaxy Note 5 បាន​បង្ហាញ​រូប​រាង​ស្ដើង រលើប​រលោង បំពាក់​ទៅ​ដោយ​អេក្រង់​ដ៏​ធំ កាមេរ៉ា​ភ្លឺ​ច្បាស់​ល្អ និង​ថ្ម​កាន់​បាន​យូរ​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ឆាប់ៗ​នេះ Samsung នឹង​ដាក់​បង្ហាញ Galaxy Note ថ្មី​ទំនើប​ដែល​ជា​បច្ចេកវិទ្យា​ដ៏​កំពូល​របស់​ត្រកូល Galaxy Note។

 

យោង​តាម​វិបសាយ pcadvisor.co.uk បាន​ឲ្យ​ដឹង​ថា Samsung ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ជា​ផ្លូវការ​នូវ Galaxy Note 7 និង​រំលង Galaxy Note 6 ដើម្បី​ទាន់​ជាមួយ​ស៊េរី​ត្រកូល S របស់​ខ្លួន​ដែល​បាន​លក់​ចេញ​ជា​ផ្លូវការ​កាល​ពី​ដើម​ឆ្នាំ​២០១៦ កន្លង​ទៅ។

 

វិបសាយ bgr.com បាន​បញ្ជាក់​ថា តាម​រយៈ​ការ​បែក​ធ្លាយ​ថ្មីៗ​នេះ Galaxy Note 7 អាច​នឹង​មាន​លក្ខណៈ​ពិសេស​ថ្មី​ខុស​ប្លែក​ពី​ទូរសព្ទ​ដទៃៗ​ទៀត​លើ​ទីផ្សារ ដោយសារ​តែ​ទូរសព្ទ​នេះ​ភ្ជាប់​ជាមួយ iris scanner ក្នុង​ការ​ស្កេន​ប្រស្រី​ភ្នែក​ដើម្បី​ដោះ​សោ ដែល​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើប្រាស់ និង​ប្រព័ន្ធ IP68 ដែល​ការពារ​ធូលី​ដី មិន​ជ្រាប​ទឹក​បាន​យ៉ាង​ល្អ ព្រម​ទាំង​បច្ចេកវិទ្យា​ថ្មី TouchWix interface ដ៏​កំពូល​របស់ Android ។

 

ទោះ​យ៉ាងណា នៅ​ថ្ងៃ​ទី២ សីហា នេះ ការ​ពិត​នឹង​បង្ហាញ​ថា​តើ Galaxy Note ចុង​ក្រោយ​នេះ​ពិត​ជា​កំពូល​ស្មាតហ្វូន​ដែល​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ខុស​ពី​ត្រកូល Galaxy Note រៀម​ច្បង​មុនៗ និង​អស្ចារ្យ​ជាង​ស្មាតហ្វូន​ដទៃ​ទៀត ដូចដែល​វិបសាយ​ជាតិ-អន្តរជាតិ​យ៉ាង​ច្រើន​លើស​លប់​បាន​ទស្សន៍ទាយ​ដែរ ឬ​យ៉ាង​ណា។

 

ប្រភព៖ phonearena.com, mpmag.com.kh, wikipedia, cnet.com, postkhmer.com, techradar.com, pcadvisor.co.uk, bgr.com

អត្ថបទ៖ ពាណិជ្ជកម្ម

អត្ថបទថ្មី