ភ្លៀង​​​លាយ​ឡំ​​និង​​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​​ឆ្នេរ​​​សមុទ្រ​​កម្ពុជា អាច​បន្ត​ដល់​​ថ្ងៃ ៥ សីហា

  • 2016-08-03 17:46:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀង​​ធ្លាក់​​ជោក​ជាំ​​លាយ​ឡំ​​ និង​ខ្យល់​បោក​បក់​ខ្លាំង នៅ​​តំបន់​មាត់​សមុទ្រ​​ កាល​ពី​ថ្ងៃ​ទី ០២ ខែ​សីហា ឆ្នាំ​២០១៦ បាន​ធ្វើ​​ឲ្យ​ កន្លែង​មួយ​ចំនួន​នៅ​តំបន់​​ខាង​លើ​​រង​ជំនន់​ទឹក​ភ្លៀង​ តួ​យ៉ាង​នៅ​​ផ្សារ​វាល​រេញ ខេត្ត​ព្រះ​សីហនុ។

 

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក អ៊ុំ​ រីណា ប្រធាន​នាយកដ្ឋាន​ឧតុ​និយម​នៃ​ក្រសួង​ធន​ធាន​ទឹក​ បាន​ប្រាប់​ Sabay ថា ស្ថាន​ភាព​ខាង​លើ​គឺ​​ដោយ​សារ​ខ្យល់​មូល​សុង​និរតី​​​​បង្កើត​ឥទ្ធិពល ​ដូច​នេះ​តំបន់​ដែល​ចាប់​ផ្ដើម​ទទួល​​រង​ឥទ្ធិពល​​មុន​គេ គឺ​តំបន់​​មាត់​សមុទ្រ​​​។

 

"ខ្យល់​បោក​បក់​​ពី​សមុទ្រ​កាត់​ឈូង​សមុទ្រ​ថៃ មក​លើ​យើង ចឹង​ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​គំហុក។ មួយ​ទៀត​​​ស្ថាន​ភាព​ភូមិសាស្ត្រ​តំបន់​ភ្នំ ដែល​​ជា​រនាំង​ ធ្វើ​ឲ្យ​មាន​​​​​​កើត​​ពពក​​ច្រើន បង្ក​ឲ្យ​ភ្លៀង​ធ្លាក់​ច្រើន​"។ នេះ​បើ​តាម​ការ​​បញ្ជាក់​​ពី​​ លោក រីណា។

 

 

យោង​តាម​​ការ​​ព្យាករណ៍​ ផ្សាយ​​ដោយ​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ ឥទ្ធិពល​​ខ្យល់​មូសុង​ខាង​លើ​អាច​​​​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ៗ​គ្នា លាយ​ឡំ​ និង​ខ្យល់​បក់​បោក​ខ្លាំង​នៅ​តំបន់​ឆ្នេរ​ និង​​លើ​ផ្ទៃ​សមុទ្រ ចាប់​ពី​ថ្ងៃ​ទី ០២ សីហា បន្ត​ដល់​ថ្ងៃ​ទី​០៥ សីហា ឆ្នាំ​២០១៦។ ស្ថាន​ភាព​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ជា​ពិសេស​អ្នក​ចេញ​នេសាទ​តាម​សមុទ្រ និង​អ្នក​ទេសចរ​៕

 

 

អត្ថបទ៖ មាន រតនា​​​​​​

​​​​​​​​​​​​​​​