Xavi ​​បរិច្ចាគ​កប៉ាល់​ផ្ទាល់​ខ្លួន​ ជួយ​ជន​ភៀស​ខ្លួន​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ

  • 2016-08-02 15:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ក្លឹប​ FC Barcelona ខ្សែ​បម្រើ​ Xavi Hernandez ​​បាន​បរិច្ចាគ​នាវា​ទំនើប​​សម្រាប់​លំហែ​កាយ​ផ្ទាល់​ខ្លួន​ ទៅ​ដល់​​អង្គការ​ក្រៅ​រដ្ឋាភិបាល Proactiva Open Arms (POA) ​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​​នៅ​​សមុទ្រ​មេឌីទែរ៉ាណេ។

 

ខ្សែ​បម្រើ​ Xavi Hernandez បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម​ Al Sadd នៅ​កាតា

 

អង្គការ​ NGO (POA) ​​បច្ចុប្បន្ន​មាន​ស្ថានីយ​នៅ​កោះ Lesvos ដើម្បី​​ជួយ​​ជន​ភៀស​ខ្លួន​ ដែល​ប៉ុនប៉ង​ចង់​ទៅ​ប្រទេស​ក្រិក។ យ៉ាងណាក្ដី នាវា​របស់​ Xavi អង្គការ​ពុំ​បាន​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ទេ ​ពោល​គឺ​ពួក​គេ​ នឹង​ដាក់​​​ឲ្យ​ដេញ​ថ្លៃ ​ដើម្បី​យក​​​ជា​ប្រាក់ ​​ប៉ុន្តែ​​ក្នុង​គោល​បំណង​​ជួយ​ដល់​ជន​ភៀស​ខ្លួន​ខាង​លើ​ដូច​គ្នា។

 

POA ​បាន​បង្ហោះ​សារ​ក្នុង​វីដេអូ​លើ​ Facebook ថា៖ "កីឡាករ​បាល់ទាត់​ Xavi Hernandez ​​បាន​​​ជួយ​ដល់​អង្គការ​ Proactiva Open Arms ​ដោយ​បរិច្ចាគ​​នាវា​​កម្សាន្ត​ផ្ទាល់​ខ្លួន​ ​ហើយ​យើង​​នឹង​ដាក់​ដេញ​ថ្លៃ​​ក្នុង​ពេល​ឆាប់ៗ។ អរគុណ​ Xavi...​កាយ​វិការ​របស់​អ្នក​ ​នឹង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន”។

 

 

Xavi ​បច្ចុប្បន្ន​​កំពុង​លេង​ឲ្យ​ក្រុម​ Al Sadd ​នៅ​ប្រទេស​កាតា។ ខ្សែ​បម្រើ​វ័យ​​៣៦​ឆ្នាំ​រូប​នេះ​ ធ្លាប់​លេង​ឲ្យ​ជម្រើស​ជាតិ​​អេស្ប៉ាញ​​១៣៣​ប្រកួត ​ចន្លោះ​ឆ្នាំ​២០០០-២០១៤ ​ស៊ុត​បាន​១៣​គ្រាប់ និង​​លេង​ឲ្យ​ក្រុម​យក្ស​អេស្ប៉ាញ Barca ​បាន​៧៦៧​ប្រកួត ​ស៊ុត​បាន​​៨៥​គ្រាប់​ផង​ដែរ៕

 

 

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ TheSun