សិល្បករប្រឈម​នឹង​ "ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ"

  • 2016-09-27 22:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ព្រាង ដែល​ត្រូវ​បាន​លើក​យក​មក​ពិគ្រោះ​យោបល់​គ្នា​នា​ព្រឹកមិញ សិល្បករ​ខ្មែរ​ទាំង​អស់​ដែល​ នឹង​ត្រូវ​ប្រឈម​នឹង​ច្បាប់​ថ្មី​មួយដែល​បច្ចុប្បន្ន​នៅ​ជា​ពង្រាង​នៅ​ឡើយ គឺ​ "ក្រម​សីលធម៌​នៃ​អ្នក​សិល្បៈ"។

 

ក្រម​សីលធម៌​នេះ ជា​ផែន​ការ​ថ្មី​មួយ​របស់​ក្រសួង​ បន្ទាប់​ពី​ដាក់​ចេញ​ប្រកាស​ពី​ផែន​ការ​ប្រើ​ប្រាស់​គ្រប់​គ្រង​សិទ្ធិរួម ដើម្បី​ការពារ​ផល​ប្រយោជន៍ ក៏​ដូច​ជា​ស្នាដៃ​របស់​អ្នកនិពន្ធ​កាល​ពី​ខែ​មុន។ តាម​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ជំទាវ ភឿង សកុណា បាន​ឲ្យ​ដឹង​ថា នេះ​ជា​​ផែន​ការ លើក​កម្ពស់ និង​រក្សា​បាន​នូវ​ភាព​ថ្លៃ​ថ្នូរ​របស់​​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​មាន​ឈ្មោះ​ថា​ប្រទេស​នៃ​វប្បធម៌។

 

 

លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​​សិល្បៈ(រូបភាព៖ Facebook page ក្រសួង​វប្បធម៌)

 

ផ្ដើម​ដោយ​ពុំនោល "ធម្មជាតិ​ជា​អ្នក​ជួយ ខ្ទួយ​ជា​អ្នក​ទិច" លោក ជំទាវ បាន​មាន​ប្រសាសន៍​ថា សិល្បករ សិល្បការិនី​ខ្មែរ​យើង គឺ​មាន​ធម្មជាតិ​ដ៏​ល្អ មាន​ទេពកោសល្យ ប៉ុន្តែ​ពេល​ខ្លះ​ត្រូវ​ទិច​ដោយ​ខ្ទួយ តាម​ការ​ភ្លាំងភ្លាត់​ ធ្វើ​កំហុសមួយ​ពេល តាម​រយៈ​អកប្បកិរិយា និយាយ​ស្ដី ឬ​ការ​ស្លៀក​ពាក់​​មិន​សមរម្យ។ ដូច្នេះ​ហើយ ក្រសួង​ត្រូវ​ផ្ដល់​ជំនួយ ជួយ​​ពួក​គេ មុន​ពេល​អ្វី​ៗ​ត្រូវ​បំផ្លាញ​ដោយ​ធម្មជាតិ​អវិជ្ជមាន​។

 

"យើង​មិន​អោយ​ធម្មជាតិ​អវិជ្ជមាន​ណា​មួយ​ចូល​មក​បំផ្លាញ​ធម្មជាតិ​វិជ្ជមាន​ទេ អីចឹង​ការ​ធ្វើ​របស់​យើង មាន​ទាំង​ណែនាំ និង​បើ​ចាំ​បាច់​ក៏​ត្រូវ​ពិន័យ​ដែរ"។ ជំទាវ ថ្លែង។

 

កិច្ច​ពិគ្រោះ​យោបល់​ព្រឹក​មិញ នៅ​មាន​ការ​ប្រទាំង​ប្រទើស​ខ្លះ លើ​ការ​ប្រើ​ពាក្យ​ "សិល្បៈ" ដែល​តាម​ឯកឧត្តម គឹម គុណវឌ្ឍ ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​ទូរទស្សន៍​ជាតិ បាន​មាន​ប្រសាសន៍​ថា វា​មាន​ន័យ​ទូលំទូលាយ​ពេក ដែល​មាន​ទាំង​ចម្លាក់ និង​អ្វី​ផ្សេង​ទៀត ខណៈ​ពង្រាង​ហាក់​ផ្ដោត​តែ​លើ មនុស្ស គឺ​សិល្បករ សិល្បការិនី។

 

តាម​ខ្លឹម​​សារ​នៃ​ពង្រាង​នេះ គឺ​គ្រប់​​ដណ្ដប់​ទៅ​លើ​គ្រប់​បុគ្គល​អ្នក​សម្ដែង ដែល​តម្រូវ​ឲ្យ​រក្សា​បាននូវ​សុជីវធម៌ សីលធម៌ ភាព​ថ្លៃ​ថ្នូរ ទាំង​កាយ​វិការ ការ​ស្លៀក​ពាក់ និង​វោហាសព្ទ ជា​ដើម។ ចំណុច​នេះ​ទាំង​នេះ​មាន​ចែង​ក្នុង​ប្រការ​៦​ដែល​មាន​៧​ចំណុច នៃ​ពង្រាង​ទាំង​មូល។ ឈរ​លើ​មូលដ្ឋាន​លើក​កម្ពស់​សិល្បៈ​វប្បធម៌​តែ​មួយ សិល្បករ​បាន​សាទរ​ចំពោះ​ពង្រាង​នេះ។

 

 

លោក ដួង សុខ​គា ក្នុង​នាម​សិល្បករ​មួយ​រូប​បាន​គូស​បញ្ជាក់​ថា លោក​សាទរ​ចំពោះ​សេចក្ដី​ព្រាង ប៉ុន្តែ​លោក​ក៏​ត្រៀមលើក​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​របស់ខ្លួន​ក្នុង​នាម​​សិល្បករ​ដែរ ដោយ​ស្នើ​កុំ​អោយ​រឹត​ត្បិត​ខ្លាំង​ពេក។

 

លោក ថ្លែង​ថា "បើ​តឹង​ខ្លាំង​ពេក ដូច​ឲ្យ​សិល្បករ​ឈរ​រាំ​លើ​ខ្សែ​ពួ​អីចឹង យីងយោង រាំ​ម៉េច​នឹង​សម ងាក​នេះ​ខុស ខាង​ទៅ​នោះ​ខុស អីចឹង​ធ្វើ​អ្វី​មិន​កើត​ទេ"។ សេចក្ដី​ព្រាង ក៏​បាន​ជជែក​លើ​ការ​ដាក់​ពិន័យ​ផង​ដែរ ល្គឹគណា​ សិល្បករ ដើរ​​ខុស​ពី​ការ​ណែនាំ ធ្វើ​ឲ្យ​ការ​អសកម្ម​នៅ​តែ​មាន ហើយ​ប៉ះពាល់​ដល់​សេក្ដី​ថ្លៃ​ថ្នូរ​របស់​​សិល្បៈ​វប្បធម៌​របស់​ជាតិ។

 

រូបភាព​នៃ​ការ​ពិន័យ​ទាំង​នោះ​មាន ហៅ​ណែនាំ ឬ​ស្ដី​បន្ទោស​ផ្ទាល់​មាត់ ឬ​ព្រមាន​ជា​លាយ​លក្ខណ៍​អក្សរ​ផ្សព្វផ្សាយ​ជា​សារធាណៈ។ ក្រៅ​ពី​នេះ​ករណី​ធ្ងន់​ធ្ងរ គឺ​ផ្អាក​មិន​អោយ​ធ្វើ​សកម្មភាព​ទាក់​ទង​នឹង​វិស័យ​សិល្បៈ ក្នុង​ពេល​សម​ស្រប​ណា​មួយ អាស្រ័យ​លើ​កំហុស​ឆ្គង​ដែល​កើត​មាន។

 

យ៉ាង​នេះ​ក្ដី លោក ជំទាវ រដ្ឋមន្ត្រី បញ្ជាក់​ថា ក្រសួង​នៅតែ​ប្រកាន់​យុទ្ធសាស្ត្រ​ទន់​ភ្លន់​ជា​​អាទិភាព​ដដែល។ "យើង​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​តឹង​តែង​ពេក​ទេ គឺ​ប្រកាន់​យក​វិធី​សាស្ត្រ​ណែនាំ និង​ពន្យល់​ឲ្យ​គាត់យល់​ដោយ​ខ្លួន​ឯង​ថា បែប​នេះ ឬ​បែប​នោះ គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ។ កុំ​អោយ​គេ​ថា ប៉ះ​ដៃ​យក​ដៃ ប៉ះ​ជើង​​យក​ជើង​នោះ​ យើង​មិន​ចង់​ធ្វើ​បែប​​នេះ។ លើក​លែង​តែ​ករណី​មិន​រាង​ចាល​ប៉ុណ្ណោះ"៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី