មក​ស្គាល់​ដៃ​គូ ហែមថុន វិទីនី ​សង្ហា​ហើយ ថែម​ទាំង​ពូកែ​ទៀត

  • 2016-07-27 16:19:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពូ សុវិជ្ជា ​កីឡាករ​ហែលទឹក​រស់​នៅ​អាមេរិក​ជា​ដៃ​គូ​របស់​កីឡា​ការិនី ហែមថុន វិទីនី ​ដែល​ត្រូវ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក នៅ​ប្រទេស​ប្រេស៊ីល​នា​ពេល​ខាង​មុខ​នេះ។ ដោយសារ​តែ​កីឡាករ​រូប​នេះ មាន​សមត្ថភាព​ខ្ពស់​និង​ជា​មនុស្ស​ដែល​លោក ហែម គីរី ​គិត​ថា ​នឹង​ជួយ​កម្ពុជា​បាន​ច្រើន​ផង​នោះ ខាង​ក្រោម​នេះ​ជា​ប្រវត្តិ​ត្រួស​ៗ​របស់ ពូ សុវិជ្ជា ៖

 

 

គ្រួសារ

 

ពូ សុវិជ្ជា ​មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ និង​ម្ដាយ​ជា​ជនជាតិ​ថៃ។ រូបគេ​បាន​កើត​នៅ​ទឹក​ដី​អាមេរិក ហើយ​រស់​នៅ​ទី​នោះ​ជាមួយ​ក្រុម​គ្រួសារ។ បច្ចុប្បន្ន កីឡាករ​រូប​នេះ​នៅ​លីវ​នៅ​ឡើយ​ទេ ដោយ​រូបគេ​ទើប​តែ​មាន​អាយុ​២១​ឆ្នាំ​ប៉ុណ្ណោះ។

 

កម្រិត​សិក្សា

 

 

ពូ សុវិជ្ជា ​បច្ចុប្បន្ន​រៀន​នៅ​មហាវិទ្យាល័យ Brown ​នៅ​អាមេរិក។ រូបគេ​ចាប់​​យក​ជំនាញ​វេជ្ជបណ្ឌិត ដោយ​ពេល​នេះ រៀន​ឆ្នាំ​ទី​២​ហើយ។

 

​កីឡា​ហែល​ទឹក

 

​ពូ សុវិជ្ជា ​ចាប់​ផ្ដើម​ហាត់​ហែល​ទឹក​ជា​លក្ខណៈ​អាជីព​តាំង​ពី​អាយុ​៦​ឆ្នាំ។ ហាត់​បាន​២​ឆ្នាំ រូបគេ​ក៏​ចាប់​ផ្ដើម​ចេញ​ប្រកួត​ឱ្យ​សាលា​ដែល​រូបគេ​រៀន​ ហើយ​ចាប់​ពី​ពេល​នោះ​មក ​ក៏​បាន​ចូល​ប្រកួត​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន។ អ្វី​ដែលគេ​គ្រប់​គ្នា​មើល​ឃើញ​ថា ​សុវិជ្ជា ល្អ​គឺ​រូបគេ​អាច​អាច​ហែល​ទឹក​បាន​ចម្ងាយ​១០០​ម៉ែត្រ ​ដោយ​ប្រើ​ពេល​ត្រឹម​តែ​៥៣​វិនាទី​ប៉ុណ្ណោះ ពោល​គឺ​លើស​កីឡាករ​ក្នុង​ស្រុក​គ្រប់​គ្នា។

 

ចូល​លេង​តំណាង​ឱ្យ​កម្ពុជា

 

 

នេះ​ជា​លើក​ទី​៤​ហើយ ដែល ពូ សុវិជ្ជា ​ចូល​លេង​ឱ្យ​កម្ពុជា។ ដោយ​លើក​ទី​១ នៅ​ឆ្នាំ​២០១៣ ​នៅ​ប្រទេស​អេស្ប៉ាញ ​ទីក្រុង Barcelona ​ក្នុង​ព្រឹត្តិការណ៍​ជើង​ឯក​ហែល​ទឹក​ពិភព​លោក លើក​ទី​២​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៥ ​នៅ​ប្រទេស​សិង្ហបុរី ​និង​លើក​ទី​៣​នៅ​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៥​ដែរ ក្នុង​កម្មវិធី World Championship ​។

 

ការ​ទៅ​លេង​នៅ​អូឡាំពិក​នា​ពេល​ខាង​មុខ

 

ពូ សុវិជ្ជា ​និង​ហែមថុន វិទីនី ​នឹង​តំណាង​ឱ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ប្រទេស​ប្រេស៊ីល។ ដោយ​មើល​ឃើញ​ពី​សមត្ថភាព​របស់​អ្នក​ទាំង​ពីរ​នេះ លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហែលទឹក​កម្ពុជា ​មាន​សង្ឃឹម​ខ្ពស់​ថា​កម្ពុជា អាច​ធ្វើ​បាន​ល្អ​ជាង​​រាល់​ដង។

 

អត្ថបទ៖ មុន្នី រម្យ

អត្ថបទពេញនិយម