"ព័ត៌មាន​សម្ងាត់" ក្នុង​ច្បាប់​សិទិ្ធ​ទទួល​ព័ត៌មាន មិន​ទាន់​គាំ​ទ្រ​ច្រើន​ពី​មហាជន​

  • 2016-09-23 17:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មតិ​ភាគ​ច្រើន​មិន​យល់​ស្រប​នឹង​អត្ថន័យ​ "ព័ត៌មាន​សម្ងាត់"​ ឡើយ ដោយ​សារ​​​​និយម​ន័យ​ហាក់មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​សិទិ្ធ​ទទួល​ព័ត៌មាន​នោះ​ទេ ផ្ទុយ​ទៅ​វិញ រឹត​តែ​បង្ក​ការ​លំបាក​ក្នុង​ការ​សុំ​ព័ត៌មាន​ថែម​ទៀត។

 

​ក្នុង​វេទិកា​ពិភាក្សា​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​សិទិ្ធទទួល​ព័ត៌មាន​ ពួក​គេ​យល់​ថា ការ​កំណត់​បែប​នេះ​មិន​ខុស​ពី​បិទ​សិទ្ធ​ក្នុង​ការ​សុំ​ព័ត៌មាន​ និង​កាន់​តែ​ធ្វើ​ឲ្យ​មន្ត្រី​ជា​ច្រើន​យក​លេស​លើ​ពាក្យ "ព័ត៌មាន​សម្ងាត់"​ នេះ​ មិន​ផ្ដល់​ដំណឹង​ដល់​ពួក​គេ។

 

 

​អ្នក​នាង លឹម ធីតា ប្រធាន​ផលិត​នៃ​អង្គការ CCIM លើ​ក​ឡើង​ថា និយម​ន័យ​នេះ​ពេល​អាន​ទៅ​ ហាក់​ដូច​ជា​ហាម​ស្ទើរ​គ្រប់​រឿង​ទាំង​អស់ អ្វី​ក៏​មិន​អាច​សុំ​បាន​ដែរ​ព្រោះ​ប៉ះ​ពាល់​អន្តរាយ​ច្រើន​ដល់​សង្គម​ជាតិ។​ ដូច​​អ្នក​កាសែត​ត្រូវ​ការ​ព័ត៌មាន​រាល់​ថ្ងៃ បើ​កំណត់​និយម​ន័យ​បែប​នេះ​ ច្បាស់​ជា​គ្មាន​ព័ត៌មាន​រក​បាន​នោះ​ទេ ​ថា​មិន​ស្រួល​អ្នក​ការ​សែត​គ្មាន​ការងារ​ធ្វើ​ដោយសារ​​និយម​ន័យ​​នេះ​ផង​​។ ដូច្នេះ​ គួរ​អ្នក​តែង​ច្បាប់​នេះ​ពិចារណា​ឡើង​វិញ។

 

មិន​ខុស​គ្នា​ប៉ុន្មាន លោក សិរីមុនី និពន្ធ​នាយក​នៃ​សារព័ត៌មាន​តោះ​អាន ស្នើ​លុប​​ព័ត៌មាន​សម្ងាត់​នេះ​ចោល​តែ​ម្ដង។ លោក​ថា វា​អាច​ក្លាយ​ជា​ការ​កេង​ចំណេញ​របស់​មន្ត្រី​ណា​មួយ​ចង់​លាក់​ព័ត៌មាន​ពិត​ដែល​បម្រើ​ប្រយោជន៍​សាធារណជន ដោយ​យក​លេស​ថា ដំណឹង​នេះ​មិន​អាច​ផ្ដល់​បាន​ ព្រោះ​ជា​ព័ត៌មាន​សម្ងាត់។ ឧ៖ ការ​ផ្សាយ​សុខភាព​របស់​មន្ត្រី​ថា​បាន​ឈឺ​ធ្ងន់ វា​នៅ​ក្នុង​ព័ត៌មាន​សម្ងាត់​ មិន​អាច​ផ្សាយ​បាន​ទេ។ តែ​តាម​ពិត​ដំណឹង​នេះ​បើ​នៅ​ស្រុក​គេ​ជា​រឿង​ក្ដៅ​គគុក នឹង​ចេញ​ផ្សាយ​យ៉ាង​ទូលាយ​។ ដូច​ជា​គេ​ផ្សាយ​ពី​សភាព​ជំងឺ​លោក​ស្រី​​ ហ៊ីឡារី ​គ្លីន​តុន ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព័ត៌មាន​ល្អ​ ដោយសារ​សភាព​របស់​បុគ្គល​សាធារណៈ​ត្រូវ​តែ​មហាជន​ដឹង​លឺ​ ព្រោះ​ប៉ះ​ពាល់​ដល់​ការ​ដឹក​នាំ​ប្រទេស​ជាតិ។ ​  

ងាក​មក​យុវសិស្ស​ ចម្រើន​លិ​ការ និស្សិត​សាកល​វិទ្យាល័យ​ន័រ​តុន ប្រាប់​ថា​ ពិបាក​​យល់​ន័យ​ព័ត៌មាន​សម្ងាត់​ ព្រោះ​ទូលាយ​ពេក​មិន​កំណត់​ច្បាស់​លាស់។ និស្សិត​ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ ចង់​ឲ្យ​អ្នក​ពាក់​ព័ន្ធ​​លើ​ច្បាប់​នេះ​សម្រាយ​ន័យ​ឲ្យ​ច្បាស់ ដើម្បី​ងាយ​យល់​ជាង​នេះ​កុំ​ឲ្​អ្វី​ៗ​ក៏​សម្ងាត់​ចឹង​ ។​​

 

 

ក្នុង​ជំពូក​ទី​៤​ត្រង់​មាត្រា​២០​នៃ​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធ​ទទួល​បាន​ព័ត៌មាន​ "ព័ត៌មាន​សម្ងាត់​" គឺ​ស្ថាប័ន​សាធារណៈ​អាច​បដិសេធ​ផ្ដល់​ព័ត៌មាន​ដល់​សាធារណជន​ ប្រសិន​បើ​ការ​បញ្ចេញ​ព័ត៌មាន​នោះ​បណ្ដាល​ឲ្យ៖

 

-អន្តរាយ​ដល់​សន្តិសុខ​សណ្ដាប់​ធ្នាប់​សាធារណៈ   -អន្តរាយ​ដល់​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ   ​-អន្តរាយ​ដល់​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាធារណៈ​ជាតិ   -ប៉ះពាល់​ដល់​សំណុំ​រឿង​ក្តី​របស់​តុលាការ​ ឬ​ការ​សម្ងាត់​របស់​តុលាការ   -ប៉ះពាល់​ដល់​អាថ៌កំបាំង​ឯក​ជន​បុគ្គល​ ដោយ​រួម​បញ្ចូល​ទាំង​សំណុំ​រឿង​របស់​មន្ត្រី​ រាជការ​ សំណុំ​រឿង​ពាក់​ព័ន្ធ​បញ្ហា​សុខភាព សំណុំ​រឿង​វិវាទ​នីតិឯកជន   -គ្រោះ​ថ្នាក់​ដល់​មន្ត្រី​ដែល​អនុវត្ត​ច្បាប់​ ឬ​បំពេញ​បេសកម្ម   -ប៉ះពាល់​ដល់​លិខិត​បទ​ដ្ឋាន​គតិយុត្ត និង​បទ​បញ្ញត្តិ​ហាមឃាត់​ស្ដី​ពី ព័ត៌មាន​សម្ងាត់​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។

 

លោក ប៉ា ងួន​ទៀង (ស្តាំ)

 

ជា​ទស្សនៈ​ លោក ប៉ា ងួន​ទៀង នាយក​ប្រតិបត្តិ CCIM និយាយ​ថា​ បើ​​ពង្រួម​ន័យ​​កាន់​តែ​តូច ​ឲ្យ​ជាក់​លាក់​ជាង​នេះ​កាន់​តែ​ល្អ ដោយ​សារ​ការ​កំណត់​ន័យ​ព័ត៌មាន​សម្ងាត់​មាន​ភាព​ទូលាយ​ពេក។ ព័ត៌មាន​សម្ងាត់​គួរតែ​ហាម​លើ ​ការ​ផ្សាយ​ទិន្នន័យ​ឃ្លាំង​ស្តុក​អាវុធ​ឬ​ស្ថាន​ភាព​កងទ័ព​ពេល​មាន​សង្គ្រាម និង​សំណុំ​រឿង​អនីតិជន​ក្នុង​តុលាការ​ជា​ដើម។

 

ចំពោះ​លោក​​ ឆាយ សុផល មន្ត្រី​កម្មវិធី​នៃ​អង្គការ UNESCO គួរ​មាន​ការ​​ទាម​ទារ​ឲ្យ​ផ្ដល់​និយម​ន័យ​ ​លើ​ព័ត៌មាន​សម្ងាត់​ឲ្យ​បាន​ច្បាស់​លាស់។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រី​ដែល​ផ្ដល់​ព័ត៌មាន ឬ​ទទួល​បន្ទុក​ព័ត៌មាន​នឹង​យក​លេស​ថា នេះ​ជា​ព័ត៌មាន​សម្ងាត់។ ការ​កំណត់​និយម​ន័យ​ព័ត៌មាន​សម្ងាត់​គឺ​មាន​សារៈសំខាន់​ណាស់​ម្ល៉ោះ​ហើយ​ត្រូវ​តែ​ពិភាក្សា​គ្នា។ យ៉ាង​ណា លោក​ថា ​ច្បាប់​នេះ​ស្ថិត​ក្នុង​សេចក្ដី​ព្រាង​នៅ​ឡើយ មិន​ទាន់​បាន​ជជែក​គ្នា​កំណត់​បែប​ណា​ក្នុង​ក្រុម​ការងារ​បច្ចេកទេស​នោះ​ទេ។

 

ការ​បង្កើត​ច្បាប់​ដែល​ជា​ប្រវត្តិសាស្ត្រ​លើ​សិទ្ធ​ទទួល​ព័ត៌មាន​នេះ លោក​ថា ​មាន​ទាំង​មន្ត្រី​សង្គម​ស៊ី​វិល​ទាំង​ជាតិ​និង​អន្តរជាតិ អ្នក​សារព័ត៌មាន​ ក្រុម​ប្រឹក្សា​ច្បាប់​មក​ពី​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និង​ក្រសួង​យុត្តិធម៌​ចូល​រួម។ ដូច្នេះ​ច្បាប់​នេះ នឹង​មាន​តម្លាភាព៕

      អត្ថបទ៖ លឹម សុ​នា​