យុវសិស្ស ភោគ ច័ន្ទរិទ្ធីសក្ដិ ​ប្រាប់​​​​វិធីសាស្ត្រ​​ត្រៀម​​ខ្លួន​​​មុន​​ប្រឡង​​បាន​​និទ្ទេស A

  • 2016-09-17 17:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវជន​ ភោគ ច័ន្ទរិទ្ធីសក្ដិ ​សិស្ស​និទ្ទេស​ A លំដាប់​ពិន្ទុ​ 99.881ឆ្នាំ​២០១៦ ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ ស៊ីសុវត្ថិ រាជធានីភ្នំពេញ។ ដើម្បី​ជា​ការ​ចែក​រំលែក​ យុវជន​រូប​នេះ​បាន​ប្រាប់​ពី​បទ​ពិសោធន៍​នៃ​ការ​សិក្សា​​ផ្ទាល់​​ខ្លួន ​​។

 

​យុវជន​ ភោគ ច័ន្ទរិទ្ធីសក្ដិ

 

យុវសិស្ស​ភោគ ច័ន្ទរិទ្ធីសក្ដិមក​ពី​​វិទ្យាល័យ​បាក់​ទូក​ បាន​រៀប​រាប់​​ប្រាប់​ថា​ មុន​​ទទួល​បាន​ជោគ​ជ័យ​​​ដូច​ខាង​លើ​នោះ រូប​គេ​បាន​​​ត្រៀម​ខ្លួន​រួច​រាល់ ដោយ​​បែង​ចែក​ជា​​បី​ដំណាក់​​កាល​សំខាន់​​ៗ​មុន​ពេល​ប្រលង​​គឺ៖

*** មុន​ពេល​ប្រលង​១​ឆ្នាំ៖ រៀន​គួរ​នៅ​សាលា។ ចំណាយ​ពេល​បី​ម៉ោង​​​រៀន​ជា​ប្រចាំ​ថ្ងៃ។​ *** ១​ខែ​មុន​ពេល​ប្រលង៖​ មិន​សម្រុក​រៀន​ខ្លាំង​ទេ ដោយ​ទៅ​​​ចំណាយ​ពេល​​ប្រឹង​រៀន​​មុខ​វិជ្ជា​​ណា​ដែល​ខ្លួន​គិត​ថា​ខ្សោយ។ ***  ​១​ថ្ងៃ​មុន​ប្រលង៖ ​សម្រាក ថែ​ទាំ​សុខភាព ដូច​​ជា សម្រួល​អារម្មណ៍​ ស្ដាប់​ចម្រៀង និង​សមាធិ​​ដើម្បី​បំបាត់​អារម្មណ៍​ភ័យ​​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​មុន​ពេល​ប្រលង​។

សម្រាប់​មុខ​វិជ្ជា​សំខាន់​ៗ មួយ​ចំនួន​ដូច​ជា គណិតវិទ្យា គីមី​វិទ្យា ជីវវិទ្យា យុវសិស្ស​និទ្ទេស​ A លំដាប់​ពិន្ទុ​ 99.881​រូប​នេះ បាន​ប្រាប់​ពី​បទ​ពិសោធន៍​រៀន​របស់​ខ្លួន​ថា៖

គណិតវិទ្យា៖ រៀន​ស៊ី​ជម្រៅ​​​លើ​មេរៀន​នី​មួយ​ៗ​​ ដោយ​​យក​ចិត្ត​ទុក​ដាក់​​រៀន​ពី​លោក​គ្រូ​អ្នក​គ្រូ​ឲ្យ​​ចប់​មេរៀន​​នី​មួយ​បាន​​លម្អិត​​ច្បាស់​។ ក្រៅ​​ពី​នោះ​​ ទិញ​ឯកសារ​​ផ្សេង​ៗ​​ពី​សាលា ឬ​បណ្ណាគារ​ដើម្បី​ស្វ័យ​សិក្សា​បន្ថែម​។ គីមី​វិទ្យា៖ ឧស្សាហ៍​ធ្វើ​លំហាត់ ឧស្សាហ៍​គណនា​លេខ​ដើម្បី​កុំ​ឲ្យ​ភ្លាត់​នៅ​ពេល​ប្រលង។​ ជីវវិទ្យា៖ ទន្ទេញ​​មេរៀន​ ដោយ​ចង​ចាំ​​​ជា​រូប​ភាព​តាម​រយៈ​​ការ​យល់​ពី​ដំណើរ​ការ​​​របស់​វា​។ ភាសា​ខ្មែរ៖ អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ជា​ពិសេស​សៀវភៅ​សំណេរ​ ឲ្យ​មាន​គំនិត​ទូ​លំ​ទូលាយ ដោយ​​ស្វែង​យល់​ពី​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ របៀប​សរសេរ​ពី​ដំណាក់​កាល​មួយ​ទៅ​ដំណាក់​កាល​មួយ​ឲ្យ​បាន​ក្បោះ​ក្បាយ​។ សម្រាប់​​​​​ការ​​ប្រលង​​សំណេរ​តែង​សេចក្ដី យុវជន​​ រិទ្ធីសក្ដិ​បាន​ណែ​នាំ​​ឲ្យ អាន​ប្រធាន​​​បទ​​ឲ្យ​យល់​ច្បាស់ និង​​ចំណាយ​ពេល ព្រាង​គំនិត​ត្រួស​ៗ​​​នូវ​​​ចំណុច​ដែល​ត្រូវ​សរសេរ​ដើម្បី​ឲ្យ​​​អត្ថបទ​សំណេរ​​​មាន​ភាព​ទាក់​ទាញ​។ ​​​​​

 

នា​ថ្ងៃ​អនាគត​ អតីត​សិស្ស​​មក​ពី​វិទ្យាល័យ​បាក់​ទូក​រូប​នេះ ប្រាប់​ថា​ខ្លួន​ចង់​​​ចាប់​ជំនាញ​វិស្វកម្ម​បច្ចេកវិទ្យា​ ជា​ផ្នែក​មួយ​នៃ​​វិទ្យាសាស្ត្រ​កុំព្យូទ័រ។ ចំពោះ​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​​​យុវសិស្ស​និទ្ទេស​A​រូប​​នេះ ​​ចាប់​អារម្មណ៍​លើ​​បច្ចេកវិទ្យា គឺ​ដោយ​សារ​​ការ​​យល់​ឃើញ​របស់​ខ្លួន​​​ថា មនុស្ស​ជា​ច្រើន​​ពឹង​ផ្អែក​ច្រើន​លើ​ឧបករណ៍​អេឡិចត្រូនិក ហើយ​​​​​​​រំពឹង​ថា​ប្រទេស​កម្ពុជា​នឹង​មាន​អ្នក​​ជំនាញ​​​ខាង​វិស័យ​នោះ៕ ​​​​​

 

ចុចអាន៖  មិន​មែន​ចៃ​ដន្យ​ដែល​ ង៉ូវ ជីហ័រ បាន​និទ្ទេស A តែ​ជា​ការ​គ្រោង​ទុក

 

 

អត្ថបទ៖ មាន រតនា ​​​​

អត្ថបទពេញនិយម