កំពូល​តារា​ភាព​យន្ត​ថៃ កញ្ញា Bella នឹង​មក​ជួប​ប្រិយ​មិត្ត​របស់​ខ្លួន​នៅ​កម្ពុជា​ឆាប់ៗ​នេះ

  • 2016-08-29 23:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ភាព​យន្ត​ថៃ កញ្ញា Bella នឹង​ធ្វើ​ដំណើរ​ពិសេស​មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ជួប​ជាមួយ​ប្រិយមិត្ត​របស់​ខ្លួន​ជា​ច្រើន​នៅ​កម្ពុជា​ក្នុង​ខែ​តុលា ខាង​មុខ​នេះ។

 

ដំណើរ​មក​ដល់​ទឹក​ដី​ដ៏​ស្រស់​បំព្រង​របស់​កម្ពុជា​លើក​នេះ តារា​ភាពយន្ត​នៃ​ស្ថានីយ​ទូរទស្សន៍​ដ៏​ល្បី​របស់​ថៃ TV3 នឹង​ទទួល​ពិធី​ស្វាគមន៍ ក៏​ដូចជា​ចូលរួម​ក្នុង​ជំនួប​ពិសេស​មួយ​នៅ​ឯ​ផ្សារ​ទំនើប​អ៊ីអន។

 

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន បាន​បញ្ជាក់​ថា៖ "កញ្ញា Bella ជា​តារា​ល្បី​ម្នាក់​ក្នុង​ចំណោម​តារា​ល្បីៗ​របស់​ថៃ​ជាច្រើន​ដែល​គាំទ្រ​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន។ ការ​មក​កាន់​កម្ពុជា​របស់​នាង​លើក​នេះ គឺ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​ភីអិនអិន​ក្នុង​ការ​នាំ​យក​តារា​ល្បីៗ និង​ភាព​យន្ត​ល្អៗ​ជូន​ដល់​ទូរ​ទស្សនិកជន​កម្ពុជា"។

 

កញ្ញា​បន្ថែម​ថា៖ "ក្នុង​សប្ដាហ៍​នេះ ភីអិនអិន​ក៏​នឹង​ចាក់​បញ្ចាំង​រឿង​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​របស់ Bella គឺ​រឿង វិមាន​មេខលា​ ចាប់​ពី​ថ្ងៃ​ពុធ ទី​៣១ សីហា។ ដោយ​ឡែក​រឿង «ភរិយា​បណ្ដូល​ចិត្ត» ដែល​ជា​ខ្សែ​ភាពយន្ត​ល្បី​បំផុត​នៅ​ថៃ ភីអិនអិន នឹង​ចាក់​បញ្ចាំង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ"។

 

កញ្ញា Ranee Campen ឬ Bella ជា​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ថៃ TV3 ដែល​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ដោយ​ចាប់​ផ្ដើម​ដំបូង​ជា​តារា​ម៉ូដែល មុន​ពេល​ចុះ​កុងត្រា​ជា​តារា​សម្ដែង​ប្រចាំ​ប៉ុស្តិ៍​លេខ​៣​ថៃ នៅ​ឆ្នាំ​២០១១។

 

តារា​សម្តែង​វ័យ​២៦​ឆ្នាំ​រូប​នេះ កាល​ពី​ឆ្នាំ​២០១៣ ទទួល​បាន​តំណែង​តួ​ឯក​ស្រី​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង Porn Prom Onlaweng ដែល​ជា​រឿង​ជាប់​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​ចំណោម​រឿង​ភាគ​នៅ​ក្នុង​ម៉ោង​មាស​ទាំង​អស់​របស់​ស្ថានីយ​ប៉ុស្តិ៍​លេខ​៣​ថៃ​ក្នុង​ឆ្នាំ​នោះ។ បន្ទាប់​មក នាង​ក៏​បាន​សម្តែង​ជា​តួ​ឯក​នៅ​ក្នុង​រឿង​ភាគ​បន្ត​បន្ទាប់​ទៀត​ឲ្យTV3 មាន​ដូចជា​រឿង Gentleman Puttipat, Child of a Slave, Flame of Chimplee, Two Worlds of Love, Faithful and Beloved Wife, និង​រឿង​ចុង​ក្រោយ​បង្អស់ Mekkala's Castle។

 

 

ឆ្នាំ២០១៣ តារា​សម្ដែង​កូន​កាត់​ថៃ​អង់គ្លេស​រូប​នេះ បាន​ទទួល​ពាន​រង្វាន់​ជា Fantasy Couple of the Yearពី Kerd Awards ជាមួយ​នឹង​លោក James Jirayu បន្ទាប់​ពី​ពួកគេ​បាន​សម្ដែង​រឿង Gentleman Puttipat។ មិន​តែ​ប៉ុណ្ណោះ​ នាង​ក៏​ធ្លាប់​បាន​ទទួល​ពាន​រង្វាន់​ជា​តារា​ស្រី​មាន​ប្រជាប្រិយ​ភាព​បំផុត​ពី​កាសែត12th Kom Chad Luek ផង​ដែរ។

 

រឿង​ភាគ​ចុង​ក្រោយ​បង្អស់​របស់ Bella នឹង​ចាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន នៅ​ថ្ងៃ​ពុធ ទី​៣១ សីហា នេះ​ហើយ គឺ​រឿង Mekkala's Castle ឬ វិមាន​មេខលា បន្ទាប់ពី​រឿង ចំណង​ស្នេហ៍ អន្ទាក់​កម្ម ដែល​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់ ដល់​ម៉ោង​១​រសៀល។

 

 

វិមាន​មេខលា ជា​ភាព​យន្ត​ភាគ​ដែល​រៀបរាប់​ពី​តួឯក​ស្រី​ដែល​មាន​ចរិត​ចចេស​រឹងរូស​ដែល​ត្រូវ​បាន​ទម្រើស​ដោយ​ម្ដាយ​មីង​របស់​នាង​តាំង​ពី​តូច​រហូត​ដល់​ធំ។ ដល់​ពេល​ដឹង​ក្តី​នាង​មេខលា ដែល​សម្ដែង​ដោយBella ក៏​បាន​ក្លាយ​ខ្លួន​ជា​តារា​ល្បី​ឈ្មោះ​ម្នាក់​ តែ​ក្រោយ​មក​ក៏​ធ្លាក់​ខ្លួន ហើយ​ត្រូវ​ការ​លុយ​ជា​បន្ទាន់ ក៏​សម្រេច​ចិត្ត​លក់​ព្រៃ​ឈើ​ដែល​ជា​របស់​ប៉ា​នាង តែ​ចៃដន្យ​អាក្រក់​នៅ​តាម​ផ្លូវ​ទៅ​កាន់​ព្រៃ​នោះ នាង​បាន​ជួប​គ្រោះថ្នាក់​បាត់បង់​ការ​ចងចាំ ហើយ​ត្រូវ​បាន​ផ្ដល់​អត្តសញ្ញាណ​ថ្មី​ជា​តួអង្គ​ឈ្មោះ​ Prim ដោយ​បុរស​ឈ្មោះ Paya ដែល​ជា​តួឯក​ប្រុស សម្ដែង​ដោយ​តារា​កូន​កាត់​ថៃ​អាល្លឺម៉ង់ Andrew Charlie Gregson។

 

ទោះ​បី​ជា​នាង​បាត់​ការ​ចង​ចាំ​ក៏​ពិត​មែន ប៉ុន្តែ​នាង​នៅ​តែ​ជា​មនុស្ស​រប៉ិលរប៉ូច​ តែ​ទី​បំផុត​អ្នក​នៅ​ទីនោះ​ក៏​បាន​ធ្វើ​ឲ្យ​នាង​កែប្រែ​ទៅ​ជា​មនុស្ស​ដែល​មិន​អាត្មា​និយម​ដូច​កាល​ពី​មុន។ រឿង​រ៉ាវ​កាន់​តែ​ច្របូក​ច្របល់​នៅ​ពេល​ដែល​នាង​មេខលា និង​កំលោះ​សង្ហា Paya មាន​ចិត្ត​លើ​គ្នា​តែ​នៅ​មិន​សារភាព​រហូត​ដល់​មាន​យប់​មួយ​ពួកគេ​បាន​គេង​ជាមួយ​គ្នា។ យ៉ាង​ណា​មិញ ក្រោយ​ពី​នាង មេខលា បាន​ចង​ចាំ​រឿង​អតីតកាល ហើយ​ដឹង​ថា Paya ​កុហក​ខ្លួន នាង​ខឹង​ខ្លាំង​ណាស់ ក៏​ត្រលប់​ទៅ​ក្រុង​បាងកក វិញ ហើយ​សម្រេច​ចិត្ត​លក់​ព្រៃ​នោះ​ចោល។ ចុង​បញ្ចប់​​នៃ​សាច់​រឿង​នាង Mekala និង Paya បាន​ជួប​ជុំ​គ្នា​វិញ ហើយ Mekala បាន​ផ្លាស់​ប្តូរ​ជា​នារី​ម្នាក់​ថ្មី​ដែល​មាន​ចិត្ត​ស្រឡាញ់​ព្រៃ​ឈើ​ខ្លាំង​ដូចPayaដែរ។

 

ភីអិនអិន ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា បាន​ចុះ​កិច្ចសន្យា​ផ្ដាច់​មុខ​មួយ​កាល​ពី​ខែ ឧសភា ២០១៥ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ចាក់​ផ្សាយ​ខ្សែ​ភាព​យន្ត​ភាគ​ល្បីៗ​ទាំង​ចាស់ ទាំង​ថ្មី របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ។ កិច្ច​ព្រមព្រៀង​នេះ មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង​១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​មក​ដល់​របស់​តារា​សម្តែង​ស្រី Bella សូម​តាម​ដាន​ផេក​ហ្វេសប៊ុក www.facebook.com/PNNDramaFanClub

 

អត្ថបទ៖ ពាណិជ្ជកម្ម