ទោះ​គុណភាព​សាង​សង់​ល្អ​​ផ្ដាច់ ក៏​​អតិថិជន​នឹង​បាត់​ទំនុក​ចិត្ត​បើ​ខ្វះ​មួយ​ចំណុច​នេះ​​

  • 2016-08-29 23:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​របស់​ម្ចាស់​គម្រោង​ដែល​ធ្វើ​ឲ្យ​អតិថិជន​លែង​មាន​ជំនឿ​ចិត្ត​តទៅ​ទៀត ត្រូវ​បាន​អ្នក​ជំនាញ​អចលនទ្រព្យ​យល់​ថា​គឺ​ការ​សន្យា​ដែល​មិន​បាន​កំណត់​ដូច​ផែនការ​របស់​​ខ្លួន​។​

 

 

នៅ​ពេល​សំណង់​ខ្លួន​ចាប់​ផ្ដើម​បុក​គ្រឹះ​ ម្ចាស់​គម្រោង​បាន​កំណត់​ផែន​ការ​ថា​នឹង​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​នៅ​ឆ្នាំ​ណា​មួយ ដែល​ធ្វើ​ឲ្យ​អតិថិជន​ទុក​ចិត្ត​។ តែ​ផ្ទុយ​ទៅវិញ គម្រោង​ខ្លះ​បែរ​ជា​ផ្អាក​ពាក់​កណ្ដាល​ទី និង​ខ្លះ​ទៀត​ដល់​ឆ្នាំ​កំណត់​ហើ​យ​បែរ​ជា​មិន​ទាន់​រួច​រាល់​ទៅវិញ។​

 

លោក ចេង ខេង អគ្គ​នាយក​ក្រុមហ៊ុន​​ CPL បាន​និយាយ​ថា ​ចង់​លក់​ខុន​ដូ​មួយ​ទទួល​ជោគជ័យ​ គឺ​ម្ចាស់​គម្រោង​ត្រូវ​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​តាម​ផែន​ការ​ដូច​កំណត់។ នេះ​ជា​ទំនុក​ចិត្ត​ខ្ពស់​មួយ​ដែល​អតិថិជន​ត្រូវ​ការ​បំផុត និង​មិន​បង្ក​ការ​ព្រួយ​បារម្ភ​។​​ លោក​បន្ត​ថា​​ ចៀស​វាង​ការ​ទិញ​អចលនទ្រព្យ​ប្រឈម​នឹង​ហានិភ័យ​ អតិថិជន​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​ពី​ប្រវត្តិ​កេរ្តិ៍ឈ្មោះ​របស់​ម្ចាស់​គម្រោង​ រួម​ទាំង​អាជ្ញា​បណ្ណ​ផង​​ដែរ ចៀសវាង​សំណង់​នោះ​ផ្អាក​ដំណើរ​ការ​កណ្ដាល​ទី។​

 

 

សម្រាប់​ខុន​ដូ​មួយ​ដែល​ទើប​ចាប់​ផ្ដើម​ដំណើរ​ការ​សាង​សង់​របស់​ខ្លួន​តាម​បណ្ដោយ​ផ្លូវ​មុនីវង្ស​ក្នុង​សង្កាត់​បឹង​ត្របែក ត្រូវ​បាន​អ្នក​គ្រប់​គ្រង​ការ​លក់​នៃ​គម្រោង​នេះ​ កញ្ញា ឆឹង សុ​ធា​រ៉ា បាន​ឲ្យ​ដឹង​ថា ​គម្រោង​ Sino Plaza នឹង​បញ្ចប់​នៅចុង​ឆ្នាំ​២០១៨ ដោយ​គ្រោង​ចំណាយ​ប្រមាណ ២០០លានដុល្លារ។ ទំនុក​ចិត្ត​មួយ​ដែល​ផ្ដល់​ដល់​អតិថិជន គឺ​គម្រោង​​នេះ​នឹង​មិន​ប្រឈម​ការ​សង់​ចោល​ពាក់​កណ្ដាល​ទី​ឡើយ ដោយសារ​ខុន​ដូ​នេះ​មាន​ទុន​វិនិយោគ​គ្រប់​គ្រាន់​ ហើយ​ជា​គម្រោង​វិនិយោគ​ឡើង​ពី​ក្រុម​ហ៊ុន​ធំ​មកពី​ហុង​កុង​និង​ចិន ដែល​​​​​​​​ទទួល​ស្គាល់​​ដោយ​រដ្ឋា​ភិបាល​ចិន។ ម្ល៉ោះហើយ បើ​ខុន​ដូ​នេះ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ក៏​រដ្ឋាភិបាល​ចិន​នឹង​មាន​ទុន​បម្រុង​សម្រាប់​គម្រោង​នេះ​សង់​ដល់​ទី​បញ្ចប់​ផង​ដែរ។​​​

 

គេ​ឃើញ​ថា ​កន្លង​មក​សំណង់​អាគារ​និង​ខុន​ដូ​មួយ​ចំនួន​បាន​បង្ក​ជា​វិបត្តិ​ទំនុក​ចិត្ត​ដល់​អ្នក​ទិញ។​ សំណង់​អាគារ ៤២ជាន់​ បាន​ផ្អាក​គម្រោង​របស់​ខ្លួន​កណ្ដាល​ទី​។ រី​ឯ​ថ្មីៗ​នេះ ខុន​ដូ​មួយ​នៅ​ម្ដុំ​ជ្រោយ​ចង្វារ​ ក៏​បាន​ប្រកាស​ថា​នឹង​ផ្អាក​ដំណើរការ​សាង​សង់​របស់​ខ្លួន​ផង​ដែរ។ នេះ​ជា​គ្រោះ​ថ្នាក់​ខ្លាំង​បំផុត​សម្រាប់​អតិថិជន៕

 

អត្ថបទ៖ លឹម សុ​នា