«កញ្ញាឯកកម្ពុជា២០១៦» ប្រកាសបេក្ខនារីផ្លូវការ២០រូប
- 2016-09-27 18:31:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«កញ្ញាឯកកម្ពុជា២០១៦» ប្រកាសបេក្ខនារីផ្លូវការ២០រូប
ចន្លោះមិនឃើញ
កម្មវិធីប្រឡងជ្រើសរើស «កញ្ញាឯកកម្ពុជា ២០១៦ សម្រស់ព្រះរាជាណាចក្រខ្ញុំ» បានធ្វើសន្និសីទកាសែតប្រកាសបេក្ខនារីជាផ្លូវការ២០រូប កាលពីម្សិលមិញ នៅសណ្ឋាគារណាហ្គាវើល បន្ទាប់ពីការបើកយុទ្ធនាការស្វែងរកកញ្ញាឯកកម្ពុជាអស់រយៈពេលជាង៣សប្តាហ៍នៅក្នុងខេត្តបាត់ដំបង កំពង់ចាម តាកែវ និង រាជធានីភ្នំពេញ កន្លងទៅនេះ។
លោក Romyr Libo-on នាយកចាត់ការទូទៅនៃក្រុមហ៊ុន Arise Agency និងជាអ្នករៀបចំកម្មវិធីប្រឡងកញ្ញាឯកកម្ពុជា ២០១៦ ថ្លែងថា កម្មវិធីប្រឡងកញ្ញាឯកកម្ពុជា ២០១៦ នឹងធ្វើឲ្យសុបិនរបស់សុភាពនារីកម្ពុជាក្លាយជាការពិត។ លោកបន្តថា៖ «ដល់ពេលដែលយើងត្រូវស្វែងរកសុភាពនារីកម្ពុជាវ័យក្មេងដែលមានទាំងរូបសម្បត្តិ ចរិយាសម្បត្តិ ប្រាជ្ញា និងរក្សាបាននូវប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរដើម្បីតំណាងឲ្យព្រះរាជាណាចក្រកម្ពុជាក្នុងការប្រឡងកញ្ញាឯកជាលក្ខណៈអន្តរជាតិហើយ» ។
មុននឹងដល់ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ បេក្ខនារីទាំង២០រូបដែលបានប្រកាសជាផ្លូវការនេះ នឹងចូលរួមធ្វើសកម្មភាពជាច្រើនទៀត ដូចជាធ្វើដំណើរកម្សាន្ត និងលើកកម្ពស់អេកូទេសចរណ៍ក្នុងខេត្តព្រះសីហនុ ធ្វើដំណើរទស្សនកិច្ចទីតាំងវប្បធម៌ក្នុងខេត្តសៀមរាប ចូលរួមការងារសង្គមក្នុងរាជធានីភ្នំពេញជាដើម។
នៅក្នុងសន្និសីទសារព័ត៌មាននេះ បេក្ខនារីទាំង២០រូបក៏បានដើរបង្ហាញម៉ូដខ្នាតតូចដ៏ប្លែកភ្នែកដោយគ្រងសម្លៀកបំពាក់ខ្មែរបុរាណ និងសម័យផងដែរ។ តោះ! ក្រឡេកមកមើលបេក្ខភាពកញ្ញាឯកទាំង២០រូប តើមានសម្រស់ស្រស់ស្អាតយ៉ាងណាដែរ?
ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ «កញ្ញាឯកកម្ពុជា២០១៦» នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៧:០០យប់ ដល់ ១០:០០យប់។ សូមរង់ចាំតាមដានទាំងអស់គ្នា តើបេក្ខនារីរូបណានឹងគ្រងម្កុដកញ្ញាឯកកម្ពុជា ២០១៦?
អត្ថបទៈ ស្រអែម