ព្រំ រដ្ឋា កៅឆាយ​រឿង "វិថី​នារី" បើក​មុខ​ផលិតកម្ម​ថ្មី​របស់​ខ្លួន

  • 2014-10-31 18:47:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ខ្ញុំ​ទើប​សុំ License គេ​បាន​ប្រមាណ​ជា ១​ខែ​មុន​ហ្នឹង​ទេ ហើយ "វិថី​នារី" គឺ​ជា​ភាពយន្ត​ដំបូង​របស់​ផលិតកម្ម​នាង​ខ្ញុំ "។ អ្នក​នាង ព្រំ រដ្ឋា តារា​សម្ដែង និង​ជា​ចាងហ្វាង​ផលិតកម្ម PR Production ថ្លែង​ពេល​ធ្វើ​ក្រុង​ពាលី​ព្រឹក​មិញ ដោយ​ត្រៀម​ចេញ​ថត​នា​ថ្ងៃ​ស្អែក។

 

អ្នកនាង ព្រំ រដ្ឋា ប្រាប់​បន្ថែម​ទៀត​ថា អ្នក​នាង​ចំណាយ​ពេល​វេលា កម្លាំង​កាយ​ចិត្ត និង​ស្មារតី​ច្រើន ក្នុង​ការ​បង្កើត​ផលិតកម្ម និង​ឈាន​មក​ផលិត​ខ្សែ​ភាពយន្ត​ទី​១​គឺ​រឿង "វិថី​នារី" នា​ពេល​នេះ។ "ខ្ញុំ​ធ្វើ​វា ទី​១ ដោយ​ចិត្ត​ស្រឡាញ់ និង​ទី​២ គឺ​រួម​ចំណែក​ជួយ​លើក​កម្ពស់​សិល្បៈ​ភាពយន្ត​ខ្មែរ​យើង កុំ​ឲ្យ​គេ​ចេះ​តែ​ថា សិល្បករ​យើង​អញ្ចេះ​អញ្ចុះ​ណា​បង"។

 

មិន​ត្រឹម​តែ​ជា​ចាងហ្វាង ប៉ុន្តែ​អ្នក​នាង រដ្ឋា ក៏​ចូល​រួម​សម្ដែង​ក្នុង​រឿង​នេះ​ដែរ។ រដ្ឋា អះអាង​ថា បើ​ទោះ​ជា​នេះ​ជា​ភាពយន្ត​ដំបូង​របស់​ផលិតកម្ម​អ្នក​នាង​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​នាង​សង្ឃឹម​ជោគជ័យ​ច្រើន ដោយ​សំអាង​ថា អ្នក​នាង​បាន​ចំណាយ​ដើម​ទុន​ខ្ពស់ និង​បាន​ទាក់​ទាញ​យក​សុទ្ធ​តែ​តារា​ល្បី​ៗ​ជា​ច្រើន​រូប​មក​ចូល​រួម​សម្ដែង មាន​ដូច​ជា កញ្ញា ទេព សម្ផស្ស អ៊ិន វលក្ខណ៍​ទេពី សូដា នីតា ពៅ លីដា លោក ណាខុន ហេង ប៊ុន​លាភ និង​លោក ឌឹម ឧត្តម ជា​ដើម។

 

មួយ​ផ្នែក​ទៀត នេះ​ជា​ខ្សែ​ភាពយន្ត​ទី​មួយ​ដែល​ឆ្លុះ​បង្ហាញ​ពី​ជីវិត​នារី ពិសេស​សិល្បការិនី​ដែល​ជានិច្ចកាល​តែង​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មាន​អ្នក​នេះ​អ្នក​នោះ​ចិញ្ចឹម។ “យើង​ចង់​ឲ្យ​បង្ហាញ​ថា អ្នក​សិល្បៈ​យើង​ជួន​កាល​ក៏​ធ្វើ​ត្រូវ ជួន​កាល​ក៏​ធ្វើ​ខុស ប៉ុន្តែ​អ្វី​ទាំង​អស់ គឺ​ពួក​គាត់​ដើម្បី​គ្រួសារ​គាត់"

 

អ្នក​មេម៉ាយ​កូន​មួយ​​រូប​នេះ បន្ថែម​ថា មួយ​ផ្នែក​ទៀត "វិថី​នារី" នឹង​ឆ្លុះ​បង្ហាញ​ពី​ជីវិត​របស់​យុវវ័យ ដែល​ដើរ​លេង​ភ្លើត​ភ្លើន មុន​ពេល​ភ្ញាក់​ខ្លួន​ដើរ​មក​រក​ផ្លូវ​ត្រូវ​វិញ ដែល​នេះ​គឺ​ជា​សារ​ដើម្បី​ពញ្ញាក់​អារម្មណ៍​របស់​យុវវ័យ​យើង​ដែរ។

កញ្ញា ទេព សម្ផស្ស ដែល​គេ​ស្គាល់​ច្បាស់​ក្នុង​រឿង "ជីវិត​នាង​រក្សា" និង​ជា​តួឯក​ស្រី​ក្នុង​រឿង​នេះ ប្រាប់​ថា នាង​អត់​ទាន់​ដឹង​ថា​តួ​ដែល​នាង​ត្រូវ​សម្ដែង​មាន​ឈ្មោះ​អ្វី និង​ចរិត​ឫកពារ​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី នាង​រីករាយ និង​មោទនភាព​ណាស់​ដែល​ចូល​សម្ដែង​ភាពយន្ត​នេះ ហើយ​ថា នាង​នឹង​ប្រឹង​ប្រែង​សម្ដែង​ឲ្យ​អស់​ពី​លទ្ធភាព។

 

"វិថី​នារី" គឺ​ជា​ប្រភេទ​ខ្សែ​រឿង​ភាគ​ដាក់​បញ្ចាំង​ទូរទស្សន៍ ក្នុង​នោះ​គ្រោង​ចំណាយ​ពេល​ថត​ប្រមាណ​ជាង ៣ខែ។ ក្រោយ​ពេល​ថត​ចប់ ភាពយន្ត​នេះ គ្រោង​យក​ទៅ​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CTN ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ "មិន​ទាន់​ច្បាស់​១០០%​ទេ ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​គ្រោង!”៕

រូបភាព៖ ទូរសព្ទដៃ

អត្ថបទពេញនិយម