ផ្សារ​ទេសចរណ៍​រំលេច​ស្ថាបត្យកម្ម​ខ្មែរ នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ ​

  • 2016-09-06 21:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ការ​កែ​លម្អ​ផ្សារ​ទំនើប​សុរិយា បាន​ប្រព្រឹត្ត​ទៅ​អស់​ជា​ច្រើន​ថ្ងៃ​ហើយ និង​អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ដើម​ឆ្នាំ​២០១៧។ មិន​ត្រឹម​តែ​ប្ដូរ​ឈ្មោះ​ប៉ុណ្ណោះ​ទេ សូរិយា សេនធ័រ ភ័នធ៍ នឹង​ប្រែ​ក្លាយ​មុខ​មាត់​ស្ទើរ​ទាំង​ស្រុង ទៅ​ជា​កន្លែង​ទិញ​ទំនិញ​ដ៏​ទាក់​ទាញ​មួយ ហើយ​អ្វី​ដែល​រឹត​តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​ផ្សារ​ទេសចរណ៍​ជាន់​ទី៤ នឹង​រំលេច​ស្នាដៃ​​ស្ថាបត្យកម្ម​ខ្មែរ ដែល​មាន​ភាព​ល្បីល្បាញ​ដក់​ជាប់​ក្នុង​ទឹក​ចិត្ត​កូន​ខ្មែរ​គ្រប់រូប និង​ជា​សម្រស់​ពិត​នៃ​ទីក្រុង​គជ់។

 

 

លោក រ៉ូប៊ីន តៃ ជា​ទីប្រឹក្សា​អគ្គនាយក សូរិយា សេនធ័រ ភ័នធ៍ និង​ជា​អតីត​ស្ថាបត្យករ​ជំនាញ​ម្នាក់​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​គិត​ដល់​ស្ថាបត្យកម្ម​ចាស់​ៗ​ទាំង​នោះ ព្រោះ​​វា​មាន​ភាព​ទាក់​ទាញ និង​ដើម្បី​ផ្សព្វផ្សាយ​នូវ​កិត្យានុភាព​កេរដំណែល​វប្បធម៌​ពិតៗ​របស់​ខ្មែរ​ដល់​អ្នក​ទេសចរ​បរទេស​ផង​ដែរ។

 

 

លោក រ៉ូប៊ីន តៃ បាន​និយាយ​ថា៖ "ខ្ញុំ​មើល​ឃើញ​ស្ថាបត្យកម្ម​ខ្មែរ​ពិត​ជា​អស្ចារ្យ​ណាស់ ហើយ​ខ្ញុំ​ចាប់ផ្ដើម​ដឹង​កាល​ពី ២​ឆ្នាំ​មុន​នេះ ពេល​មក​ដល់​ទឹក​ដី​កម្ពុជា​ដំបូង... វា​សុទ្ធតែ​ជា​ស្នាដៃ​ដ៏​ល្បីល្បាញ ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ហើយ​ស្នាដៃ​ទាំង​នោះ​ពិត​ជា​ទាក់​ចិត្ត​ខ្ញុំ​តែ​ម្ដង..."។ លោក​បាន​បន្ត​ទៀត​ថា ដំណើរ​ការ​កែ​លម្អ​ផ្សារ​ទំនើប​សុរិយា នឹង​ទាញ​យក​ស្នាដៃ​ទាំង​នោះ មក​ដាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ផ្សារ​ទេសចរណ៍ ដែល​ជា​ផ្នែក​មួយ​អាច​ជួយ​អភិរក្ស និង​ផ្សព្វផ្សាយ​ផង​ដែរ។

 

ទីប្រឹក្សា​អគ្គនាយក​រូប​នេះ បាន​បន្ថែម​​ថា នៅ​ជាន់​ទី៤ នេះ នឹង​ផ្ដោត​សំខាន់​លើ​ការ​ដាក់​លក់​ផលិតផល​ក្នុង​ស្រុក ឬ​អាច​ផ្ដល់​អាទិភាព​ឲ្យ​ផលិតផល​ក្នុង​ប្រទេស​រហូត​ដល់ ៨០​ភាគ​រយ។ បន្ទាប់​ពី​កែ​លម្អ​រួច​រាល់ លោក រ៉ូប៊ីន តៃ សង្ឃឹម​ថា​ផ្សារ​ទេសចរ​ជាន់​ទី៤ ដែល​ដាក់​ឈ្មោះ​ថា The Bazaar នេះ អាច​ទាក់​ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រោះ​ពួក​គេ​បាន​ទៅ​ទិញ​ទាំង​ទំនិញ​មាន​គុណភាព និង​អាច​ទស្សនា​ស្ថាបត្យកម្ម​ខ្មែរ​នានា​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​ព្រម​គ្នា។

 

ចំណែក​គណៈ​គ្រប់គ្រង សូរិយា សេនធ័រ ភ័នធ៍ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្នុង​អំឡុង​ពេល​កែ​លម្អ​នេះ សូរិយា សេនធ័រ ភ័នធ៍ (ផ្សារទំនើប សូរិយា) បើក​ដំណើរ​ការ​ជា​ធម្មតា ព្រម​ទាំង​ផ្ដល់​នូវ​កម្មវិធី លក់ លាង​ឃ្លាំង ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ពី៣០% ដល់ ៧០%។ ផែនការ​កំណែទម្រង់ និង​កែ​លម្អ​ខាង​លើ​នេះ សូរិយា សេនធ័រ ភ័នធ៍(ផ្សារទំនើប សូរិយា) នឹង​ផ្ដល់​ជូន​អតិថិជន នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក៕

 

ទស្សនា​វីដេអូ​បទ​សម្ភាសន៍​រវាង Sabay និង​លោក រ៉ូប៊ីន តៃ ដូច​ខាង​ក្រោម៖

 

 

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម