វិចិត្រករ PeapTarr និង Lisa Mam គាំទ្រ Mission Muoy Roy

  • 2016-07-26 18:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mission Muoy Roy យុទ្ធនាការ​សប្បុរសធម៌​រយៈ​ពេល​១០០​ថ្ងៃ ដើម្បី​រៃ​អង្គាស​ប្រាក់​ចាប់ពី​១០០​រៀល ឧបត្ថម្ភ​កុមារ​ត្រលប់​ចូល​រៀន​វិញ បាន​ការ​គាំទ្រ​ពី​វិចិត្រករ​ល្បី​ឈ្មោះ​២​រូប គឺ PeapTarr និង Lisa Mam ។ មហាជន​ភាគ​ច្រើន​ស្គាល់​អ្នក​ទាំង​ពីរ​ច្បាស់​តាម​រយៈ​គំនូរ​ដែល​មាន​ការ​ច្នៃប្រឌិត​ខ្ពស់​បែប​សម័យ​ថ្មី​ប្លែក​គេ គូរ​នៅ​តាម​ជញ្ជាំង​ហាង​ធំៗ​ជាច្រើន​កន្លែង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

 

ក្រុម​ការងារ Sabay បាន​ជួប​សម្ភាស​ជាមួយ​អ្នក​ទាំង​ពីរ​អំពី​មូលហេតុ និង​សកម្មភាព​របស់​វិចិត្រករ​ទាំង​ពីរ​ចូលរួម​ក្នុង​យុទ្ធនាការ​សប្បុរសធម៌​នេះ។

 

 

សំណួរ​១៖ តើ​អ្នក​ទាំង​ពីរ​យល់​ឃើញ​យ៉ាងម៉េច​ដែរ​ចំពោះ Mission Muoy Roy?

PEAP៖ ខ្ញុំ​គាំទ្រ​ពេញទំហឹង និង​តែង​ព្យាយាម​ចូលរួម​រាល់​សកម្មភាព​មនុស្សធម៌​ដែល​អាច​ជួយ​ដល់​មនុស្ស​ជាច្រើន ពិសេស​កុមារ​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ក្នុង​កម្ពុជា។

 

សំណួរ​២៖ ហេតុអ្វី​បាន​ជា​អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​ចូលរួម​ក្នុង Mission Muoy Roy?

Lisa៖ ខ្ញុំ​ចង់​ចូលរួម ព្រោះ​ខ្ញុំ​សង្ឃឹម​ថា​ការងារ​សិល្បៈ​របស់​យើង​អាច​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ដែល​មាន​លទ្ធភាព​ក្នុង​សង្គម​ខ្មែរ​មក​លើ Mission Muoy Roy ហើយ​ពេល​គេ​ទិញ​រូប​សិល្បៈ​យើង យុទ្ធនាការ​នេះ​នឹង​ទទួល​បាន​មូលនិធិ​កាន់​តែ​ច្រើន​សម្រាប់​ជួយ​ដល់​អ្នក​ដែល​កំពុង​ខ្វះខាត។

PEAP៖ ការ​ចូលរួម​ក្នុង Mission Muoy Roy ជា​វិធី​ដែល​យើង​អាច​តបស្នង​ទៅ​សហគមន៍​ខ្មែរ​ថ្នាក់​មូលដ្ឋាន។ តាម​រយៈ​គំនូរ​សិល្បៈ​របស់​យើង​ទាំង​ពីរ យើង​ប្រហែល​ជា​អាច​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​ដើម្បី​រៃអង្គាស​មូលនិធិ​សម្រាប់ Mission Muoy Roy ដូច្នេះ​ប្រជាជន​ខ្មែរ​ជា​ពិសេស​កុមារ​តូចៗ​នៅ​កម្ពុជា​ដែល​កំពុង​រស់នៅ​ក្នុង​វដ្ត​នៃ​ភាពក្រីក្រ​អាច​ទទួល​បាន​ជំនួយ​ ហើយ​ប្រហែល​ជា​ទៅ​អនាគត​គេ​នឹង​មាន​មធ្យោបាយ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ និង​កាន់​តែ​ប្រសើរ។

 

សំណួរ​៣៖ តើ​អ្នក​ទាំង​ពីរ​នឹង​ធ្វើ​អ្វីខ្លះ ដើម្បី​ចូលរួម​គាំទ្រ Mission Muoy Roy?

Peap & Lisa៖ ពួក​យើង​គ្រោង​ដាក់​លក់​រូប​បោះពុម្ព​នៃ​គំនូរ​សិល្បៈ​មាន​កំណត់​របស់​យើង ដោយ​ប្រើ​ប្រាស់​ក្រដាស​គុណភាព​ខ្ពស់ និង​បង្កើត​ជា​ពិសេស​សម្រាប់​តែ Mission Muoy Roy នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​របស់​យើង​នៅ Samai Distillery នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ កក្កដា​នេះ។ ចំពោះ​ប្រាក់​ដែល​បាន​មកពី​ការ​លក់ នឹង​ដាក់​ចូល​ក្នុង​មូលនិធិ​នៃ​យុទ្ធនាការ​នេះ​ទាំង​អស់។

 

 

សំណួរ​៤៖ អ្នក​ទាំង​ពីរ​ធ្លាប់​ចូលរួម​សកម្មភាព​សប្បុរសធម៌​បែប​នេះ​ពី​មុន​មក​ទេ?

PEAP៖ បាទ! ខ្ញុំ​ធ្លាប់​បាន​ចូលរួម​ការងារ​សប្បុរសធម៌​ជា​ច្រើន​ពី​មុន​មក​នៅ​ប្រទេស​នូវែលហ្សេឡង់ ថៃ និង​កម្ពុជា។ មួយ​ដែល​ខ្ញុំ​ចាំ​បាន​គឺ​គម្រោង Little Lotus ក្នុង Mae Sot ប្រទេស​ថៃ នៅ​ទីក្រុង​ជាប់​ព្រំដែន​ប្រទេស​ភូមា​ និង​ថៃ​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​សិល្បករ​ម្នាក់​ទៀត​ដើម្បី​បង្កើត​ការ​យល់ដឹង​ពី កុមារ​ភូមា​ដែល​ចិញ្ចឹម​ជីវិត​ដោយ​ការ​រើស​សំរាម www.littlelotusproject.org ។

 

សំណួរ​៥៖ តើ​អ្នក​មាន​យោបល់​អ្វី​ដែរ​ឬ​ទេ​ទាក់​ទង​នឹង​ដំណើរការ Mission Muoy Roy?

PEAP៖ បាទ! ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម​បន្ថែម​ទៀត នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​ជាមួយ Mission Muoy Roy ដោយ​ប្រើ​ជំនាញ និង​ទេពកោសល្យ​របស់​អ្នក​ដើម្បី​បង្កើន​ការ​យល់ដឹង​អំពី​យុទ្ធនាការ​នេះ។

Lisa៖ ចាស ខ្ញុំ​យល់​ស្រប​អ្នក​មាន​ទេពកោសល្យ​ក្នុង​ស្រុក​គ្រប់​គ្នា​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​សហគមន៍ គួរ​តែ​ចូលរួម​ក្នុង​យុទ្ធនាការ​ដែល​អាច​ជួយ​សហគមន៍​របស់​យើង ជា​ពិសេស​គឺ​កុមារ​ស្រុក​ខ្មែរ​ព្រោះ​ពួកគេ​ជា​អនាគត​របស់​យើង។

 

Mission Muoy Roy នឹង​រៀបចំ​កម្មវិធី​សប្បុរសធម៌​នៅ Distillery នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ កក្កដា​នេះ ដែល​មាន​ផ្ទាំង​គំនូរ​បោះពុម្ព​ផ្ដាច់​មុខ​ពី​វិចិត្រករ PeapTarr និង Lisa Mam សម្រាប់​ដាក់​លក់។

 

កុំ​ភ្លេច​នាំ​មិត្តភ័ក្ដិ មនុស្ស​ជាទី​ស្រឡាញ់រ​បស់​អ្នក និង​នាំ​យក​ក្រដាស​ប្រាក់ ១០០ រៀល មក​ជាមួយ​ផង​ដែរ ដើម្បី​ចូលរួម​បរិច្ចាគ​នា​រាត្រី​នោះ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចុច​ទី​នេះ Mission Muoy Roy Charity Night

 

 

អត្ថបទ៖ លីដា​

អត្ថបទពេញនិយម