មាស​ ចាន់ណា​គ្រោង​ប្រើ​ក្បួន​២​​យ៉ាង​​វគ្គ​ជម្រុះ​ AFC Cup​ ខាង​មុខ​នេះ

  • 2016-08-19 17:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​ត្រៀម​ប្រើ​ក្បួន​២​យ៉ាង​​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​ AFC Cup ដែល​នឹង​ចាប់​​ផ្តើម​ប្រកួត​​នៅ​ថ្ងៃ​ទី​២៣​ ខែ​សីហា​ខាង​មុខ​នេះ​ ខណៈ​ក្រុម​តំណាង​ឲ្យ​កម្ពុជា​មួយ​នេះ​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ម៉ុងហ្គោលី​កាល​ពី​យប់​មិញ។

 

 

លោក​ មាស ចាន់ណា​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ត្រៀម​ប្រើ​យុទ្ធសាស្ត្រ​២​យ៉ាង​​​គឺ​ទី​១​ ​លេង​របៀប​​ការពារ​នៅ​តំបន់​ខាង​ក្រោម​ ហើយ​​វាយ​បក​​វិញ​ឲ្យ​បាន​លឿន​បំផុត។ ទី​២​ប្រើ​ក្បួន​ចាប់​​កីឡាករ​គេ​​ និង​ដាក់​សម្ពាធ​នៅ​​ផ្នែក​ខាង​លើ​ ហើយ​វាយ​សម្រុក​ ​នៅ​ពេល​ក្រុម​​របស់​លោក​​ត្រូវ​បាន​គេ​នាំមុខ។

 

«ពេល​ខ្ញុំ​បាន​មើល​ទម្រង់​លេង​របស់​ក្រុម​មក​ពី​នេប៉ាល់ ​និង​ម៉ុងហ្គោលី ​រួច​​ហើយ​នោះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ត្រូវ​ប្រើ​ទម្រង់​មួយ​ណា​ដើម្បី​លេង​ត​ទល់​ជា​មួយ​ក្រុម​ទាំង​ពីរ​នេះ»។ សម្ដី​លោក​គ្រូ​ មាស​ ចាន់ណា​ បាន​និយាយ​ និង​បន្ថែម​ថា របៀប​លេង​ទាំងពីរ​ខាងលើ ក្រុម​របស់​លោក​បាន​ហ្វឹកហាត់​ជា​បន្តបន្ទាប់ហើយ។ ​

ក្រុមណាហ្គាវើល

​​​​ ក្រុម​ណាហ្គាវើល​ ​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ម៉ុងហ្គោលី​​កាល​ពី​យប់​មិញ​ ថ្ងៃ​ទី១៨​ ខែ​សីហា​​នេះ​​ដើម្បី​ចូល​រួម​ប្រកួត​ជម្រុះ​​ពាន​រង្វាន់​ AFC Cup​ ឆ្នាំ​២០១៧។​ វគ្គ​ជម្រុះ​នេះ​ក្រុម​ ណាហ្គាវើល​ ​ប៉ះ​ក្រុម​ Three Star Club​ (មក​ពី​ប្រទេស​នេប៉ាល់) ថ្ងៃ​ទី​២៣​ សីហា​ និង​ប្រកួត​ចុង​ក្រោយ​ជួប​ Erchim FC (របស់​ម៉ុងហ្គោលី)​ ថ្ងៃ​ទី​២៥​ សីហា​ ឆ្នាំ​២០១៦៕

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​