វីដេអូ​​​វិធី​ងាយៗ វេច​នំ​អន្សម២០ តាម​បែប​ជន​បទ​សម្រាប់​ភ្ជុំ​បិណ្ឌ

  • 2016-09-23 21:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដងៗ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ទី​ជន​បទ​និយម​ធ្វើ​នំ​អន្សម​ស្ទើរ​​គ្រប់​ផ្ទះ ដើម្បី​យក​ទៅ​វត្ត​រួម​ជា​មួយ​គ្រឿង​ភត្តាហារ​ផ្សេង​ៗ​ទៀត។ អ្នក​ស្រី ចាន់ សុខជា ដែល​ជា​អ្នក​វេច​នំ​ម្នាក់​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បាន​បង្ហាញ​វិធី​ងាយ​ៗ​សម្រាប់​អ្នក​ចង់​វេច​នំ​ជា​លក្ខណៈ​គ្រួសារ​ត្រឹម ២០​នំ។ ​

 

 

គ្រឿង​ផ្សំ៖

អង្ករ​ដំណើប ១៥កំប៉ុង សណ្ដែក​បាយ ១,៥គីឡូក្រាម សាច់​ជ្រូក​បី​ជាន់ ១,៥គីឡូក្រាម និង​គ្រឿង​ទេស​ផ្សេង​ៗ (ខ្ទឹម​ស ម្រេច ស្ករ អំបិល ម្សៅ​ស៊ុប​ខ្នរ) ស្លឹក​ចេក និង​ខ្សែ​សម្រាប់​ចង។ បរិមាណ​គ្រឿង​ផ្សំ​នេះ​អាច​វេច​បាន​ពី២០ ទៅ ២៥​នំ តាម​ទំហំ​តូច ឬ​ធំ។ ​

 

មុន​ពេល​វេច៖

ជំហាន​ទី១៖ សាច់​ជ្រូក​បី​ជាន់ ១,៥​គីឡូក្រាម​ហាន់​ជា​បន្ទះ​ឲ្យ​ល្មម យក​មក​ប្រឡាក់​គ្រឿង​តាម​ចំណូល​ចិត្ត​ដូច​ជា ខ្ទឹម​ស ម្រេច ស្ករ អំបិល ម្សៅ​ស៊ុប​ខ្នរ រួច​ច្របល់​ឲ្យ​សព្វ​ចូល​ជាតិ​គ្នា។ បើ​ចង់​ឲ្យ​ចូល​ជាតិ​គ្នា​កាន់​តែ​ខ្លាំង អាច​ប្រឡាក់​គ្រឿង​ទុក​មុន​មួយ​ថ្ងៃ។

 

ជំហាន​ទី២៖ សណ្ដែក​បាយ ១,៥គីឡូក្រាម យក​មក​ត្រាំ លាង​ទឹក​ឲ្យ​ស្អាត ទុក​ដោយ​ឡែក​សិន។ ជំហាន​ទី៣៖ អង្ករ​ដំណើប ១៥​កំប៉ុង យក​មក​លាង​ទឹក​ឲ្យ​ស្អាត រួច​ទុក​ចោល​ឲ្យ​ស្រស់​ទឹក ចាំ​យក​មក​លាយ​អំបិល​បន្តិច លាយ​ជាមួយ​ម្សៅ​ស៊ុប​ខ្នរ​ ២ស្លាប​ព្រា​​បាយ ដើម្បី​បន្ថែម​រសជាតិ។ ប្រសិន​បើ​ចង់​ដាក់​ដូង ក៏​អាច​ដាក់​លាយ​ជាមួយ​អង្ករ​បាន​ដែរ ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​គិត​ថា​ទ្រលាន់​ទើប​មិន​ប្រើ។

 

ជំហាន​ទី៤៖ ស្លឹក​ចេក​កាត់​ឲ្យ​ល្មម​វេច​បាន រួច​ហាល​ថ្ងៃ​ទុក​ឲ្យ​ទន់​បន្តិច ងាយ​ស្រួល​ខ្ចប់​មិន​ប្រេះ​បែក។ ចំពោះ​ចំណង​វិញ ត្រូវ​ប្រើ​ខ្សែ​សង្វារចេក ឬ​ខ្សែ​ធម្មតា​ក៏​បាន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អាច​ចង​ជាប់ កុំ​ឲ្យ​ទឹក​ចូល​នំ​បាន។​​

 

វិធី​វេច៖ ដំបូង​ត្រូវ​លា​ស្លឹក​ចេក ដាក់​លើ​គ្នា ៤ ឬ ៥​ស្រទាប់​ឲ្យ​ក្រាស់​ល្មម ដើម្បី​កុំ​ឲ្យ​នំ​ឆាប់​ផ្អូម។ បន្ទាប់​មក​​ត្រូវ​ដាក់​អង្ករ​រោយ​លើ​ស្លឹក​ចេក រួច​រោយ​សណ្ដែក​ពី​លើ​អង្ករ ដាក់​ស្នូល​សាច់​ជ្រូក​ដែល​ប្រឡាក់​គ្រឿង​រួច ហើយ​ដាក់​សណ្ដែក​បាយ និង​អង្ករ​ពី​លើ​បន្តិច​ទៀត រួច​មូល​ស្លឹក​ទាំង​ពីរ​ខ្ចប់​​ចូល​​គ្នា។

 

បន្ទាប់​ពី​មូល​ចូល​គ្នា​ហើយ ត្រូវ​ខ្ចប់​ផ្នែក​ម្ខាង​ឲ្យ​ជាប់ រួច​យក​ឈើ​មាន​មុខ​ល្មម មក​ញាត់​ពី​ផ្នែក​ម្ខាង​ទៀត​ឲ្យ​តឹង​ណែន​ល្អ​ដើម្បី​ចង។ ចំណង​ត្រូវ​រុំ​ឲ្យ​ណែន​ល្អ ដើម្បី​កុំ​ឲ្យ​ទឹក​អាច​ចូល​ក្នុង​នំ ដែល​អាច​ធ្វើ​ឲ្យ​អង្ករ​រលាយ​ចេញ​មក​ក្រៅ។ អាច​ចង ៥​កង់ ដើម្បី​មើល​ទៅ​មាន​សោភណភាព​ផង និង​ជាប់​ណែន​ល្អ​ផង។​

 

ពេល​ចម្អិន៖ ត្រូវ​យក​ឆ្នាំង​ធំ​មួយ​មក​ដាំ​ទឹក​ឲ្យ​ពុះ ចាំ​យក​នំ​អន្សម​ដែល​ចង​រួច​ទៅ​ដាក់​ចូល។ រយៈ​ពេល​​ស្ងោរ​អាច​ពី ៥ ទៅ ៦​ម៉ោង ទម្រាំ​ឆ្អិន​ល្អ ឬ​អាច​ស្រង់​យក​មក​ភ្លក់​មើល​ក៏​បាន។ ការ​ចម្អិន​នេះ​ទៀត​សោត យើង​ត្រូវ​នៅ​ចាំ​មើល​ភ្លើង​ឲ្យ​បាន​ដិត​ដល់ ហើយ​ត្រូវ​ថែម​ទឹក និង​ប្រែ​នំ​ទៅ​ម្ខាង​ទៀត ដើម្បី​ឲ្យ​នំ​ឆ្អិន​សព្វ​ល្អ៕

 

តោះ! ទស្សនា​វីដេអូ ដើម្បី​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ធ្វើ...

 

 

អត្ថបទ៖ គង់ វិសាល