Park Café បង្ហាញ​ភាព​ជោគជ័យ​របស់​ខ្លួន និង​បន្ត​បើក​សាខា​ថ្មី

  • 2016-08-19 19:02:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ភាព​រីក​ចម្រើន​តាម​រយៈ​ការ​បន្ត​បើក​សាខា​ថ្មី​ៗ​ដ៏​ជោគជ័យ ពេល​នេះ សាខា​ផាក​កាហ្វេ (Park Café) ថ្មី​មួយ​ទៀត​ស្ថិត​លើ​ផ្លូវ​ប៉ាស្ទ័រ កែង​នឹង​ផ្លូវ​៣៦០ បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី១៨ សីហា ម្សិល​មិញ​នេះ។ Park Café ​មាន​ប្រវត្តិ​ជាង​១​ទសវត្ស​ហើយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ដោយ​ក្រុម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ៤ រូប ដោយ​បាន​ណែនាំ​ភោជនីយដ្ឋាន​រចនាបថ​ថ្មី​មួយ និង​ទំនើប ដើម្បី​បន្ថែម​លើ​ភោជនីយដ្ឋាន​បែប​ប្រពៃណី​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ។ មក​ដល់​ពេល​នេះ Park Café មាន​សាខា​ដល់​ទៅ ១០ សាខា​ក្នុង​រាជធានី​ភ្នំពេញ។

 

 

 

Park Café ជា​ភោជនីយដ្ឋាន​ដែល​ផ្ដល់​ជូន​អតិថិជន​នូវ​តម្លៃ​សមរម្យ​ ដែល​មាន​លក្ខណៈ​ជា​អាហារ​បែប​ខ្មែរ។ អតិថិជន​ភាគ​ច្រើន​ដែល​គាំទ្រ Park Café គឺ​មាន​កម្រិត​ជីវភាព​ពី​ថ្នាក់​ចំណូល​លើ​មធ្យម​ និង​ថ្នាក់​ខ្ពស់។ Park Café ​ក៏​ជា​ភោជនីយដ្ឋាន​កម្ពុជា​ដំបូង​បង្អស់​ដែល​បម្រើ​អាហារ​គ្មាន​ប៊ីចេង និង​មាន​ការ​ទទួល​ស្គាល់​ដោយ​ស្ថាប័ន HACCP និង​ភោជនីយដ្ឋាន​ចំណាត់​ថ្នាក់ A ដែល​ទទួល​ស្គាល់​ដោយ​ក្រសួង​សុខាភិបាល។

 

Park Café សាខា​បឹង​កេង​កង​ប៉ាស្ទ័រ (ស្ថិត​លើ​ផ្លូវ​ប៉ាស្ទ័រ​កែង​នឹង​ផ្លូវ​៣៦០) នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​អតិថិជន​ដែល​និយម​ចូល​ចិត្ត​អាហារ​ក្នុង​ស្រុក ពិសេស​គុយទាវ​ភ្នំពេញ។ មិន​ត្រឹម​តែ​ភោជនីយដ្ឋាន​ដែល​បម្រើ​ម្ហូប​អាហារ និង​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ សាខា​មួយ​នេះ​ក៏​ជា​សាខា​ដែល​មាន​ការ​រចនា​ថ្មី បែប​ប្រណីត និង​ទំនើប។

 

 

បច្ចុប្បន្ន Park Café បាន​ផ្តល់​ការងារ​ឱ្យ​បុគ្គលិក​ចំនួន ៣០០ នាក់​ស្ថិត​ក្នុង​តំណែង​ផ្សេងៗ​គ្នា​ ហើយ​ចំនួន​នេះ​រំពឹង​ថា​នឹង​កើន​ឡើង​ដល់ ៣៧០ នាក់​នា​ចុង​ឆ្នាំ​២០១៦ នេះ។ ក្តី​សុបិន​របស់ Park Café​ គឺ​នឹង​ពង្រីក​អាជីវកម្ម​ទៅ​កាន់​ខេត្ត​មួយ​ចំនួន ដោយ​ផ្ដោត​ទៅ​លើ​បណ្ដា​ខេត្ត​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប និង​តំបន់​មាត់​សមុទ្រ។ វា​នឹង​ត្រូវ​ដាក់​ដំណើរ​ការ​ក្រោម​ប្រព័ន្ធ Franchise ។ Park Café ​ក៏​មាន​បំណង​នាំ​យក​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ពិភព​លោក ដូចជា បារាំង អាមេរិក កាណាដា ជា​ដើម ដែល​ជា​កន្លែង​មាន​ប្រជាជន​កម្ពុជា​ច្រើន​រស់​នៅ។ Park Café ​មាន​គម្រោង​នឹង​ពង្រីក​ដល់ ៣១ ហាង​នៅ​ឆ្នាំ២០២០ ស្ថិត​ក្នុង​កណ្ដាល​រាជធានី​ភ្នំពេញ និង​ខេត្ត​សំខាន់ៗ​មួយ​ចំនួន។

 

លោក សេង លី នាយក​គ្រប់គ្រង​ទូទៅ​ហាង​ Park Café បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ​នៅ​តាម​សាខា​នីមួយៗ​របស់ Park Café មាន​អតិថិជន​ចេញចូល​ក្នុង​រវាង​ពី ១៥០០នាក់ ទៅ ១៨០០នាក់ ដែល​ពួកគាត់​គឺ​ជា​ពាណិជ្ជករ មន្ត្រី​រាជការ មន្ត្រី​សង្គម​ស៊ីវិល អ្នក​ស្រាវជ្រាវ និង​សិស្ស-និស្សិត ដោយ​ពួក​គាត់​មិន​ត្រឹម​តែ​មក​ទីនេះ​ដើម្បី​ទទួល​ទាន​អាហារ និង​ភេសជ្ជៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​ពិភាក្សា​គ្នា​នៅ​ក្នុង​កិច្ច​ការងារ​មុខ​របរ​ប្រចាំ​ថ្ងៃ​ ការ​សិក្សា​ស្រាវជ្រាវ និង​ការ​សម្រាក​លំហែ​កម្សាន្ត ជាដើម៕

 

 

 

 

 

 

អត្ថបទ៖ ពាណិជ្ជកម្ម