ក្រសួង​ពាណិជ្ជកម្ម​និង​សាលា​ AUPP រួម​គ្នា​បង្កើត​គម្រោង​បកប្រែ​ជា​សំឡេង​តាម​អ៊ីនធឺណិត

  • 2016-09-27 16:12:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ពាណិជ្ជកម្ម​និង​សាកល​វិទ្យាល័យ​អាមេរិក​កាំង​ភ្នំពេញ(AUPP) ចាប់​ដៃ​គ្នា​អនុវត្ត​គម្រោង Microsoft នៅ​កម្ពុជា​លើ​ផ្នែក​បក​ប្រែ​មក​ជា​ភាសា​ខែ្មរ (Translator Hub-Khmer) ដែល​ជា​កម្មវិធី​មួយ​អាច​បកប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ​ផ្សេង​ទៀត​ក្នុង​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ លើ​ផ្នែក​ព័ត៌មាន​និង​ចំណេះដឹង​ទាក់​ទង​នឹង​ពាណិជ្ជកម្ម​ក្នុង​វិស័យ​អប់​រំ។

 

រូបតំណាង

 

កម្មវិធី Translator HUB របស់​ក្រុមហ៊ុន Microsoft អាច​ជួយ​បកប្រែ​ភាសា​ជា​សំឡេង​ភ្លាម​ៗ ដែល​គូរ​សន្ទនា​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ​ឧទាហរណ៍​បើ​មនុស្ស​ពីរ​នាក់​សន្ទនា​គ្នា​តាម​ប្រព័ន្ធ Skype ហើយ​ភាគី​ម្ខាង​និយាយ​ភាសា​អង់គ្លេស​ទៅ​កាន់​ភាគី​ម្ខាង​ទៀត​ដែល​មិន​ចេះ​ភាសា​អង់គ្លេស នោះ​កម្មវិធី Translator HUB នេះ អាច​ជួយ​ប្រែភាសា​អង់គ្លេស​ទៅជា​ភាសា​ខ្មែរ​ឬ​ភាសា​ផ្សេង​ៗ​តាម​គេ​ជ្រើស​រើស។

 

បើ​តាម​អនុ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​ពាណិជ្ជកម្ម លោក សុខ សុភ័ក្រ និយាយ​ថា កិច្ច​សហការ​នេះ​នឹង​ដើរ​តួ​នា​ទី​សំខាន់ ព្រម​ទាំង​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​​ដល់​អ្នក​ប្រើ​ប្រាស់​ក្នុង​សង្គម និង​ ជា​ឱកាស​សម្រាប់​និស្សិត​ក្នុង​ការ​សហការ​ជាមួយ Microsoft តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម។

 

​​លោក​សាស្ត្រាចារ្យ​បណ្ឌិត Nial Farrell សាកល​វិទ្យា​ធិ​ការ​ស្ដី​ទី​ទទួល​បន្ទុក​កិច្ចការ​សិក្សា​របស់ AUPP ប្រាប់​ថា និស្សិត​ទាំង​អស់​នឹង​​ត្រៀម​ខ្លួន​ដើម្បី​អនុវត្ត​គម្រោង​នេះ ហើយ​ពួក​គេ​បាន​បណ្ដុះ​គំនិត​ក្នុង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​និង​ពេល​អនាគត។

 

(ផ្តល់ឲ្យ)

 

យោង​តាម​កិច្ច​ព្រម​ព្រៀង AUPP ផ្ដល់​ធនធាន​មនុស្ស ជំនាញ​ការ​និង​ធនធាន​ដទៃ​ទៀត​ដើម្បី​វាយ​បញ្ចូល​ទិន្នន័យ​ជា​ឃ្លា​និង​ប្រយោគ​យ៉ាងតិច​១០០.០០០ ឃ្លា (ភាសា​ខ្មែរ​និង​អង់គ្លេស) នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​បក​ប្រែ​​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​និង​កម្មវិធី​នានា​របស់ ​Microsolf ។ បន្ទាប់​មក​ត្រូវ​ចូល​រួម​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការ​រៀប​ចំ​និង​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល សមត្ថភាព ដល់​មន្ត្រី​របស់​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ៕

   

អត្ថបទ៖ លឹម សុ​នា

អត្ថបទពេញនិយម