យុវវ័យ​ច្រើន​កុះករ ចូលរួមកម្មវិធី​​ «រត់​ដើម្បី​បរិស្ថាន​»

  • 2016-08-29 18:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​រត់​ប្រណាំង​​ «អេ. ស៊ី. អ៊ី. រត់​ដើម្បី​បរិស្ថាន​» ​​បាន​រៀប​ចំ​ឡើង​កាល​ពី​ម្សិលមិញ នៅ​ក្នុង​បរិវេណ​ទី​ក្រុង​រណប​កោះ​ពេជ្រ ​ដោយ​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​​ ភាគច្រើន​ជា​យុវវ័យ។ ពួក​គេ​ចូល​រួម​កម្មវិធី​នេះ​ក៏​ព្រោះ​តែ​ស្រលាញ់​បរិស្ថាន និង​ដើម្បី​សុខភាព។

 

 

យុវតី ជីរ៉ា ដែល​ជា​សិស្ស​នៅ​សាលា​ អេ​.ស៊ី.អ៊ី បាន​ប្រាប់​ Sabay ​ថា ​ការ​មក​ចូល​រួម​កម្មវិធី​នេះ​មិន​ត្រឹម​តែ​ដើម្បី​បរិស្ថាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ការ​ហាត់​ប្រាណ​សម្រាប់​សុខភាព​ផ្ទាល់​ខ្លួន​ផង​ដែរ។​ ជីរ៉ា​ បញ្ជាក់​ថា៖​"ខ្ញុំ​ចូលចិត្ត​កម្មវិធី​បែប​នេះ​បង​! ព្រោះ​វា​ជា​សកម្មភាព​ជួយ​ដល់​បរិស្ថាន​ ថែម​ទាំង​អាច​ឲ្យ​អ្នក​ចូល​រួម​ហាត់​ប្រាណ​បែប​ញើស​ដើម្បី​សុខភាព​ ហើយ​ខ្ញុំ​ក៏​ចង់​ឲ្យ​កម្មវិធី​បែប​នេះ​ធ្វើ​បន្ថែម​ទៀត​ឲ្យ​បាន​ច្រើន"។

 

 

ស្រដៀង​គ្នា​នេះ​ដែរ​ ឆ្លើយ​ទៅ​នឹង​សំណួរ​ថា​ហេតុ​អ្វី​បាន​ជា​សុខ​ចិត្ត​ចំណាយ​ពេល​ចុង​សប្ដាហ៍​មក​ចូលរួម​កម្មវិធី​នេះ? វត្តី ​បាន​ថ្លែង​ទាំង​ញញឹម​ថា៖ "ខ្ញុំ​ចូលរួម​សកម្មភាព​បែប​ហ្នឹង​ ព្រោះ​វា​បាន​ប្រយោជន៍​ពីរ​យ៉ាង!​​ គឺ​បាន​សប្បាយ​ជា​មួយ​មិត្តភ័ក្ដិ​ផង​ និង​បាន​ជួយ​ដល់​សកម្ម​ភាព​ដាំ​ដើម​ឈើ​ផង"។​​

 

គោល​បំណង​សំខាន់​របស់​កម្មវិធី​​ «អេ. ស៊ី. អ៊ី. រត់​ដើម្បី​បរិស្ថាន​»​ ​គឺ​ដើម្បី​បំផុស​ការ​យល់​ដឹង​ស្ដី​ពី​បរិស្ថាន​និង​សារសំខាន់​នៃ​ការ​ដាំ​ដើមឈើ​ ហើយ​ថវិកា​ទាំង​ស្រុង​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​នឹង​យក​ទៅ​ដាំ​ដើមឈើ​បន្ថែម​ទៀត៕

 

 

 

អត្ថបទៈ យ៉ារិទ្ធ

អត្ថបទពេញនិយម