ហឿន សំនៀង៖ មនុស្ស​គួរ​រស់​នៅ​ដោយ​មាន​គោលការណ៍ ៣

  • 2016-09-23 21:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ ​មាន​ភាគ​រយ​ច្រើន​ជា​យុវជន ដូច្នេះ​យុវជន​ចលករ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស។ យុវជន​ភាគ​ច្រើន​កំពុង​ជួប​បញ្ហា​មួយ​ចំនួន ដូចជា មិន​ទាន់​យល់​ដឹង​ពី​ដំណើរ​ការ​វិវត្ត​​នៃ​ការ​អប់រំ​ពី​សម័យ​មុន​​​មក​ដល់​សម័យ​បច្ចុប្បន្ន ភ្លើតភ្លើន​លង់​ខ្លួន​ក្នុង​ល្បែង​ស្នេហា​ ជួប​វិបត្តិ​ស្នេហា ​បាក់​ទឹក​ចិត្ត​ធ្វើ​ឲ្យ​ភ្លេច​ខ្លួន​ក្នុង​វ័យ​សិក្សា មិន​ចេះ​កំណត់​គោល​ដៅ​ជីវិត​ និង​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​មាន​ប្រយោជន៍ ​ទទួល​ឥទ្ធិពល​គ្រឿង​ញៀន គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចូល​ក្នុង​អបាយមុខ​ផ្សេង​ៗ។

 

យុវជន​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ស្គាល់​ពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​របស់​ខ្លួន មិន​ចេះ​ស្វែង​រក​ឱកាស និង​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង ជា​ពិសេស​ពួក​គេ​មិន​សូវ​ឱ្យ​តម្លៃ និង​លើក​កម្ពស់​ដល់​វិស័យ​កីឡា ។ ក្តី​បារម្ភ​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ដ​ដើម្បី​អភិវឌ្ឍ​សង្គម (YVSD) សហការ​រៀបចំ​ជាមួយ​ក្រុម​យុវជន​ដើម្បី​យុវជន (YFY) ក្រុម​យុវជន និង​ការ​អភិវឌ្ឍ​សង្គម (YSD) និង​សភា​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PASS) បាន​រៀបចំ​សិក្ខាសាលា «កីឡា ស្នេហា និង​ការ​អប់រំ សតវត្ស​ទី​២១» ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៦០០​នាក់ ភាគ​ច្រើន​ជា​យុវជន​ កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា នេះ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (សាខា​វិមាន​ឯករាជ្យ)។

 

 

យុវជន ទីន សុខលីម ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​សង្គម បាន​ប្រាប់​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​សិក្ខា​សាលា​នេះ គឺ​ចង់​ឲ្យ​យុវជន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់ ស្វែង​យល់​ពី​របៀប​ជ្រើស​រើស​ដៃគូ​ស្នេហា ភាព​ជា​អ្នក​ដឹកនាំ និង​តួ​នាទី​យុវជន​នៅ​ក្នុង​សង្គម។

 

យុវជន​រូប​នេះ​បន្ត​ទៀត​ថា​ សិក្ខា​សាលា​នេះ​ អ្នក​ចូល​រួម​ភាគ​ច្រើន​ចាប់​អារម្មណ៍​ខ្លំាង​ដោយ​សារ​ប្រធាន​បទ​ចំ​បេះដូង​ពួក​គាត់​ចង់​ដឹង ម្យ៉ាង​វិញ​ទៀត​វត្តមាន​វាគ្មិន​សុទ្ធ​តែ​ជា​អ្នក​ជំនាញ និង​មាន​បទ​ពិសោធន៍​ច្រើន​ចំ​នឹង​ប្រធាន​បទ។ វត្តមាន​វាគ្មិន​ឆ្នើម ៤ រូប បាន​ចែក​រំលែក​បទ​ពិសោធន៍ រួម​មាន លោក ហឿន សំនៀង នាយក​រង​ខុទ្ទកាល័យ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ពី​សាកល​វិទ្យាល័យ Harvard លោក កុលផេង វឌ្ឍនា អ្នក​និពន្ធ​សៀវភៅ កញ្ញា នាង សុវ៉ាតនា ឌីជេ​វិទ្យុ​ក្នុង​កម្មវិធី​ដោះ​ស្រាយ​វិបត្តិ​ស្នេហា និង​កញ្ញា ណារ៉ា សុខេមា នាយក​កម្មវិធី Teach For Cambodia។

 

លោក ហឿន សំនៀង លើក​ឡើង​ថា ការ​មាន​គោលដៅ​ខ្លួន​ឯង ក្នុង​នោះ​ដោយ​យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ជា​នណា? ថា​យើង​រស់​ដើម្បី​អ្វី ក្នុង​វដ្ដ​នីមួយ​នៃ​ជីវិត មាន​ពេល​នៅ​លីវ មាន​គ្រួសារ និង​អ្វី​ផ្សេងៗ? ការ​រស់​នៅ​របស់​យើង​ត្រូវ​ប្រកប​ដោយ​គោលការណ៍ ដែល​លោក​មាន​គោលការណ៍ ៣ សម្រាប់​ខ្លួន​ឯង (១) លោក​នឹង​ធ្វើ​ជា​មនុស្ស​ល្អ​ដ៏​សាមញ្ញ​​ម្នាក់ (២) ប្រឹង​ប្រែង​តស៊ូ ដោយ​តាំង​ចិត្ត​ថា ក្នុង​ជីវិត​កាន់​តែ​លំបាក កាន់​តែ​មាន​ន័យ និង (៣) ធ្វើ​ជា​មនុស្ស​មាន​ប្រយោជន៍​សម្រាប់​សង្គម។ បើ​យើង​រស់​នៅ​កម្ពុជា​ហើយ​យើង​មិន​ធ្វើ​ជា​ប្រយោជន៍​ដល់​កម្ពុជា នោះ​អ្នក​នឹង​ទាញ​ប្រយោជន៍​ពី​កម្ពុជា សម្រាប់​គ្រួសារ​មួយ បើ​ជា​មិន​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​គ្រួសារ​នោះ​ទេ នោះ​អ្នក​នឹង​ទាញ​ប្រយោជន៍​ពី​គ្រួសារ​នោះ។

 

 

ចំណែក កញ្ញា នាង សុវ៉ាតនា ឈាន​មក​ដល់​ថ្ងៃ​នេះ​ដោយ​សារ​ភាព​ក្រីក្រ។ ដោយ​សារ​តែ​ភាព​ក្រីក្រ​នេះ​ហើយ​ធ្វើ​ឲ្យ​កញ្ញា​ធ្លាប់​ធ្វើ​ការ ៦ ក្នុង​ពេល​តែ​មួយ ដើម្បី​ក្រពះ​ដែល​នាំ​ឲ្យ​មាន​សមត្ថភាព​ចេះ​ធ្វើ​ការងារ​ច្រើន។ សម្រាប់​ភាព​រឹងមាំ កើត​ដោយសារ​ការ​គិត​វិជ្ជមាន និង​មិន​ខ្លាច​គេ​គិត​ថា​ខុស​គេ។ សម្រាប់​សមត្ថភាព​ដោះ​ស្រាយ​វិបត្តិ​ស្នេហា​ក្នុង​កម្មវិធី​វិទ្យុ កើត​ពី​ការ​បែក​បាក់​ស្នេហា​ច្រើន​ដង តែ​ក្រោយ​ការ​បែក​បាក់​ធ្វើ​ឲ្យ​កញ្ញា​កាន់​តែ​រឹងមាំ​ជាង​មុន។

 

ដោយ​ឡែក​កញ្ញា ណារ៉ា សុខេមា ថា កត្តា​ដែល​នាំ​ឲ្យ​កញ្ញា​មាន​ថ្ងៃ​នេះ​ដោយ​សារ កញ្ញា​តែង​មើល​ទៅ​វិញ​លើ​អ្វី​ដែល​បាន​ធ្វើ ហើយ​សួរ ​៣​សំណួរ (១) បើ​ករណី​ស្លាប់​ទៅ តើ​អ្វី​ដែល​កញ្ញា​សោក​ស្ដាយ​ ប្រសិន​មិន​បាន​ធ្វើ? (២) បើ​ករណី​ស្លាប់​ទៅ តើ​អ្វី​ដែល​កញ្ញា​នឹង​សោក​ស្ដាយ​បើ​សិន​ជា​បាន​ធ្វើ? និង (៣) បើ​សិន​ខ្លួន​ជា​អ្នក​និពន្ធ តើ​ចង់​សរសេរ​ពី​ខ្លួន​បែប​ណា? ។

 

ឯ​លោក កុលផេង វឌ្ឍនា បាន​លើក​ឡើង​ថា ដែល​ថា​អ្វី​ដែល​នាំ​ឲ្យ​គាត់​មាន​ថ្ងៃ​នេះ ដោយ​សារ​គាត់​ប្រកាន់​នូវ​គំនិត​មួយ​ថា ពេល​គាត់​ចាក​ចេញ​ទៅ តើ​អ្វី​ដែល​គាត់​នឹង​បន្សល់​ទុក។

 

 

អនុ​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​សង្គម យុវជន មុត សុភា ថា៖ "អត្ថន័យ​នៃ​ប្រធាន​បទ​នេះ អត្ថន័យ​កីឡា គឺ​ចង់​ឲ្យ​យុវជន​ចំណាយ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍ លេង​កីឡា​ដើម្បី​សុខភាព គាំទ្រ​កីឡា​គ្រប់​ប្រភេទ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​មក​ធ្វើ​ការងារ​សង្គម។ អត្ថន័យ​ស្នេហា គឺ​ដើម្បី​ឲ្យ​យុវជន​ចេះ​ជ្រើស​រើស​ដៃគូ​ជីវិត​ត្រឹមត្រូវ។ ម្យ៉ាង​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​វិបត្តិ​ស្នេហា​បាន​ប្រឹក្សា​យោបល់ និង​លើក​ទឹកចិត្ត​សម្រាប់​អ្នក​មាន​វិបត្តិ។ អត្ថន័យ​ការ​អប់រំ​សតវត្ស​ទី​២១ គឺ​ចង់​និយាយ​ពី​ការ​វិវត្ត​នៃ​ការ​អប់រំ​ពី​សម័យ​រហូត​មក​ដល់​បច្ចុប្បន្ន ព្រម​ទាំង​ចង់​ឲ្យ​យុវជន​ចេះ​ស្គាល់​ខ្លួន​ឯង និង​ចេះ​កំណត់​គោល​ដៅ​ជីវិត"។

 

អត្ថបទ៖ ដៃគូ​សហការ