គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុន​ឈាម និង​វិធាន​ការ​បង្ការ

  • 2016-08-26 23:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​ជា​កិច្ច​សម្ភាស​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង សុផល ប្រធាន​ផ្នែក​ជំងឺ​ឆ្លង អនុ​ប្រធាន​ការិយាល័យ​បចេ្ចកទេស​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ជា​ប្រធាន​អនុ​គណៈកម្មការ​គ្រប់​គ្រង​ផ្នែក​គ្លីនិក​នៃ​ជំងឺ​គ្រុន​ឈាម ស្តី​អំពី​ចំណេះ​ដឹង​ទាក់ទង​នឹង​ជំងឺ​គ្រុន​ឈាម និង​វិធាន​ការ​ការពារ​ជំងឺ​គ្រុន​ឈាម។

 

 

សំណួរ១ - អ្វី​ជា​ជំងឺ​គ្រុន​ឈាម?

ចម្លើយ៖ គ្រុន​ឈាម​គឺ​ជា​ជំងឺ​ឆ្លង​មួយ​ដែល​បង្ក​ឡើង​ដោយ​វីរុស ហើយ​ប្រភេទ​វីរុស​នោះ​មាន​ឈ្មោះ​ថា​វីរុស​ដាំង។ ហេតុ​ដូច្នេះ យើង​ក៏​ដាក់​ឈ្មោះ​ជំងឺ​នេះ​ឲ្យ​ចំ​តែ​ម្តង​ថា​ជា​ជំងឺ​គ្រុន​ឈាម​ដាំង។ បច្ចុប្បន្ន នៅ​ពុំ​ទាន់​មាន​ការ​ព្យាបាល ឬ​ការ​បង្ការ​ជាក់​លាក់​ណា​មួយ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ឈាម​ដាំង​នេះ​នៅ​ឡើយ។

 

សំណួរ២ - ជំងឺ​គ្រុន​ឈាម​បង្ក​ឡើង​ដោយ​សារ​អ្វី? ហើយ​វា​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាម​ណា​ខ្លះ?

ចម្លើយ៖ ជំងឺ​គ្រុន​ឈាម​មិន​មែន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដោយ​ផ្ទាល់​នោះ​ទេ គឺ​ជំងឺ​នេះ​ត្រូវ​បាន​ចម្លង​តាម​រយៈ​ការ​ខាំ​របស់​សត្វ​មូស​ខ្លា​ញី ដែល​វា​មាន​ឈ្មោះ​ជា​ភាសា​បច្ចេកទេស​ថា​អា​អេ​ដែស​អា​អេហ្ស៊ីប​ស៊ី (AedesAegypti)។ តាម​ពិត មូស​នេះ​វា​ទៅ​បឺត​ឈាម​ពី​មនុស្ស ឬ​អ្នក​ជំងឺ​ដើម្បី​បាន​ឈាម​ដែល​មាន​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ច្រើន​មក​ចិញ្ចឹម​ពង​របស់​វា​ទេ ប៉ុន្តែ​ដោយ​សារ​នៅ​ក្នុង​ក្រពេញ​ទឹក​មាត់​វា​មាន​មេរោគ និង​មាន​ជាតិ​កុំ​ឲ្យ​ឈាម​កក ដូច្នេះ​ពេល​វា​បឺត​ឈាម​មនុស្ស វា​ត្រូវ​បញ្ចេញ​សារធាតុ​កុំ​ឲ្យ​ឈាម​កក​នោះ​ចូល​ទៅ ក៏​ដូចជា​រុញ​មេរោគ​ទាំង​នោះ​ចូល​ទៅ​ក្នុង​ខ្លួន​យើង​នៅ​ពេល​ដំណាល​គ្នា​ដែរ។

 

សំណួរ៣ – ជំងឺ​គ្រុន​ឈាម​នេះ​ច្រើន​កើត​មាន​នៅ​តំបន់​ណា ហើយ​នៅ​ពេល​ណា​ដែរ?

ចម្លើយ៖ ជំងឺ​គ្រុន​ឈាម​ដាំង​ត្រូវ​បាន​គេ​ឃើញ​កើត​មាន​ឡើង​នៅ​តំបន់​ត្រូពិក និង​ក្រោម​ត្រូពិក​នៅ​ទូទាំង​ពិភព​លោក ដែល​ភាគ​ច្រើន​គេ​ឃើញ​កើត​មាន​នៅ​តំបន់​ក្នុង​ទីក្រុង​ជុំវិញ​ទីក្រុង ឬ​ទីប្រជុំជន​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​កុះករ ហើយ​មាន​ការ​ខ្វះ​អនាម័យ​បរិស្ថាន​ដែល​ខុស​ពី​ជំងឺ​គ្រុន​ចាញ់​ដែល​ច្រើន​កើត​នៅ​តំបន់​មាន​ព្រៃ។ អនាម័យ​បរិស្ថាន​សំដៅ​លើ​ការ​ទុក​ព្រៃ​របោះ​ឲ្យ​ដុះ​នៅ​ជុំវិញ​ផ្ទះ ការ​ទុក​សំបក​កង់​ឡាន​កំប៉ុង​ចាស់ៗ​ថូ​ផ្កា​ដែល​បង្ក​ឲ្យ​មាន​ការ​ដក់​ទឹក​បាន​ដែល​ជា​ជម្រក​ពង​របស់​សត្វ​មូស​ពាង​ទឹក​មិន​បាន​គ្រប​ត្រឹម​ត្រូវ។ ជា​ធម្មតា រដូវ​ដែល​មាន​អត្រា​ជំងឺ​គ្រុន​ឈាម​ខ្ពស់​ គឺ​ច្រើន​តែ​នៅ​រដូវ​ភ្លៀង​ធ្លាក់ ចាប់​ពី​ខែ​ឧសភា​ដល់​ កញ្ញា ដែល​ក្នុង​អំឡុង​រដូវ​នេះ ដង់ស៊ីតេ​របស់​សត្វ​មូស​មាន​កម្រិត​ខ្ពស់។ ឯ​អំឡុង​ពេល​ពី​ខែ​មករា ដល់​មេសា និង​ពី​ខែ​តុលា ដល់​ធ្នូ ជា​ទូទៅ​ វា​មិន​មែន​កើត​ជំងឺ​គ្រុន​ឈាម​ទេ​ដែល​ក្នុង​អំឡុង​ពេល​នោះ​ករណី​ជំងឺ​គ្រុន​ឈាម​កើត​មាន​តិចតួច។

 

បច្ចុប្បន្ន មាន​ប្រជាជន​ក្នុង​ពិភព​លោក​ប្រហែល​ចំនួន​ពាក់​កណ្ដាល​កំពុង​រស់​នៅ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​គ្រុន​ឈាម។ ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ចុង​ក្រោយ​នេះ ជំងឺ​គ្រុន​ឈាម​បាន​រីក​រាល​ដាល​ពី​ការ​កើត​មាន​ក្នុង​ប្រទេស​តែ​មួយ​ចំនួន​តូច​រហូត​ដល់​ការ​កើត​មាន​ជា​ការ​រាតត្បាត​ក្នុង​១២៨​ប្រទេស​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ ៤ពាន់​លាន​នាក់ ហើយ​ករណី​កើត​ថ្មី (អាំងស៊ីដង់) នៃ​ជំងឺ​គ្រុន​ឈាម​ក៏​មាន​ការ​កើន​ឡើង ៣០ដង​ផង​ដែរ។ សព្វថ្ងៃ​នេះ ទ្វីប​អាស៊ី​មាន​បន្ទុក​នៃ​ជំងឺ​គ្រុន​ឈាម​តំណាង​ឲ្យ ៧០% នៃ​បន្ទុក​ជំងឺ​ទាំង​មូល​ក្នុង​ពិភព​លោក។

 

សំណួរ៤ - ជំងឺ​គ្រុន​ឈាម​នេះ​ប៉ះពាល់​លើ​មនុស្ស​វ័យ​ណា​ច្រើន​ជាង​គេ?

ចម្លើយ៖ ជំងឺ​គ្រុន​ឈាម​ដាំង​អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​នៅ​កម្ពុជា ជំងឺ​នេះ​ភាគ​ច្រើន​កើត​លើ​ក្មេង​អាយុ​តិច​ជាង​១៥​ឆ្នាំ។ ក្មេង​នៅ​ចន្លោះ​អាយុ​៥‑៩ឆ្នាំ គឺ​ជា​ក្រុម​ដែល​កើត​ជំងឺ​គ្រុន​ឈាម​ដាំង​ច្រើន​ជាង​គេ ដោយសារ​តែ​ក្មេង​នៅ​ចន្លោះ​អាយុ​នេះ​មិន​សូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ដិត​ដល់​ពី​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​ពួកគេ។ ក្មេង​ដែល​ស្ថិត​ក្នុង​ចន្លោះ​អាយុ១‑៤ឆ្នាំ គឺ​ជា​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​លំដាប់​ទី​ពីរ។

 

 

សំណួរ៥ - មនុស្ស​ម្នាក់​អាច​កើត​ជំងឺ​គ្រុន​ឈាម​ដាំង​ប៉ុន្មាន​ដង​ក្នុង​មួយ​ជីវិត?

ចម្លើយ៖ មនុស្ស​ម្នាក់​អាច​ជំងឺ​គ្រុន​ឈាម​ដាំង​រហូត​ដល់​៤​ដង​ក្នុង​ជីវិត​របស់​គេ។ ការ​ឆ្លង​រោគ​លើក​ដំបូង​នៃ​ជំងឺ​នេះ​ គេ​ហៅ​ថា​ជំងឺ​គ្រុន​ដាំង (ដាំង​ក្លាស់​ស៊ីក) ដែល​មិន​ទាន់​មាន​សញ្ញា​បាត់​បង់​ប្លាស្មា និង​ការ​ហូរ​ឈាម​ទេ។ នៅ​ពេល​មនុស្ស​ម្នាក់​ឆ្លង​ជំងឺ​នេះ​ចាប់​ពី​លើក​ទី​ពីរ​ទៅ​ ជំងឺ​នោះ​នឹង​វិវត្ត​ទៅ​ជា​មាន​លក្ខណៈ​ស្មុគស្មាញ និង​ធ្ងន់ធ្ងរ ហើយ​បន្ត​វិវត្ត​ទៅ​ជា​ជំងឺ​គ្រុន​ឈាម​ដាំង។ ដូច្នេះ​បន្ទាប់​ពី​កើត​ជំងឺ​គ្រុន​ដាំង បើ​មាន​មេរោគ​ដាំង​ប្រភេទ​ផ្សេងៗ​ទៀត​ចូល​មក​ក្នុង​ខ្លួន​ខុស​ពី​ប្រភេទ​មេរោគ​ដំបូង​នោះ​ វា​អាច​នឹង​បង្ក​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម​ដាំង​រហូត​ដល់ ២ ឬ​៣ដង​ទៀត​ ដោយសារ​មេរោគ​ដាំង​មាន​៤​ប្រភេទ (មេរោគ​ដាំង​ទី១​ដល់​ទី​៤)។ ជំងឺ​គ្រុន​ឈាម​ដាំង​ធ្ងន់ធ្ងរ គឺ​ជា​មូល​ហេតុ​នាំ​មុខ​នៃ​ជំងឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់​ក្នុង​ចំណោម​កុមារ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាស៊ី និង​អាមេរិក​ឡាទីន។

 

សំណួរ៦ – អ្វីខ្លះ​ជា​រោគ​សញ្ញា ឬ​ចង្កោម​រោគ​សញ្ញា​សង្ស័យ​របស់​ជំងឺ​គ្រុន​ឈាម​ដាំង?

ចម្លើយ៖ ជំងឺ​គ្រុន​ឈាម​គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​មាន​លក្ខណៈ​ស្រដៀង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​ដែល​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ។ គេ​គួរ​តែ​មាន​ការ​សង្ស័យ​ថា​កើត​ជំងឺ​គ្រុន​ឈាម​កាល​ណា អ្នក​ជំងឺ​មាន​អាការ​ក្តៅ​ខ្លួន​ខ្លាំង (៤០​អង្សាសេ) ហាក់​មិន​ឆ្លើយ​តប​នឹង​ថ្នាំ​បញ្ចុះ​កម្ដៅ (ប៉ារ៉ា​សេតាម៉ុល) និង​មាន​អម​មក​ជាមួយ​នូវ​រោគ​សញ្ញា​២​ក្នុង​ចំណោម​រោគសញ្ញា ដូចជា ឈឺ​ក្បាល​ខ្លាំង ឈឺ​នៅ​ក្រោយ​រង្វង់​គ្រាប់​ភ្នែក ឈឺ​សាច់​ដុំ​និង​សន្លាក់ ចង្អោរ ក្អួត ហើម​ក្រពេញ ឬ​ស្នាម​កន្ទួល​លើ​ស្បែក។ ជា​ធម្មតា រោគ​សញ្ញា​ទាំង​នោះ​មាន​រយៈ​ពេល​២-៧ថ្ងៃ បន្ទាប់ពី​ដំណាក់​កាល​សំងំ​នៃ​មេរោគ​៤-១០​ថ្ងៃ​ក្រោយ​ពី​ការ​ខាំ​នៃ​សត្វ​មូស​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺ​គ្រុន​ឈាម។

 

សំណួរ៧ – គ្រូ​ពេទ្យ​គួរ​ផ្ដល់​ជា​ដំបូន្មាន​ចំពោះ​ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​កុមារ​ដែល​មាន​ជំងឺ​គ្រុន​ឈាម​ទាក់​ទង​នឹង​ការ​បញ្ជូន និង​ដាក់​កុមារ​ឲ្យ​សម្រាក​ពេទ្យ?

ចម្លើយ៖ ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​របស់​កុមារ​ដែល​សង្ស័យ​មាន​កើត​ជំងឺ​គ្រុន​ឈាម​ គួរ​ដឹង​នូវ​រោគ​សញ្ញា​ព្រមាន ដូចជា អាការ​ក្តៅ​ខ្លួន​ចាប់​ផ្ដើម​ថយ​ចុះ​ខណៈ​ពេល​ដែល​ស្ថានភាព​ទូទៅ​របស់​អ្នក​ជំងឺ​កាន់​យ៉ាប់យ៉ឺន។ រោគ​សញ្ញា​នៃ​ភាព​យ៉ាប់យ៉ឺន​របស់​អ្នក​ជំងឺ​មាន​ដូចជា សន្លឹម មិន​ឃ្លាន​អាហារ ក្អួត​ខ្លាំង ឈឺ​ពេញ​ក្នុង​ពោះ​ខ្លាំង ឡេះឡះ ហូរ​ឈាម អត់​ទឹក​នោម (៤-៦ម៉ោង)។

 

ជា​ទូទៅ ពេល​ដែល​ក្មេង​ម្នាក់​មាន​លេច​ចេញ​នូវ​អាការ​ក្ដៅ​ខ្លួន​ស្រួច​ស្រាល់​ (មិន​ឆ្លើយ​តប​នឹង​ថ្នាំ​បំបាត់​កម្ដៅ-ប៉ារ៉ា​សេតាម៉ុល) ហើយ​អាការ​ក្ដៅ​ខ្លួន​នោះ​មាន​២​ថ្ងៃ​ជាប់ ពេល​នោះ​ឪពុក​ម្ដាយ ឬ អាណាព្យាបាល​គួរ​នាំ​ក្មេង​នោះ​ទៅ​ជួប​គ្រូ​ពេទ្យ បើ​ទោះ​ជា​មិន​ទាន់​មាន​រោគ​សញ្ញា​អម​មក​ជាមួយ​នៅ​ឡើយ​ក៏​ដោយ។

 

សំណួរ៨ - មាន​ការ​ព្យាបាល​ជំងឺ​គ្រុន​ឈាម​ដាំង​ដែរ​ឬ​ទេ?

ចម្លើយ៖ ដោយសារ​ជំងឺ​គ្រុន​ឈាម​ដាំង​បង្ក​ឡើង​ដោយ​ពួក​វីរុស ដូច្នេះ​គ្មាន​ការ​ព្យាបាល​ជាក់​លាក់​សម្រាប់​ជំងឺ​នេះ​នៅ​ឡើយ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​ត្រូវ​ចេញ​វេជ្ជបញ្ជា​ឲ្យ​ព្យាបាល​តាម​របៀប​ថែទាំ និង​ព្យាបាល​រោគ​សញ្ញា​ ព្រម​ទាំង​ព្យាបាល​ផល​វិបាក​​ទាំង​ឡាយ​ដែល​អាច​កើត​មាន​ឡើង​ពី​ជំងឺ​គ្រុន​ឈាម​ដាំង។

 

សំណួរ៩ – ក្មេង​កើត​ជំងឺ​គ្រុន​ឈាម មាន​គ្រោះ​ថ្នាក់​ដែរ​ឬ​ទេ?

ចម្លើយ៖ ជំងឺ​គ្រុន​ឈាម​ដាំង គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់ និង​អាច​ប៉ះពាល់​ដល់​ជីវិត។អ្នក​ជំងឺ​គ្រុន​ឈាម​អាច​លេច​ចេញ​ផល​វិបាក​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែល​អាច​នាំ​ទៅ​រក​ការ​ស្លាប់​បាន។ ផលវិបាក​ទាំង​នោះ​រួម​មាន ការ​លើស​ជាតិ​ទឹក​ក្នុង​រាងកាយ ការ​ហូរ​ឈាម​ច្រើន (បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ពពួក​អាស្ពីរីន ឬ​អ៊ីប៊ុយ​ប្រូហ្វែន ឬ​ការ​បាត់បង់​កត្តា​កំណក​ឈាម) ភាព​ខ្សោយ​តម្រង​នោម ការ​ខ្សោយ​ចង្វាក់​ដង្ហើម និង​ការ​ខ្សោយ​បេះដូង​បែប​តឹងណែន។

 

សំណួរ១០ – វិធាន​ការ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​គ្រុន​ឈាម មាន​ដូចម្ដេច​ខ្លះ?

ចម្លើយ៖ វិធាន​ការ​ការពារ​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម​មាន​ដូចជា៖ ១. វិធាន​ការ​បែប​សមូហភាព៖ លុប​បំបាត់​ទី​ជម្រក​មូស​ពង​ដែល​អាច​បង្កើត​ជា​ដង្កូវ​ទឹក (ព្រៃ​ជុំវិញ​ផ្ទះ សំបក​កង់​ឡាន​ចាស់ៗ សំបក​កំប៉ុង​ចាស់ៗ ការ​គ្រប់គ្រង និង​លុប​បំបាត់​ដង្កូវ​ទឹក ការ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វ​មូស។ យុទ្ធនាការ​អប់រំ និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ បណ្ដាញ​សង្គម សាលារៀន និង​យុទ្ធនាការ​ផ្សេងៗ​ក្នុង​សហគមន៍​ជាដើម។

២. វិធាន​ការ​បែប​បុគ្គល៖ គេង​ក្នុង​មុង ប្រើ​ថ្នាំ​លាប​ការពារ​កុំ​ឲ្យ​មូស​ខាំ​ស្លៀកពាក់​ខោអាវ​វែងៗ និង​ប្រាប់​ក្មេងៗ​ឲ្យ​ចៀស​វាង​ការ​លេង​នៅ​ទី​កន្លែង​ងងឹត​ដែល​សំបូរ​សត្វ​មូស។ល។

 

សំណួរ១១ – បច្ចុប្បន្ន មាន​ថ្នាំ​ចាក់​បង្ការ​ជំងឺ​គ្រុន​ឈាម​ហើយ​ឬ​នៅ?

ចម្លើយ៖ កាល​ពី​ចុង​ឆ្នាំ២០១៥ និង​ដើម​ឆ្នាំ​២០១៦ នេះ ថ្នាំ​ចាក់​បង្ការ​ជំងឺ​គ្រុន​ឈាម​ដំបូង​គេ​បំផុត​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​សាណូហ្វី​ប៉ាស្ទ័រ​របស់​បារាំង​ត្រូវ​បាន​គេ​ចុះ​បញ្ជិកា​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ប្រទេស​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​កើត​មាន​ជំងឺ​គ្រុន​ឈាម។ កាល​ពី​ខែ​មេសា កន្លង​ទៅ​នេះ ហ្វីលីពីន​បាន​អនុវត្ត​មុន​គេ​នូវ​ការ​ដាក់​បញ្ចូល​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ឈាម​ទៅ​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ថ្នាក់​ជាតិ​របស់​ខ្លួន។ សម្រាប់​កម្ពុជា ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ឈាម​នេះ​នៅ​មិន​ទាន់​មក​ដល់​នៅ​ឡើយ ប៉ុន្តែ​សង្ឃឹម​ថា​វា​នឹង​អាច​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

 

សាណូហ្វី ជា​ក្រុមហ៊ុន​ឱសថ​ឈាន​មុខ​គេ​មួយ​លើ​ពិភពលោក បាន​រក​ឃើញ និង​កែច្នៃ ព្រម​ទាំង​ចែក​ចាយ​ផលិតផល​ដែល​ផ្តោត​សំខាន់​លើ​តម្រូវ​ការ​របស់​អ្នក​ជំងឺ​ជា​ចម្បង។ សាណូហ្វី មាន​ចំណុច​ស្នូល​​សំខាន់ៗ ៥ ក្នុង​វិស័យ​ថែទាំ​សុខភាព ដូចជា ផ្នែក​ទឹក​នោម​ផ្អែម និង​សរសៃ​ឈាម​បេះដូង,​វេជ្ជសាស្រ្ត​ទូទៅ និង​ទីផ្សារ​ថ្មីៗ, សាណូហ្វី Genzyme, សាណូហ្វីប៉ាស្ទ័រ និង​សុខភាព​សត្វ។

 

សាណូហ្វីប៉ាស្ទ័រ ជា​ស្ថាប័ន​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​សាណូហ្វី ដែល​ផលិត​ថ្នាំ​បង្ការ​លើស​ពី​១០០០​លាន​ដូស​ក្នុង​មួយ​ឆ្នាំៗ ដែល​ផ្ដល់​ការ​ការពារ​ដល់​មនុស្ស​លើស​ពី​៥០០​លាន​នាក់​ទូទាំង​សាកល​លោក។ ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ឈាន​មុខ​គេ និង​ធំ​ជាង​គេ​ក្នុង​ឧស្សាហកម្ម​ថ្នាំ​បង្ការ​នៅ​លើ​សកល​លោក​អស់​រយៈ​ពេល​ជាង​មួយ​សតវត្ស​មក​ហើយ សាណូហ្វីប៉ាស្ទ័រ បាន និង​កំពុង​ផលិត​ថ្នាំ​បង្ការ​ការពារ​ជីវិត​ដែល​មាន​គុណភាព​ខ្ពស់​សមស្រប​នឹង​តម្រូវការ​ផ្នែក​សុខភាព​សាធារណៈ។ ក្រុមហ៊ុន វិនិយោគ​ក្នុង​ទឹក​ប្រាក់​លើស​ពី ១លាន​អឺរ៉ូ សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថ្មីៗ​ជា​រៀងរាល់​ថ្ងៃ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល www.sanofipasteur.com  ឬ  www.sanofipasteur.us

 

អត្ថបទ៖ ពាណិជ្ជកម្ម