ក្រុមហ៊ុន SingMeng ចុះ​ហត្ថលេខា​ផ្តាច់​មុខ​ជាមួយ​នឹង​ស្ថានីយ៍​ទូរទស្សន៍ CCTVប្រទេសចិន

  • 2016-08-27 00:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​ការ​បន្ត​ជំរុញ​គំនិត​ផ្តួច​ផ្តើម​លើ​កិច្ច​សហ​ប្រតិបត្តិការ «ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ» របស់​ប្រទេស​ចិន ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ប្រទេស​កម្ពុជា​និង​ចិន​ក៏​បាន​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ដំណាក់​កាលថ្មី​នៃ​ការអភិវឌ្ឍ​ដ៏​ស៊ី​ជម្រៅ។ ក្រុមហ៊ុន​ SingMeng ចុះ​​ហត្ថលេខា​​​ផ្តាច់​​មុខ​​ជាមួយ​​នឹង​​ស្ថានីយ៍​​ទូរទស្សន៍ CCTV ប្រទេស​ចិន​លើ​កិច្ច​ព្រម​ព្រៀង​ប៉ុស្តិ៍​ទូរទស្សន៍ “Hi-Cambo!” ដើម្បី​ផ្តល់​នូវ​សេវា​ខ្លឹមសារ​ដែល​មាន​គុណភាព​ល្អ​ជូន​ប្រជាជន​កម្ពុជា។

 

នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា «ពិធី​បង្កើត​សហគមន៍​សហ​ប្រតិបត្តិការ​អន្តរជាតិ​ទូរទស្សន៍​ផ្លូវ​សូត្រ និង កិច្ច​ប្រជុំ​កំពូល» ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ប៉េកាំង។

 

 

ពិធី​នេះ​មាន​ការ​ចូលរួម​ពី៖ -លោក TONG GANG អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌​មាន បោះពុម្ព វិទ្យុ​ភាពយន្ត និង​សោតទស្សន៍​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន -លោក WEI DICHUN អគ្គ​នាយក​រង​ទូរទស្សន៍CCTV -លោកស្រី MA LI ប្រធាន​នាយក​ដ្ឋាន​សហ​ប្រតិបត្តិការ​ នៃ​អគ្គ​នាយក​ដ្ឋាន​សោត​ទស្សន៍​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន -លោក XUE JIJUN ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មេ​ទូរទស្សន៍​អន្តរជាតិ​ប្រទេស​ចិន -ឯកឧត្តម កឹម​ គុណ​​​វឌ្ឍន៍ អគ្គ​នាយក​ទូរទស្សន៍​ជាតិ​កម្ពុជា(TVK) -ឯក​ឧត្តម ផុស សុវណ្ណ អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​កម្ពុជា -លោក HUANG SHUYING ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ -លោក ZHAO CONG ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គ្រុប ខូ អិលធីឌី លោកស្រី NIU YUHONG នាយកប្រតិបត្តិក្រុមហ៊ុនគ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី រួមទាំងតំណាងកម្ពុជា-ចិនជាច្រើនរូបទៀតបានអញ្ជើញចូលរួមក្នុងពិធីនេះ ព្រមទាំងធ្វើជាសក្ខីភាពនៃការបើកផ្សាយប៉ុស្តិ៍ “Hi-Cambo!”។

 

 

ចំពោះ​ការ​បង្កើត​សហគមន៍​សហ​ប្រតិបត្តិការអន្តរជាតិ​ទូរទស្សន៍​ផ្លូវ​សូត្រ និង​ការ​បើក​ផ្សាយ​ប៉ុស្តិ៍ “Hi- Cambo!” លើក​នេះ តំណាង​ទ្វេភាគី​កម្ពុជា-ចិន គឺ​សុទ្ធ​តែ​បាន​ផ្តល់​នូវ​ការ​វាយ​តម្លៃ​យ៉ាង​ខ្ពស់។ទូរទស្សន៍​បាន​ដើរ​តួ​យ៉ាង​សំខាន់​ដែល​មិន​អាចជំនួស​បាន​នៅ​ក្នុង​ការ​ទំនាក់​ទំនង​ទៅ​វិញ​ទៅ​មក​នៃ​ដួងចិត្ត​ប្រជាជន ការ​បង្កើត​សហគមន៍​សហ​ប្រតិបត្តិការ​អន្តរជាតិ​ទូរទស្សន៍​ផ្លូវ​សូត្រ​លើក​នេះ​មាន​អត្ថន័យ​ជា​បង្គោល​គីឡូ​ម៉ែត្រ​ប្រវត្តិ​សាស្ត្រ ដែល​ជា​សញ្ញា​ជំរុញ​និង​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​និង​មនុសាស្ត្រ​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​តាម​បណ្តោយ ‘ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ’កាន់​តែ​ស៊ី​ជម្រៅ។”

 

លោក TONG GANG អគ្គ​នាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន បោះពុម្ព វិទ្យុ ភាពយន្ត និង​សោត​ទស្សន៍​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​បាន​គូស​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសថា៖ «ការ​បើក​ផ្សាយ​ប៉ុស្តិ៍“Hi-Cambo!” ជា​សក្ខី​ភាព​បញ្ជាក់​នូវ​ចំណង​មិត្តភាព​នៃ​ភាព​ជា​បងប្អូន​ល្អ ដៃគូ​ល្អ និង​មិត្ត​ល្អ​រវាង​កម្ពុជា-ចិន និង​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិ​ការវ​ប្បធម៌​កម្ពុជា-ចិន»។

 

ឯកឧត្តម កឹម​ គុណ​​​វឌ្ឍន៍ អគ្គ​នាយក​ទូរទស្សន៍​ជាតិ​កម្ពុជា(TVK)បាន​មាន​ប្រសាសន៍​ក្នុង​ពេល​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ថា៖ ការ​បង្កើត​សហគមន៍​សហ​ប្រតិបត្តិការ​អន្តរជាតិ​ទូរទស្សន៍​ផ្លូវ​សូត្រ និង​ការ​បើក​ផ្សាយ​ប៉ុស្តិ៍​ទូរទស្សន៍ “Hi-Cambo!” គឺ​ជា​ការ​បង្កើត​ថ្មី​មុន​គេ។ បើ​និយាយ​ចំពោះ​ប្រជាជន​កម្ពុជា ការ​ដែល​អាច​ទស្សនា​បាន​នូវ​ខ្លឹមសារ​កម្មវិធី​ដែល​សម្បូរ​បែប ល្អ​ឥត​ខ្ចោះ និង​ថ្មី​សន្លាង​បែប​នេះ ហើយ​ថែម​ទាំង​ជា​ភាសា​ខ្មែរ​ទៀត​ផង​នោះ នេះ​គឺ​ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទូរទស្សន៍​កម្ពុជា។ មិន​ត្រឹម​តែ​បង្ហាញ​ឲ្យ​ឃើញ​ម្តង​ទៀត​នូវ​ទំនាក់​ទំនង​មិត្តភាព​ល្អ​រវាងប្រទេស​ទាំងពីរ​កម្ពុជា-ចិន​ប៉ុណ្ណោះ​ទេ ហើយ​ក៏​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យ​វប្បធម៌​នៃ​ប្រជាជន​ប្រទេស​ទាំងពីរ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ​យ៉ាង​ពិត​ប្រាកដ។

 

 

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប៉ុស្តិ៍“Hi-Cambo!” គឺ​ជា​ប៉ុស្តិ៍​ដែល​ក្រុមហ៊ុន​មេ​ទូរទស្សន៍​អន្តរជាតិ​ប្រទេស​ចិន សហ​ប្រតិបត្តិការ​ប្រកប​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី ក្នុង​ទិសដៅ​ផ្តល់​សេវា​ជូន​គ្រួសារ​ដែល​និយម​ការ​ទស្សនា​ទូរទស្សន៍​នៅ​កម្ពុជា។

 

បច្ចុប្បន្ន “Hi-Cambo!” មាន​ពីរ​ប៉ុស្តិ៍ រួម​មាន ប៉ុស្តិ៍​ពហុ​កម្សាន្ត និង​ប៉ុស្តិ៍​ភាពយន្ត​ឯកសារ។ ការ​បើក​ផ្សាយ​នៅ​ឆ្នាំ​ទី១ ប៉ុស្តិ៍​ពហុ​កម្សាន្ត​នឹង​ចាក់​ផ្សាយ​កម្មវិធី​ដែល​មាន​មិន​តិច​ជាង​១១០០​ម៉ោង​ឡើយ ដោយ​រួម​បញ្ចូល៖ រឿង​ភាគ សិល្បៈ​កម្សាន្ត ភាពយន្ត​ឯកសារ គំនូរ​ជីវចល និង​ព័ត៌មាន។ល។ បើ​តាម​ការ​ព្យាករ ចំនួន​អ្នក​ប្រើប្រាស់​អាច​នឹង​កើន​ដល់​ជាង​៣ម៉ឺន​គ្រួសារ​នៅ​ចុង​ឆ្នាំ ហើយ​នៅ​ពេល​អនាគត មាន​សង្ឃឹម​ថា​នឹង​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។  

«យើងខ្ញុំ​មាន​សមត្ថភាព​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ផ្គត់​ផ្គង់​ធន​ធាន រីឯ​ក្រុមហ៊ុនខេមបូឌាន ស៊ីងម៉ឹង មាន​វេទិកា​ចាក់​ផ្សាយ​ដែល​មាន​ស្ថិរភាព និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន» លោក XUE JIJUN ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មេទូរទស្សន៍​អន្តរជាតិ​ប្រទេស​ចិន​បាន​មាន​ប្រសាសន៍​ក្នុង​ពេល​ផ្តល់​កិច្ច​សម្ភាសន៍​ថា៖ «នេះ​គឺ​ជា​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ម្តង»។

 

គួរ​រំលឹក​ផង​ដែរ​ថា “Hi-Cambo!” គឺ​ជា​ប៉ុស្តិ៍​ក្រៅ​ស្រុក​ដែល​ធ្វើ​តំបន់​ភាវូបនីយ​កម្ម​តែ​មួយ​គត់​នៅ​កម្ពុជា។ កម្មវិធី​ទាំង​អស់​សុទ្ធ​សឹង​តែ​បក​ប្រែ និង​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ​ដោយ​ក្រុមហ៊ុន​មេ​ទូរទស្សន៍​អន្តរជាតិ​ប្រទេស​ចិន ព្រម​ទាំង​ចាក់​ផ្សាយ​ផ្តាច់​មុខ​នៅ​លើ​វេទិកា​របស់​ក្រុមហ៊ុន​ស៊ីងម៉ឹង។

 

លោក ZHAO CONG ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ស៊ីងម៉ឹង ធេលីមីឌា គ្រុប ខូ អិលធីឌី បាន​ថ្លែង​ប្រាប់​អ្នក   សារព័ត៌មាន​ថា៖ តំបន់​ភាវូបនីយ​កម្ម គឺ​ជា​លក្ខណៈ​ពិសេស​ធំ​បំផុត​នៃ​ប៉ុស្តិ៍ “Hi-Cambo!”។ «យើងខ្ញុំ​សង្ឃឹម​ថា ប្រជាជន​កម្ពុជា​អាច​រីករាយ​ជាមួយ​នឹង​ខ្លឹមសារ​កម្មវិធី​ដែល​មាន​គុណភាព​ល្អ​កាន់​តែ​ច្រើន​ថែម​ទៀត​តាម​រយៈ​វេទិកា​របស់​យើង​ខ្ញុំ» គាត់​បាន​ថ្លែង​ទៀត​ថា៖ «យក​ខ្លឹមសារ​ទាំង​អស់​នៃ​ប៉ុស្តិ៍ “Hi-Cambo!” បក​ប្រែ​ទៅ​ជា​ភាសា​ខ្មែរ គឺ​ជា​ការ​អនុវត្ត​ដែល​ល្អ​ប្រសើរ​មួយ។

 

 

ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូ អិលធីឌី ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ចម្បង​ទៅ​លើ​ធុរកិច្ច​អ៊ីនធើណិត​កម្រិត​បញ្ជូន​ទូលាយ(Broadband) ប្រព័ន្ធOTT(Over The Top) និង​ប្រព័ន្ធDTT(Digital Terrestrial Television ទូរទស្សន៍​ឌីជីថល​តាម​រលក​សញ្ញា) ផលិត​ផល​រួមមាន៖ “S Net”  “S TV” កម្មវិធី​ទូរសព្ទ​ដៃ “S Plus” និង“S Play”។

 

បច្ចុប្បន្ន​បណ្តាញ​ឆ្អឹង​ខ្នង​របស់​ក្រុមហ៊ុនស៊ីងម៉ឹង សុទ្ធ​សឹង​ប្រើ​ប្រាស់​នូវ​បច្ចេក​វិទ្យា​ខ្សែ​កាប្លិ៍​អុបទិក​ដែល​ថ្មី​បំផុត បាន​គ្រប​ដណ្តប់​លើ​តំបន់​លើស​ពី​៧០%​នៃ​ប្រទេស​កម្ពុជា ថ្លៃ​សេវា​អ៊ីនធើណិត​កម្រិត​បញ្ជូន​ទូលាយ​ដែល​មាន​ល្បឿន៦Mbរបស់​ស៊ីងម៉ឹង គឺ​មាន​តម្លៃ​ត្រឹម​តែ១២,៩៩ដុល្លារ​អាម៉េរិក​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ រីឯ​សេវាDTTវិញ អ្នក​ប្រើប្រាស់​គឺ​គ្រាន់​តែ​ចំណាយ​តែ​២​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ លើស​ពីនេះ​ទៅ​ទៀត ស៊ីងម៉ឹងនៅ​ មាន​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​អាជីវកម្ម​ផ្តាច់មុខ​លើ​ប្រព័ន្ធOTT ដែល​មាន​តែ​មួយ​គត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា អ្នក​ប្រើ​ប្រាស់​ អាច​ទស្សនា​កម្មវីធី​ប៉ុស្តិ៍​ទូរទស្សន៍​ជា​ភាសា​ខ្មែរ ចិន និង​អង់គ្លេស​ជាង​១០០​ប៉ុស្តិ៍​នៅ​លើប្រព័ន្ធOTT។

 

«ក្នុង​នាម​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចាក់​ឫស​គល់​នៅ​កម្ពុជា យើង​ខ្ញុំ​តែង​តែ​ប្តេជ្ញា​ចិត្ត​ដើម្បី​ផ្តល់​សេវា​បណ្តាញ​អ៊ីនធើណិត និង​ខ្លឹមសារ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រកប​ដោយ​គុណភាព​ល្អ​បំផុត​ជូន​ប្រជាជន​កម្ពុជា លោកស្រី NIU YUHONG នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​គ្រុប និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ ក្រុមហ៊ុន ខេមបូឌាន ស៊ីងម៉ឹង ធេលីមីឌា ខូ   អិលធីឌី បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន។

 

លោក​ស្រី​បាន​បន្ត​ថា «បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិក​ក្រោមដី​របស់​យើងខ្ញុំ​មាន​ស្ថិរភាព និង​គួរ​ឲ្យ​ទុក​ចិត្ត​បាន រីឯ​តម្លៃ​នៃ​សេវាអ៊ីនធើណិត​កម្រិត​បញ្ជូន​ទូលាយ​ខ្សែ​កាប្លិ៍​អុបទិក ប្រព័ន្ធOTT និងDTTវិញ ក៏​ប្រជាជន​អាច​ទទួល​យក​បាន​ដែរ។ ក៏​ប៉ុន្តែ​ការ​ប្រាថ្នា​ចង់​បាន​របស់​យើងខ្ញុំ គឺ​នៅ​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត យើង​ខ្ញុំ​ក៏​សង្ឃឹម​ថា​ឆ្លង​តាម​រយៈ​ប៉ុស្តិ៍​ទូរទស្សន៍ “Hi-Cambo!”មួយ​នេះ អាច​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា​រីករាយ​ជាមួយ​នឹង​អារម្មណ៍​កម្សាន្ត​ធំ​បំផុត​ដែល​បាន​នាំ​មក​ជូន​ដោយ​បច្ចេកវិទ្យា​និង​ទូរទស្សន៍»៕

 

អត្ថបទៈ ពាណិជ្ជកម្ម