TrueMoney និង GL Finance សហការ​គ្នា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន

  • 2016-08-27 15:54:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន GL Finance និង​ទ្រូម៉ាន់នី (TrueMoney) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្ដី​ពី​ការ​ប្រើ​ប្រាស់​កម្មវិធី​ហិរញ្ញ​វត្ថុ​ឌីជីថល​ GLF​ សម្រាប់​ភ្នាក់​ងារ​ទ្រូម៉ាន់នី និង​ភ្នាក់​ងារ​ចែក​ចាយ​ GL កាល​ពី​ថ្ងៃ​២៦ ​សីហា ម្សិលមិញ​នេះ នៅ​ក្រុមហ៊ុន​ GL Finance ផ្លូវ​កម្ពុជា​ក្រោម។

 

តាម​រយៈ​កិច្ច​ព្រមព្រៀង​នៅ​ពេល​នេះ ភ្នាក់​ងារ​ទ្រូម៉ាន់នី​នៅ​ទូទាំង​ប្រទេស​ អាច​មាន​លទ្ធភាព​ណែនាំ​អតិថិជន​របស់​ខ្លួន​ឲ្យ​ប្រើ​ប្រាស់​សេវា​របស់​ក្រុមហ៊ុន​ GL Finance ដែល​ផ្ដល់​លើ​ម៉ូតូ​ម៉ាក​ហុងដា​ គ្រឿង​ចក្រ​កសិកម្ម​គូបូតា​ និង​ប្រព័ន្ធ​បន្ទះ​សូឡា​ម៉ាក​ប៉ាណាសូនិក បាន។ ឯ​អតិថិជន​ GL Finance ក៏​អាច​បង់​វិក្កយបត្រ​របស់​ខ្លួន និង​ប្រើ​ប្រាស់​សេវាកម្ម​ផ្សេង​ទៀត ដូច​ជា ផ្ទេរ​ប្រាក់ ឬ​ដាក់​ប្រាក់​ តាម​រយៈ​ភ្នាក់​ងារ​ទ្រូម៉ាន់នី​ នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

 

 

លោក រីគី អ៊ីសីហ្គាមី (Riki Ishigami) នាយក​ប្រតិបត្តិ GL Finance បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​ជា​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ (Financial Leasing) ធំ​ជាង​គេ និង​ដំបូង​គេ​នៅ​កម្ពុជា។ ក្រោម​ការ​សហការ​គ្នា​រវាង​ GL Finance និង​ទ្រូម៉ាន់នី​អស់​ជិត​៩​ខែ​មក​នេះ​ អតិថិជន​របស់ GL Finance អាច​បង់​លុយ​ទៅ​ក្រុម​ហ៊ុន​តាម​រយៈ​ភ្នាក់​ងារ​របស់​ទ្រូម៉ាន់នី​បាន។ ចំណែក​ភ្នាក់​ងារ​របស់​ទ្រូម៉ាន់នី​ក៏​អាច​ប្រើ​សេវា​របស់​ GL Finance ​ដោយ​ដំឡើង​កម្មវិធី GL Digital Finance Application តាម​រយៈGoogle Play Store។

 

លោក​ អ៊ីសីហ្គាមី បន្ថែម​ថា៖ "ខ្ញុំ​ជឿ​ជាក់​ថា​កិច្ច​សហការ​នេះ​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ទី​ផ្សារ​ទូលំ​ទូលាយ​ជាង​មុន​ដើម្បី​ពង្រីក​ប្រតិបត្តិការ​ឲ្យ​​កាន់​តែ​ជោគ​ជ័យ​ ព្រោះ​ថា​អតិថិជន​គោល​ដៅ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​​ គឺ​អ្នក​នៅ​ពី​លើ​បន្ទាត់​ភាព​ក្រី​ក្រ​ដូច​គ្នា​ដែល​ភាគ​ច្រើន​មិន​ទាន់​មាន​គណនី​ធនាគារ​ប្រើ​ប្រាស់"។

 

លោក រីគី អ៊ីសីហ្គាមី នាយក​ប្រតិបត្តិ GL Finance

 

ចំណែក​លោក គង់​ មាន នាយក​គ្រប់​គ្រង​ទូ​ទៅ​ក្រុមហ៊ុន​ទ្រូម៉ាន់នី​ប្រចាំ​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ទ្រូម៉ាន់នី​ តែង​តែ​ផ្ដល់​នូវ​សេវា​កម្ម​ផ្សេងៗ​ ដើម្បី​ធ្វើ​ឲ្យ​អតិថិជន​មាន​ភាព​ងាយ​ស្រួល​ ដោយ​កន្លង​មក​ ក្រុមហ៊ុន​បាន​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ GL Finance​ នេះ​លើ​សេវា​កម្ម​បង់​វិក្កយបត្រ​បង់​រំលស់​ផង​ដែរ៕

 

  • ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ ជា​ក្រុមហ៊ុន​ផ្ដល់​កម្ចី និង​ទូទាត់​មក​វិញ​ដោយ​បង់​រំលស់

 

លោក គង់​ មាន នាយក​គ្រប់​គ្រង​ទូ​ទៅ​ក្រុមហ៊ុន​ទ្រូម៉ាន់នី​ប្រចាំ​កម្ពុជា

 

 

អត្ថបទ៖ ឆៃ យ៉ារិទ្ធ