យុវវ័យ​យល់​យ៉ាង​ណា​ចំពោះ​ការ​និយាយ​​ភាសា​​ខ្មែរ​លាយ​​​​ពាក្យ​​អង់គ្លេស?

  • 2016-08-29 21:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​និយាយ​​​ភាសា​​​ខ្មែរ​ ក្នុង​ការ​សន្ទនា​​ប្រាស្រ័យ​ទាក់​ទង​គ្នា​នា​ពេល​បច្ចុប្បន្ន​ គេ​តែង​សង្កេត​ឃើញ​​ ការ​និយម​​​និយាយ​​លាយ​ពាក្យ​​​អង់គ្លេស​។ តួ​យ៉ាង​ដូច​ជា​ការ​​និយាយ​៖"បទ​ Original ថ្មី​​ចេញ​ហើយ​មាន ​​Download មក​អត់?” “ខ្ញុំ​គិត​ថា​យើង​គូរ​តែ​ Practice ការ​និយាយ​ភាសា​អង់គ្លេស​យើង​ឲ្យ​ច្រើន​ដើម្បី​ Improve​​ ឲ្យ​វា​ Fluent បន្តិច​​ ​“ជា​ដើម។ ការ​និយាយ​នោះ​ភាគ​ច្រើន​គឺ​​ចេញ​មក​​ពី​យុវវ័យ ដូច​នេះ​ពួក​គេ​​យល់​​យ៉ាង​ណា?

 

​ យុវជន​​ បូ ពិសិដ្ឋ​ និស្សិត​ផ្នែក​​ព័ត៌មាន​វិទ្យា​ នៅ​វិទ្យាស្ថាន​ជាតិ​​ប្រៃសណីយ៍​ ទូរគមនាគមន៍ បច្ចេកវិទ្យា​​គមនាគមន៍​បាន​លើក​ឡើង​ថា ខ្លួន​ធ្លាប់​និយាយ​​លាយ​​​​ខ្លះ គឺ​ដោយ​សារ​ពាក្យ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​មួយ​ចំនួន​ជា​ពាក្យ​បច្ចេកទេស​អង់គ្លេស ដែល​​ពិបាក​​បក​ប្រែ​ជា​អត្ថន័យ​ក្នុង​ភាសា​ខ្មែរ តួ​យ៉ាង​ដូច​ជា​ពាក្យ​ Download Upload Search ….។ ​យុវជន​​ បូ ពិសិដ្ឋ​ បាន​បន្ថែម​ថា៖ "ពាក្យ​អង់គ្លេស​ខ្លះ​អាច​បក​ប្រែ​បាន​តែ​​​វា​វែង ឬ​ឆ្គង ធ្វើ​ឲ្យ​អ្នក​ប្រើ​មិន​ទម្លាប់​បាន "។ ​

 

ទៅ​ស្ដាប់​លោក អ៊ុយ សាមាន អ្នក​គ្រប់​គ្រង​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​​ បាន​ប្រាប់​ថា ពេល​ខ្លះ​លោក​​ក៏​ចូល​ចិត្ត​និយាយ​លាយ​ពាក្យ​អង់គ្លេស​​​​ច្រើន​គួរ​សម​ដែរ ដោយ​ការ​និយាយ​នោះ​​គឺ​អាស្រ័យ​លើ​ស្ថានភាព​ជាក់​ស្ដែង​ ពោល​គឺ​​អ្នក​​ដែល​លោក​និយាយ​​ទៅ​រក យល់​ពី​ពាក្យ​ទាំង​នោះ។

 

ចំពោះ​មតិ​លោក សាមាន​​ផ្ទាល់​ លោក​​បាន​និយាយ​ថា៖ "ការ​និយាយ​បែប​នោះ​ អាច​ជួយ​​ឲ្យ​ភាសា​(បរទេស​) របស់​យើង​​​ល្អ​ផង​ដែរ ជាក់​ស្ដែង​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន យើង​ប្រើ​ភាសា​ហ្នឹង​( អង់គ្លេស​) ដូច​នេះ​វា​ដូច​ជា​ការ​​អនុវត្ត​ភាសា​មួយ​ដែរ"។​​​​​​

 

​ដោយ​ឡែក​​ ទៅ​ស្ដាប់​ យុវតី លីម ប៉ាជូ សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​ ច្បារ​អំពៅ​បាន​​​និយាយ​ថា ​​ការ​និយាយ​ភាសា​ខ្មែរ​​លាយ​​ពាក្យ​អង់គ្លេស​​ ភាគ​ច្រើន​តែង​តែ​កើត​ឡើង​ ដោយ​សារ​តែ​អ្នក​និយាយ​​ទាំង​នោះ​ ពូកែ​ខាង​​ភាសា​អង់គ្លេស​​ ជា​ពិសេស​អ្នក​រៀន​​នៅ​សកលវិទ្យាល័យ។

 

​​​​​​យ៉ាង​ណា​មិញ​ យុវតី​រូប​នេះ​បាន​លើក​ពី​មតិ​​​​ផ្ទាល់​ខ្លួន​ថា ៖ "​ភាសា​​អង់គ្លេស​​អាច​ជា​ជម្រើស​ទី​​ពីរ​​។ ​យើង​មាន​ភាសា​កំណើត​យើង ដូច​នេះ​គួរ​តែ​ប្រើ​ភាសា​ខ្មែរ ហើយ​វា​មាន​ភាព​ខុស​ប្លែក​ពី​ប្រទេស​ផ្សេង​ ដូច​ជា​ប្រទេស​ខ្លះ​​ ពួក​គេ​​និយាយ​លាយ​អង់គ្លេស​ខ្លះ​​ ព្រោះ​ពួក​គេ​អត់​មាន​ភាសា​ដើម​​របស់​ពួក​គេ"។​​​​

 

ងាក​ទៅ​ស្ដាប់​​លោក រឿន សុចិត្រា បុគ្គលិក​​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​វិញ ​បាន​​លើក​ឡើង​​ពី​គំនិត​ផ្ទាល់​ខ្លួន​ថា៖ "តាម​គំនិត​ខ្ញុំ​ គិត​ថា វា​មិន​ល្អ​ទេ​ វា​​អាច​ប៉ះ​ពាល់​ដល់​ភាសា​ខ្មែរ​យើង​ដែរ។ អីចឹង​​ យើង​ទាំង​អស់​គ្នា​គួរ​តែ​​និយាយ​ បែង​ចែក​ឲ្យ​​ច្បាស់​ បើ​និយាយ​អង់គ្លេស​​ឲ្យ​ដឹង​អង់គ្លេស បើ​និយាយ​ខ្មែរ​​ឲ្យ​ដឹង​ខ្មែរ "៕

 

ខាង​លើ​នេះ​​ ជា​មតិ​មួយ​ចំនួន​ប៉ុណ្ណោះ ចុះ​ប្រិយមិត្ត​អ្នក​អាន​យល់​យ៉ាង​ណា​ដែរ?

 

ចុចអាន៖  ហេតុអ្វី​យុវវ័យ​មិន​សូវ​ចូល​ចិត្ត​សរសេរ​អក្សរ​ខ្មែរ​លើ​បណ្ដាញ​សង្គម?

 

អត្ថបទ​៖ មាន រតនា​​​ ​​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី