បាត់​ខ្លួន​២២នាក់ ក្រោយ​បាក់​ស្ពាន​​ធំ​មួយ​នៅ​ឥណ្ឌា ព្រឹក​មិញ​នេះ

  • 2016-08-03 22:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​២២នាក់​កំពុង​បាត់​ខ្លួន បន្ទាប់​ពី​ស្ពាន​មួយ​ខ្សែ ដែល​តភ្ជាប់​ពី​ទីក្រុង Mumbai ទៅ​កាន់​រមណីយដ្ឋាន​ឆ្នេរ នៃ​រដ្ឋ Goa ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​បាន​បាក់។ យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ ចំនួន​២គ្រឿង បាន​ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​ទន្លេ​បាត់​ស្រមោល បន្ទាប់​ពី​ស្ពាន​មួយ​ខ្សែ​នោះ​បាន​បាក់ កាល​ពី​ព្រឹក ថ្ងៃពុធ ទី០៣ ខែ សីហា ឆ្នាំ២០១៦នេះ។

 

 

មន្រ្តី​ប៉ូលិស​ឈ្មោះ Sanjay Patil បាន​ប្រាប់​សារព័ត៌មាន AP ថា ក្រុម​ជួយ​សង្គ្រោះ​ជា​ច្រើន​នាក់ មិន​បាន​រក​ឃើញ​រថយន្ត ឬ​អ្នក​រស់​រាន​មាន​ជីវិត​ឡើយ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង បាន​រាំង​ស្ទះ​ដល់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ។

 

លោក OP Singh ប្រធាន​កងកម្លាំង​គ្រោះ​មហន្តរាយ​ជាតិ បាន​និយាយ​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​ចំនួន ៨០នាក់ ក្នុង​នោះ​រួម​មាន​ទាំង ក្រុម​អ្នក​ច្រមុជ​ទឹក ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើតហេតុ​យ៉ាង​ប្រញាប់​ប្រញាល់។ លោក Singh បាន​ឲ្យ​ដឹង​ទៀត​ថា យ៉ាង​ហោច​ណាស់​រថយន្ត​ក្រុង ចំនួន​២គ្រឿង ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ចាស់​ដែល​បាក់​នោះ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ Savitri ដែល​ជន់​លិច​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង។

 

គួរ​រំលឹក​ថា កាល​ពី​ខែ​មីនា កន្លង​ទៅ​នេះ ស្ពាន​អាកាស​មួយ​ខ្សែ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់ នៅ​ក្នុង​ទីក្រុង Kolkata បាន​បាក់​រលំ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ចំនួន​២០នាក់​ស្លាប់ និង​រងរបួស​ជិត ១០០នាក់។ រីឯ​កាល​ពី​ឆ្នាំ២០១១ មនុស្ស​ចំនួន​៣២នាក់​បាន​ស្លាប់ និង ១៣២នាក់​ផ្សេង​ទៀត បាន​រងរបួស បន្ទាប់​ពី​ស្ពាន​មួយ​ខ្សែ​បាន​បាក់ នៅ​ក្នុង​ព្រឹត្តិការណ៍​នយោបាយ​មួយ ក្នុង​ទីក្រុង Darjeeling រដ្ឋ West Bengal ប្រទេស​ឥណ្ឌា៕

 

ប្រែសម្រួល ៖ សេង ឡុង ប្រភព ៖ BBC

អត្ថបទពេញនិយម