ឆបោក​ភាគហ៊ុន១១៦លានដុល្លារ រួច​កែ​សម្ផស្ស រត់គេចខ្លួនបាន​១០ឆ្នាំ

  • 2016-08-01 17:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ជាង​១០ឆ្នាំ​មក​ហើយ ដែល​បុរស​ជនជាតិ​ជប៉ុន វ័យ​៦២ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Yasuo Tsubaki បាន​រត់​គេច​ខ្លួន​ពី​ការ​តាម​ចាប់ ដោយ​ធ្វើ​ការ​វះកាត់​កែសម្ផស្ស ប៉ុន្តែ​ត្រូវ​ប៉ូលិស​ប្រទេស​ថៃ​ឃាត់ខ្លួន​បាន កាល​ពី​ដើម​សប្ដាហ៍​មុន។

 

 

ការិយាល័យ​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក Yasuo ត្រូវ​បាន​អាជ្ញាធរ​ជប៉ុន​ស្វែង​រក​ចាប់​ខ្លួន ក្នុង​ករណី​ឆបោក​ចំណែក​ភាគហ៊ុន ដែល​មាន​តម្លៃ​ជាង ១២ពាន់​លាន​យ៉េន (១១៦លាន​ដុល្លារ) ចាប់​តាំង​ពី​ឆ្នាំ២០០១ ដល់​ឆ្នាំ២០០៥ ហើយ​ត្រូវ​បាន​ប៉ូលិស​ថៃ​ឃាត់​ខ្លួន នៅ​ពេល​ដែល​គាត់​បាន​ទៅ​ប្តូរ​យក វីសា​ថៃ​ថ្មី ដែល​នឹង​ផុត​កំណត់​នៅ​ខែ​កញ្ញា កាល​ពី​ថ្ងៃពុធ ទី២៧ ខែ​កក្កដា កន្លង​ទៅ​នេះ។ លោក Yasuo បាន​រត់​គេច​ខ្លួន​មក​កាន់​ប្រទេស​ថៃ កាល​ពី​ឆ្នាំ២០០៧។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​រត់​គេច​ខ្លួន លោក Yasuo បាន​ផ្លាស់​ប្តូរ​មុខ​មាត់​របស់​ខ្លួន តាម​រយៈ​ការ​វះ​កាត់​កែសម្ផស្ស ដូច​ក្នុង​រឿង​ហូលីវូដ «Face/Off» ក្នុងឆ្នាំ១៩៩៧ អីចឹង។

 

ប្រធាន​ប៉ូលិស​ជាតិ លោក Chakthip Chaijinda បាន​និយាយ​ថា «លោក Yasuo និង​បក្សពួក បាន​ទិញ​ភាគហ៊ុន​ដើម្បី​ដំឡើង​ថ្លៃ​របស់​វា បន្ទាប់​មក​ក៏​លក់​ចេញ​វិញ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ។ បក្សពួក​ទាំងអស់​របស់​លោក Yasuo ត្រូវ​បាន​ឃាត់ខ្លួន លើកលែង​តែ​លោក Yasuo ម្នាក់​ប៉ុណ្ណោះ ដែល​បាន​រត់គេច​ខ្លួន​មក​ប្រទេស​ថៃ កាល​ពី១០ឆ្នាំមុន»។ លោក Chaktip បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ asiancorrespondent