តារាៗ​ ត្រៀម​សកម្មភាពជួយ ជៀស ស្រួច

  • 2016-07-25 20:52:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​តែ​អ្នក​ក្នុង​វិស័យ​កីឡា​ទេ ដែល​ភ្ញាក់​ផ្អើល​ចំពោះ​វត្តមាន​របស់ ជៀស ស្រួច កាល​ពី​ពេល​ថ្មី​នេះ​​ក្នុង​ស្ថានភាព​លំបាក​ដូច្នេះ។ សូម្បី​តែ​សិល្បករ​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ក្ដី​អាណិត​អាសូរ​ផង​ដែរ ព្រោះ​មិន​នឹក​ស្មាន​ថា អតីត​កីឡាករ​ល្បី​ឈ្មោះ និង​ជា​តារា​សម្ដែង​ខាង​លើ​ធ្លាក់​ដល់​ដំណាក់​កាល​នេះ​ដែរ។

 

ខាត់ សុឃីម និយាយ​ថា នាង​មិន​នឹក​ស្មាន​ថា ជៀស ស្រួច ធ្លាក់​ដល់​ដំណាក់​កាល​លំបាក ដែល​សូម្បី​រក​លុយ​ជិះ​ឡាន​មក​ភ្នំពេញ​មិន​បាន​ដូច្នេះ​ឡើយ ព្រោះ​ពី​មុន​លោក​ជា​មនុស្ស​ហ៊ឺហា​មាន​មុខមាត់​ក្នុង​សង្គម​សិល្បៈ និង​កីឡា។ ​​. "ហឹម! អាណិត​គាត់​ណាស់។ ពី​មុន​គាត់​ឡូយ​ណាស់​សម្ដែង​បាន​ហើយ ប្រដាល់​ល្អ​ទៀត"។ ខាត់ សុឃីម ថ្លែង​មក​កាន់ Sabay។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​សិល្បៈ​ពហុ​ជំនាញ​រូប​នេះ​អះអាង​បន្ត​ថា នាង​មិន​មើល​នឹង​ភ្នែក​នោះ​ទេ នឹង​ជួយ​ដល់​លោក ជៀស ស្រួច តាម​លទ្ធភាព​ទៅ​រួច ហើយ​ស្នើ​ដល់​មហាជន​ចូលរួម​ជួយ​។

 

ងាក​មក​តារា​សម្ដែង និង​បង្ហាញ​ម៉ូដ ទឹម រដ្ឋា ថ្លែង​ថា នាង​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​បាន​ឭ​ដំណឹង​របស់​អតីត​កីឡាករ ជៀស ស្រួច ដែល​កំពុង​ជួប​ទុក្ខ​វេទនា និង​ត្រូវ​ការ​ជំនួយ​ដូច្នេះ។

 

 

"ក្នុង​នាម​នាង​ខ្ញុំ​ជា​សិល្បៈ​ការិនី​ខ្មែរ​មួយ​រូប សូម​ជម្រាប​ជូន​ដល់​សិល្បករ-សិល្ប​ការិនី​ខ្មែរ​ ក៏​ដូច​ជា​សប្បុរសធម៌ ជា​ពិសេស​សមាគម​សិល្បៈ​ខ្មែរ​ទាំង​អស់ សូម​ជួយ​ដល់​លោក​ ជៀស ស្រួច ផង ព្រោះ​គាត់​ក៏​ធ្លាប់​ធ្វើ​ការ​បម្រើ​សិល្បៈ​ខ្មែរ​មួយ​រយះ​ធំ​ដែរ"។

 

ដោយ​ឡែក ពិធីករ CNC លោក សារ៉ា បាន​និយាយ​ថា៖ "ក្នុង​នាម​ជា​អ្នក​ស្រុក​មោងឬស្សី​ដូច​គ្នា​ ខ្ញុំ​សូម​ឧបត្ថម្ភ​ដល់​បង​ប្រុស​ ជៀស ស្រួច អតីត​កីឡាករ​ប្រដាល់ និង​ជា​តារា​ភាពយន្ត​ដ៏​ល្បីល្បាញ​ នូវ​ទឹក​ប្រាក់​តិច​តូច​ចំនួន 20$ ខ្ញុំ​នឹង​ទាក់ទង​ទៅ​បងប្រុស​ដោយ​ផ្ទាល់​ឆាប់ៗ​នេះ"។

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី