កំលោះ​វ័យ​ក្មេង​ប្រឹង​បើក​ជំនួញ​ ព្រោះ​ចង់​ឈ្នះ​ពាក្យ​មួយ​ឃ្លា​ដ៏​សែន​ឈឺ​ចាប់​

  • 2016-07-26 18:18:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ ២៣​ឆ្នាំ​ម្នាក់​​ព្រោះ​ចង់​បង្កើត​ស្ទីល​ថត​រូប​ថ្មី​ហើយ​ប្លែក ​បាន​សម្រេច​បើក​ក្រុម​ហ៊ុន​មួយ​ទោះ​ទុន​តិច​តួច​ក្តី។ តែ​អ្វី​ដែល​ខក​ចិត្ត មាន​គេ​យល់​ថា​ក្រុម​របស់​លោក "​សុទ្ធតែ​ក្មេង​ៗ​ប្រហែល​មិន​អាច​ធ្វើ​បាន​ល្អ​នោះ​ទេ"។

 

 

ឡុង​​ដា​រា​វីន សហ​ស្ថាបនិក​នៃ​ក្រុម​ហ៊ុន​រំដួល​មេ​ឌា​បាន​ប្រាប់​ថា មាន​គេ​យល់​ថា​ក្រុម​របស់​លោក​ក្មេង​ៗ​មិន​អាច​ទៅ​រួច​នោះ​ឡើយ​ ។ ម្ល៉ោះ​ហើយ​គេ​មិន​សូវ​ឱ្យ​តម្លៃ​លើ​សមត្ថភាព​និង​ស្នាដៃ​នោះ​ទេ។ តែ​សម្រាប់​លោក​ គឺ​ចង់​ឈ្នះ​ទស្សនៈ​នេះ។

 

លោក​បញ្ជាក់​ថា ​ក្រុម​លោក​ចូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ ថ្មី​មិន​ចម្លង​គេ។ តែ​នៅ​ពេល​ក្រុម​ខ្លួន​ផ្តល់​គំនិត​ធ្វើ​ស្បត​ថ្មី​ៗ​ដោយ​ប្រើ​ប្រាស់​គំនិត​ប្លែក​ៗ​ទាន់​សម័យ​ បែរ​ជា​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​ពី​​អតិថិជន​​ទៅ​វិញ ព្រោះ​ពួក​គាត់​ថា​ឃើញ​អ្វី​ដែល​គេ​ធ្វើ​ពី​មុន​ៗ គាត់​ចង់​បាន​របស់​ដដែល​ដូច​គេ​ដែរ។​

 

នេះ​ជា​បញ្ហា​ធំ​មួយ​របស់​ក្រុម​លោក តែ​លោក​នៅ​តែ​ចង់​ជម្នះ​វា​ឲ្យ​បាន។ ដា​រា​វីន​បន្ត​ថា ដោយសារ​តែ​​រំដួល​​ក្រុមហ៊ុន​លោក​ចំណាយ​ទុន​តិច បើ​ធៀប​ជាមួយ​ក្រុមហ៊ុន​ផលិត​កម្ម​ផ្សេង​ ដូច្នេះ​មាន​អ្នក​ខ្លះ​គិត​ថា ទាល់​តែ​មាន​ខ្នង​ធំ​ជួយ​ជ្រោមជ្រែង​ឬ​ឈរ​ឈ្មោះ​ទើប​ក្រុម​ហ៊ុន​អាច​ដំណើរ​ការ​ទៅ​បាន។

 

 

ប៉ុន្តែ​អ្វី​ដែល​លោក​ចង់​ផ្ដល់​ជូន​កូន​ខ្មែរ​គ្រប់​គ្នា គឺ​ការ​បង្កើត​ថ្មី​ហើយ​ទាក់​ទាញ។ វីន​និយាយ​ថា៖ "សម្រាប់​ក្រុម​ការងារ​យើង គឺ​យើង​ឲ្យ​តម្លៃ​លើ​ទេព​កោសល្យ​របស់​បុគ្គល​ម្នាក់​ៗ ហើយ​យើង​រួម​ដៃ​គ្នា​បង្កើត​ឲ្យ​មាន​ជា​លទ្ធផល​ល្អ​មួយ​ពិត​ប្រាកដ"។ ​

 

​ការ​បើក​ផលិតកម្ម​គឺ​ទាម​ទារ​ឧបករណ៍​​ទំនើប​ៗ​និង​តម្លៃ​ថ្លៃ​ៗ តែ​នេះ​ពុំ​ជា​ឧបសគ្គ​ឡើយ។ ដា​រា​វីន​ថា នេះ​ជា​អាជីវកម្ម​ទី​២​សម្រាប់​ខ្លួន​ហើយ ដូច្នេះ​បទពិសោធន៍​ក្នុង​មុខ​ជំនួញ​គឺ​ទទួល​បាន​ច្រើន​គួរ​សម។​រយៈពេល​ជាង​កន្លះ​ឆ្នាំ​នៃ​ការ​បើក​អាជីវកម្ម​នេះ​ បទ​ពិសោធន៍​ដែល​ទទួល​បាន​គឺ​លោក​មាន​ក្រុម​ការងារ​មួយ​​ដែល​ស្រលាញ់​ក្រុម​ហ៊ុន​ដូច​លោក​ដែរ ។

 

​មួយ​វិញ​ទៀត​គឺ​ទទួល​បាន​ក្រុម​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​ជួយ​លោក​​ដោយ​មិន​យក​កម្រៃ​ថែម​ទៀត​ផង។ លើស​ពី​នេះ​​ធ្វើ​ឲ្យ​ដា​រា​វីន​​ចេះ​គិត​និង​​សន្សំ​សំចៃ​ជាង​មុន ដែល​ពី​មុន​លោក​មិន​សូវ​ខ្វល់​ឡើយ​ ​ពេល​ចាយ​អ្វី​មួយ​៕

 

  អត្ថបទ៖ លឹម សុ​នា រូប​ថត៖ ផ្ដល់​ឲ្យ​​

អត្ថបទពេញនិយម