កម្ពុជា​នឹង​មាន​ផ្សារណាត់​លក់​របស់​មួយ​ទឹក​ដំបូង​គេ រាល់​ថ្ងៃ​អាទិត្យ នៅ​ស្ដាត​អូឡាំពិក​

  • 2016-07-26 17:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្សារ​ណាត់ SunFair ដំបូង​គេ​មិន​ធ្លាប់​មាន​នៅ​កម្ពុជា គ្រោង​នឹង​បើក​ដំណើរការ​នៅ​ដើម​ខែ​សីហា ខាង​មុខ​នេះ​ហើយ រៀងរាល់​ព្រឹក​ថ្ងៃអាទិត្យ នៅ​ក្នុង​បរិវេណ​ស្ដាត​អូឡាំពិក ដោយ​លក់​របស់របរ​ប្រើប្រាស់​មួយ​ទឹក។

 

ផ្សារ​នេះ នឹង​បើក​ឲ្យ​សាធារណៈ​ជន​ដាក់​លក់​របស់​ប្រើប្រាស់​រួច​ដែល​ខ្លួន​គិត​ថា​លែង​ចង់​ប្រើប្រាស់ និង​ចង្អៀត​នៅ​ផ្ទះ ដូចជា គ្រឿងសង្ហារិម សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ កុំព្យូទ័រ កង់-ម៉ូតូ-រថយន្ត សម្ភារៈ​ការិយាល័យ វត្ថុ​បុរាណ-ល-។

 

លោក កឹម អឿន ម្ចាស់​គម្រោង​ផ្សារ SunFair បាន​ប្រាប់ Sabay ថា៖ "ផ្សារ​នេះ គឺ​ផ្អែក​តាម​គំនិត​ម៉ត់​តៃ​ណៃ (MOTTAINAI) របស់​ជប៉ុន ដោយ​កាត់​បន្ថយ​ការ​ទិញ​របស់​ប្រើប្រាស់​ថ្មីៗ​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធនធាន​ធម្មជាតិ និង​បរិស្ថាន ហើយ​ងាក​មក​ប្រើប្រាស់​របស់​មួយ​ទឹក​វិញ"។

 

 

នាយក​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន និង​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ជប៉ុន រូប​នេះ បាន​បន្ត​ថា មនុស្ស​ភាគ​ច្រើន​ចូលចិត្ត​សន្សំ​ទុក​របស់​ច្រើន​ចង្អៀត​ពេញ​ផ្ទះ រហូត​របស់​ខ្លះ​ក្លាយ​ជា​របស់​អេតចាយ​ប្រើ​លែង​បាន។ នៅ​ពេល​របស់​ទាំងនោះ​មិន​ទាន់​ក្លាយ​របស់​អេត​ចាយ វា​អាច​ជា​របស់​ដែល​អ្នក​ដទៃ​កំពុង​ត្រូវការ ដូច​ទស្សនៈ​មួយ​ថា «សម្ភារៈ​ដែល​ទុក​ចោល​ក្នុង​ឃ្លាំង ឬ​នៅ​ផ្ទះ​របស់​យើង គឺ​ជា​វត្ថុ​ក្នុង​ក្តី​សុបិន​របស់​អ្នក​ដទៃ»។ អ៊ីចឹង SunFair ជា​កន្លែង​សម្រាប់​ពួក​គាត់​ដាក់​លក់រ​បស់​ទាំងនោះ ខណៈ​ដែល​អ្នក​ចង់​ស្វែង​រក​របស់​មួយ​ទឹក​តម្លៃ​សមរម្យ អាច​មក​ផ្សារ​នេះ​បាន។

 

SunFair នឹង​បើក​ជា​ផ្លូវការ​លើកដំបូង​នៅ​ថ្ងៃ​អាទិត្យ ទី ៧ សីហា ចាប់ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ ដោយ​មាន​ស្ដង់​ប្រមាណ​ជា ២០០ ស្ដង់ លក់រ​បស់​ប្រើប្រាស់​ជាច្រើន បន្លែ​សរីរាង្គ ផលិតផល​ខ្មែរ (កន្ត្រក​ចាក់​ដោយ​ដៃ​ជាដើម) អប់រំ (អត្ថប្រយោជន៍​បន្លែ​សរីរាង្គ ស៥ និង​ការ​សង្គ្រោះ​បឋម-ល-) និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ​រួម​ទាំង​កន្លែង​ក្មេង​លេង​ផង​ដែរ។

 

លោក កឹម អឿន បាន​អះអាង​ថា គម្រោង​នេះ​គឺ​ដើម្បី​យើង​ទាំង​អស់​គ្នា សង្គម និង​បរិស្ថាន ហើយ​ថា ប្រាក់​ចំណេញ ៦០% នឹង​ត្រូវ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មូលនិធិ​អៀង (ធ្វើការ​លើ​វិស័យ​អប់រំ​តាម​ជនបទ) និង​គម្រោង Akahige របស់​មន្ទីរពេទ្យ​ជប៉ុន Sunrise នៅ​កម្ពុជា​ដែល​នឹង​បើក​ដំណើរការ​នៅ​ដើម​ខែ​កញ្ញា ខាង​មុខ ដែល​ផ្ដល់​ការ​វះកាត់​បេះដូង និង​ខួរ​ក្បាល។

 

ផ្សារ​ដែល​បើក​រាល់​ព្រឹក​ថ្ងៃ​អាទិត្យ មួយ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ដៃគូ​ពាណិជ្ជករ​ធំៗ​នៅ​កម្ពុជា​ជាច្រើន។ បើ​ប្រិយមិត្ត​ចាប់​អារម្មណ៍​ចង់​បាន​ស្ដង់​ដាក់​លក់​របស់របរ​លែង​ប្រើប្រាស់ សូម​ទាក់ទង​លេខ 010 / 011 /012 598 895 ឬ​ចូល​ផេក​ហ្វេកប៊ុក SunFair : www.facebook.com/fleamarketcambodia

 

អូ! ក្រុមហ៊ុន​ផ្សេងៗ ក៏​អាច​ដាក់​លក់​ឡាយឡុង​សម្ភារៈ​ការិយាល័យ​របស់​ខ្លួន​បាន​ដែរ៕

 

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម