ភាពយន្ត​ខ្នាត​ធំ​របស់ Rock ចាប់​យក​កីឡាករ​ លី វ៉ាហេទ ធ្វើ​តួ​ឯក

  • 2016-09-12 16:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​តែ​​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​ប្រិយមិត្ត​ តាម​រយៈ​រូប​សម្រស់​ស្រស់​សង្ហារ​ ខ្សែ​ការពារ​របស់​ក្លឹប​បឹង​កេត​អង្គរ​ លី វ៉ាហេទ ត្រូវ​​បាន​អ្នក​និពន្ធ ស៊ា រស្មី ​ជ្រើសរើស​ឲ្យ​​សម្ដែង​ជា​តួ​ឯក​ភាពយន្ត​​ខ្នាត​ធំ​ឲ្យ​ផលិតកម្ម​រ៉ុក(Rock) ចំណង​ជើង​ថា​ "ខូចចិត្ត​អាជីព"។

 

 

ពី​ឆ្វេងទៅ​ស្តាំ នាយ ចឺម ស៊ា រស្មី លោក យឹម សុសត្យា សុខ សោម៉ាវត្តី និង​អ្នក​ដឹកនាំ​

 

អ្នក​និពន្ធ ស៊ា រស្មី ថ្លែង​ ៖ "ក្នុង​រឿង​នេះ ខ្ញុំ​រើស​កីឡាករ​៤​ក្រុម​មក​បញ្ចូល​គ្នា តែ​ក្នុង​នោះ​ មាន​តែ​លោក លី វ៉ាហេទ​ ម្នាក់​ទេ​ដែល​ស្ថិត​ក្នុង​ក្រុម​ជម្រើស​ជាតិ​។ ពាក់ព័ន្ធ​នឹង​ តួ​​ប្រុស​ បាន​ជា​ខ្ញុំ​ជ្រើសរើស​យក​គាត់​ដោយសារ គាត់​ជា​កីឡាករ​ជម្រើស​ជាតិ ហើយ​ឥឡូវ​​គាត់​កំពុង​តែ​ល្បី​ក្នុង​ស្រទាប់​យុវវ័យ​ "។

 

យ៉ាង​ណា​មិញ​​​ អ្នក​និពន្ធ ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ ពាក់ព័ន្ធ​នឹង​ការ​សម្តែង​លើក​ដំបូង​របស់​​តួ​ឯក​ប្រុស។ យ៉ាង​នេះ​ក្ដី ​​​មុន​នឹង​ឈាន​ដល់​ការ​ចេញ​ថត ស៊ា រស្មី ប្រាប់​ថា ​នឹង​បង្រៀន​តួ​ឯក​​ប្រុស​រូប​នេះ​ពីរបៀប​សម្តែង និង​ប្លង់​​​​ពិបាកៗ​ ​រយៈ​ពេល​៣​ថ្ងៃ​សិន។

 

 

លី វ៉ាហេទ មិន​បាន​មានវត្តមាន​ទេ ក្នុង​​ថ្ងៃ​ក្រុង​ពាលី​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​លោក​ជាប់​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ AFF U-19 Championship 2016 នៅ​ប្រទេស​វៀត​ណាម។ ប៉ុន្តែ​ជួប​ជាមួយ​​ ​Sabay តាម​រយៈ​ទូរសព្ទ  លោក​អះអាង​ថា ​ពិតជា​រំភើប​ដែល​មាន​ឱកាស​សម្ដែង​​ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​រ៉ុក(Rock) តែ​យ៉ាង​ណា​ក៏​មិន​បោះបង់​អាជីព​​​កីឡា​ដែរ។ កីឡា​ជម្រើស​ជាតិ​រូប​នេះ​ អះអាង​ថា​​ ជឿជាក់​លើសមត្ថភាព​​ខ្លួន​ឯង​តែ​៥០ភាគរយ​ប៉ុណ្ណោះ​ ប៉ុន្តែ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​។

​​​ 

វិល​មក​រឿង "ខូច​ចិត្ត​អាជីព" វិញ លោក យឹម សុសត្យា អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​ផលិតកម្ម Rock ​មាន​ប្រសាសន៍​ថា ​រឿង​នេះ​ ​ចាយ​ទុន​ប្រហែល​៦​ម៉ឺន​ដុល្លារ​ ដែល​តួ​នីមួយៗ​ដែល​សម្តែង​ក្នុង​រឿង​នេះ​សុទ្ធ​តែ​ធ្លាប់​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ទស្សនិកជន​។ តួ​សម្តែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​ "ខូចចិត្ត​អាជីព" មាន​ដូចជា សុខ សោម៉ាវត្តី លី វ៉ាហេទ នាយ ចឺម ប៉េងប៉ោង នាយ តេឡេ និង​ តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត៕

​ 

សកម្មភាព​ក្រុង​ពាលី​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ ក្រុម​ហ៊ុន​ Rock ចាក់អង្រែក្រោម៖

 

 

 

 

 

 

អត្ថបទ៖ ថា ម៉ាលីដា​ រូបថត៖​ទូរស័ព្ទ​ដៃ​