កូន​ប្រឡង​ជាប់​ហើយ អ្នក​ម្ដាយ​អើយ​វិល​វិញ​បាន​ទេ?

  • 2016-09-27 16:49:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ម៉ាក់​កូន​ប្រឡង​ជាប់​បាក់​ឌុប​ហើយ...!!!” គឺ​ជា​ពាក្យ​ដែល​ខ្ញុំ​ទន្ទេញ​ទាំង​ថ្ងៃ​ទាំង​យប់ រង់​ចាំ​ឱកាស​មក​ដល់ បង្ហើរ​ប្រាប់​អ្នក​ម្ដាយ​ឲ្យ​សប្បាយ​រីករាយ​ជាមួយ​គ្នា។ នឹក​ឃើញ​ដល់​ស្នាម​ញញឹម​ពព្រាយ​របស់​គាត់​ពេល​នោះ ខ្ញុំ​ពិត​ជា​​មាន​ក្ដី​សុខ​ណាស់ ព្រោះ​ធ្លាប់​តែ​ធ្វើ​ឲ្យ​គាត់​ពិបាក​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​វាសនា​មិន​ប្រណី អ្វីៗ​ក៏​មិន​ដូច​បំណង ចិត្ត​ប៉ង​និយាយ​ផ្ទាល់​មាត់ បាន​ត្រឹម​ខ្សឹប​ប្រាប់​តាម​ផ្សែង​ធូប ទាំង​មិន​ដឹង​ថា​គាត់​ទទួល​បាន​ឬ​អត់។

 

 

​​​​​នេះ​ជា​រឿង​ដែល​ខ្ញុំ​សោក​ស្ដាយ​បំផុត​ក្នុង​មួយ​ឆាក​ជីវិត​តាំង​ពី​កើត​មក ទាំង​មិន​អាច​វិល​ត្រលប់​ដូច​ដើម​វិញ​បាន បើ​ទោះ​កែ​ប្រែ​ខ្លួន​ស្ទើរ​ទាំង​ស្រុង។ រំឭក​ឡើង​វិញ ពិត​ជា​គួរ​ឲ្យ​ខឹង​ខ្លួន​ឯង​ណាស់ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ឲ្យ​ម្ដាយ​របស់​ខ្ញុំ​សប្បាយ​ចិត្ត​ម្ដង​ណា​ទេ ហើយ​គ្រប់​ពេល​មាន​តែ​ពាក្យ​ថា​បារម្ភ ទាំង​ខ្លួន​ឯង​ធំ​ដឹង​ក្ដី​ទៅ​ហើយ។

 

មាន​ពួក​ម៉ាក​ច្រើន ដើរ​លេង​សប្បាយ​ហ៊ឺហា មិន​សូវ​ចូល​ផ្ទះ គឺ​ជា​ទម្លាប់​របស់​ខ្ញុំ មុន​ពេល​ប្រឡង​បាក់​ឌុប​ក្នុង​ឆ្នាំ​២០១៥។ ហ៊ឹម!!! មើល​ទៅ​អ្នក​ផ្សេង​ពេល​នោះ ហាក់​ខំ​រៀន​ភ្លេច​បាយ ភ្លេច​ទឹក ព្រោះ​ដឹង​ថា​ប្រឡង​តឹង តែ​ខ្ញុំ​វិញ​មិន​ដែល​ខ្វល់​ឡើយ ហើយ​សម្ដី​ម្ដាយ​ខំ​និយាយ​រាល់​ថ្ងៃ ដូច​ចាក់​ទឹក​លើ​ក្បាល​ទា។

 

​​ព្រហ្មលិខិត​ពិត​ជា​មិន​ប្រណី​មនុស្ស​ខូច​មែន ហើយ​សំណាង​ក៏​គ្មាន​សម្រាប់​អ្នក​មិន​ខំ​ជួយ​ខ្លួន​ឯង​ដែរ។ ថ្ងៃ​ចេញ​លទ្ធផល​គេ​សើច​សប្បាយ ឯ​ខ្ញុំ​វិញ​ទឹក​ភ្នែក​ហូរ​ខ្ចាយ​ទន់​ជង្គង់​ងើប​មុខ​មិន​រួច។ ណាមួយ​ខ្មាស​ពួក​ម៉ាក ណាមួយ​មិន​ដឹង​ប្រឈម​មុខ​នឹង​ម្ដាយ​ដូច​ម្ដេច។ ខ្ញុំ​គិត​ម្នាក់​ឯង​ថា៖ "អញ​ទៅ​ដល់​ផ្ទះ​វិញ ដឹង​តែ​ម៉ាក់​ជេរ​ស្លាប់​ហើយ...”។

 

ឱ​អ្នក​ម្ដាយ​ដ៏​មាន​ព្រហ្មវិហារ​ធម៌ ឮ​ថា​កូន​ប្រឡង​ធ្លាក់ គ្មាន​បន្ទោស​មួយ​ម៉ាត់ ក្រៅ​ពី​លើក​ទឹក​ចិត្ត​ឲ្យ​កូន​ខំ​រៀន​ឡើង​វិញ។ តើ​ម្ដាយ​លើ​លោក​សុទ្ធតែ​បែប​នេះ មែន​ទេ? ខ្ញុំ​ស្ទើរ​ស្រក់​ទឹក​ភ្នែក រំភើប​ចិត្ត​ពេក ព្រោះ​មិន​នឹក​ស្មាន​ថា ប្រតិកម្ម​តប​មក​វិញ​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់ និង​ភាព​កក់​ក្ដៅ​បែប​នេះ​ទេ។

 

ឆ្នាំ​២០១៦ ឈាន​ចូល​មក​ដល់ ខ្ញុំ​ប្ដេជ្ញា​ថា​ប្រឹង​ឡើង​វិញ ដើម្បី​តប​ស្នង​ក្ដី​ស្រលាញ់​ដ៏​បរិសុទ្ធ​របស់​អ្នក​ម្ដាយ។ ឈប់​ដើរ​លេង នៅ​ក្បែរ​គាត់​ឲ្យ​បាន​ច្រើន ប៉ុន្តែ​ពេល​នោះ​ក៏​ជា​វេលា​ដែល​គាត់​ចាប់​ផ្ដើម​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់។ រយៈ​ពេល ៤​ខែ​មុន​ពេល​ខ្ញុំ​ប្រឡង​បាក់​ឌុប គាត់​ងើប​លែង​រួច បាន​ត្រឹម​សម្រាក​លើ​គ្រែ ប៉ុន្តែ​គាត់​ហាក់​ដូច​ជា​រីករាយ​ខ្លាំង ពេល​ឃើញ​ខ្ញុំ​នៅ​ក្បែរ​រាល់​ថ្ងៃ ខុស​ពី​មុន។  

អំឡុង​ពេល​នេះ ខ្ញុំ​ជា​អ្នក​បញ្ចុក​បាយ​គាត់ គេង​ជិត​គាត់ ហើយ​ប្រាប់​គាត់​ថា "ម៉ាក់​ឆាប់​ជា​ណា កូន​ឈប់​ដើរ​លេង​ខូច​ខិល​ទៀត​ហើយ"។ ចំណែក​ម៉ាក់​ខ្ញុំ​វិញ បង្ហាញ​ទឹក​មុខ​ញញឹម រួច​ប្រាប់​ថា "ម៉ាក់​ចង់​ឃើញ​កូន​ប្រឡង​ជាប់​ផ្ទាល់​ភ្នែក នេះ​ម៉ាក់​ចង់​បាន​ចុង​ក្រោយ"។ គាត់​និយាយ​នេះ ព្រោះ​ដឹង​ថា​មិន​អាច​នៅ​យូរ​ទៀត​ឡើយ។

 

មុន​ពេល​ប្រឡង​បាក់​ឌុប២០១៦ មួយ​ខែ គាត់​ក៏​បាន​ធ្វើ​ទុក្ខ​ខ្លាំង រហូត​ផុត​ដង្ហើម​នៅ​មុខ​ខ្ញុំ។ "ហេតុអី! ហេតុអី! ហេតុអី ម៉ាក់​មិន​ចាំ​កូន​ប្រឡង​ជាប់​សិន...”។ ពេល​នោះ គាត់​បាន​ចាក​ចោល​ខ្ញុំ​មែន តែ​ពាក្យ​សម្ដី​ដែល​គាត់​បាន​ផ្ដាំ​ថា​ឲ្យ​ខ្ញុំ​ខំ​រៀន ប្រឡង​ឲ្យ​ជាប់ នៅ​លាន់​ឮ​ពេញ​ត្រចៀក​ខ្ញុំ​គ្រប់​ពេល។ ធ្វើ​បុណ្យ​ចប់​សព្វ​គ្រប់ ខ្ញុំ​ក៏​បន្ត​ខំ​រៀន​តាម​បណ្ដាំ​គាត់ អុច​ធូប​ប្រាប់​គាត់​រាល់​ថ្ងៃ ថា​នឹង​ប្រឡង​ឲ្យ​ជាប់។

 

 

ថ្ងៃ​ប្រកាស​លទ្ធផល​បាក់ឌុប ខ្ញុំ​ក៏​មិន​ខុស​ពី​សិស្ស​ដទៃ​ទៀត​ដែរ គឺ​លោត​កញ្ជ្រោល​ពេល​ដឹង​ថា​ប្រឡង​ជាប់។ ប៉ុន្តែ​លោត​ផុត​ពី​ដី ហាក់​ស្រមៃ​នឹក​ឃើញ​ដល់​ម្ដាយ​ភ្លាម រហូត​ធ្វើ​ឲ្យ​អារម្មណ៍​ដែល​រំភើប​នឹង​លទ្ធផល ប្ដូរ​មក​ជា​ទុក្ខសោក​ត្រឹម​មួយ​វិនាទី។ ទឹក​ភ្នែក​ចាប់​ផ្ដើម​រមៀល​ចុះ ក្នុង​ចំណោម​សិស្ស​ដែល​កំពុង​សប្បាយ​រីករាយ។

 

មិន​បង្អង់​យូរ ខ្ញុំ​ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ ទាញ​ធូប​មក​អុច រួច​លើក​ដៃ​ប្រណម្យ​ពាំនាំ​ដំណឹង​តាម​ផ្សែង​ប្រាប់​ទៅ​ដល់​ម្ដាយ​ថា "កូន​ប្រឡង​ជាប់​ហើយ ម៉ាក់​ឮ​កូន​និយាយ​ទេ ម៉ាក់​សប្បាយ​ចិត្ត​ទេ...”។ បើ​ពេល​នោះ គាត់​នៅ​មាន​ជីវិត តើ​ពិភពលោក​ស្រស់​បំព្រង​យ៉ាង​ណា​ទៅ? ហេតុ​អ្វី​មិន​ទុក​ឲ្យ​គាត់​នៅ​សប្បាយ​ចិត្ត​សម្រេច​បំណង​ប្រាថ្នា​មុន​លា​ចាក​លោក? ហេតុអ្វី​ក៏​ព្រហ្មលិខិត​ដាច់​ធម៌​មេត្តា​ម្ល៉េះ?

 

កូន​ចង់​ប្រាប់​ម៉ាក់​ថា ម៉ាក់​កាច​បន្តិច រអ៊ូ​ច្រើន​បន្តិច ស្ដី​ឲ្យ​ច្រើន​បន្តិច ប៉ុន្តែ​កូន​ដឹង​ហើយ គ្រប់​យ៉ាង​គឺ​ដើម្បី​ឲ្យ​កូន​ល្អ។ សុំ​ទោស​ដែល​ពី​តូច កូន​តែង​ខឹង​ម៉ាក់ មិន​ចូល​ផ្ទះ មិន​និយាយ​រក​ម៉ាក់... សុំ​ទោស​គ្រប់​យ៉ាង។ បើ​ពេល​នេះ ម៉ាក់​នៅ​មាន​ជីវិត កូន​នឹង​និយាយ​ពាក្យ​នេះ​ដោយ​ផ្ទាល់ ប៉ុន្តែ​ម៉ាក់​មិន​អាច​វិល​ត្រលប់​វិញ​បាន។ ចង់​និយាយ​ប្រាប់​ម៉ាក់​ម្ដង​ទៀត​ថា កូន​ពិត​ជា​នឹក​ម៉ាក់ ស្រលាញ់​ម៉ាក់​ណាស់...។ ពេល​នេះ​កូន​បាន​បំពេញ​បំណង​ម៉ាក់​ហើយ សង្ឃឹម​ថា​ម៉ាក់​សប្បាយ​ចិត្ត​ណា!៕

 

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: kong.chanvanneng@sabay.com

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា

 

អត្ថបទ៖ កូន​ប្រុស​កម្សត់

អត្ថបទថ្មី