ជំងឺ​ឆ្កែឆ្កួត​សម្លាប់​មនុស្ស​ពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់​រៀង​រាល់​ឆ្នាំ

  • 2016-09-29 18:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺ​ឆ្កែឆ្កួត ជា​ជំងឺ​បណ្តាល​មក​ពី​វីរុស​ដែល​អាច​បង្ការ​បាន ប៉ុន្តែ​កាច​សាហាវ​ដែល​បាន និង​កំពុង​សម្លាប់​មនុស្ស​ពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់​ទូទាំង​ពិភព​លោក​ជា​រៀង​រាល់​ឆ្នាំ។ របាយការណ៍​របស់​អង្គការ​សុខភាព​ពិភព​លោក​បង្ហាញ​ថា ៤០% នៃ​ជន​រង​គ្រោះ​ពី​ជំងឺ​នេះ​ គឺ​ក្មេង​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ហើយ​ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ច្រើន​ជាង​១៥​លាន​នាក់​ទូទាំង​ពិភព​លោក​ដែល​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​នេះ​ក្រោយ​ពេល​សត្វ​ខាំ។

 

សម្រាប់​ឆ្នាំ​២០១៦​នេះ ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ "អប់រំ-ចាក់​ថ្នាំ​បង្ការ‑លុប​បំបាត់"។ ​ព្រឹក​ថ្ងៃ​ទី២៨ កញ្ញា ម្សិលមិញ​នេះ ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា ដែល​ជា​សាខា​មួយ​នៃ​ក្រុមហ៊ុន​ថែ​ទាំ​សុខភាព​ឈាន​មុខ​គេ​លំដាប់​ពិភព​លោក ក៏​បាន​ចូលរួម​ប្រារព្ធ​ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ផង​ដែរ នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​គណៈ​គ្រប់​គ្រង និង​បុគ្គលិក​ទាំង​អស់​នៃ​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា។

 

 

នាយិកា​គ្រប់​គ្រង​ក្រុមហ៊ុន​សាណូហ្វី​កម្ពុជា លោកស្រី ដាវ ធូង៉ា(Ms. Dao Thu Nga) លើក​ឡើង​នៅ​ក្នុង​ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត​ថា៖ "ក្រុមហ៊ុន​សាណូហ្វី​ តែង​តែ​បេ្តជ្ញា​ធ្វើ​ការងារ​ដែល​ពាក់​ព័ន្ធ​នឹង​ជំងឺ​សំខាន់ៗ​នៅ​កម្ពុជា។ ជាក់​ស្តែង ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន​តែង​គាំទ្រ និង​ចូល​រួម​ប្រារព្ធ​ទិវា​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត​នេះ​ ដើម្បី​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង និង​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​កម្ពុជា"។

 

យោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី១ មករា ដល់​ទី ៣១ ធ្នូ ២០១៤​ មាន​មនុស្ស​ចំនួន ២១ ៧៨២ នាក់ ត្រូវ​បាន​បញ្ជូន​មក​ ឬ​មក​ខ្លួន​ឯង​ដល់​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដើម្បី​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​សរុប​មាន​ចំនួន ១២៦ ៣៨២ លើក។ ជំងឺ​នេះ​ អាច​ត្រូវ​បាន​ចម្លង​តាម​រយៈ​ឆ្កែ និង​ឆ្មា ​នៅ​ពេល​វា​ខាំ ក្រញៅ​ ឬ​លិឍ​ត្រង់​កន្លែង​មាន​របួស​បាន​ដោយ​ងាយ ដោយ​វា​ចម្លង​មេរោគ LYSSA VIRUSES។ ពេល​ដែល​អ្នក​ត្រូវ​បាន​ខាំ​ដោយ​សត្វ​ឆ្កែ ឬ​ឆ្មា​ដែល​មាន​ជំងឺ​នេះ ទឹក​មាត់​វា​នឹង​ចម្លង​វីរុស​នេះ​ទៅ​ជាលិកា​ក្រោម​ស្បែក និង​សាច់​ដុំ។

 

ជា​រៀង​រាល់​ឆ្នាំ​ស្ទើរ​តែ​គ្រប់​ប្រទេស រដ្ឋាភិបាល អង្គការ និង​ស្ថាប័ន​នានា​តែង​ប្រារព្ធ​ និង​រៀបចំ​បង្កើត​កម្មវិធី «ទិវា​ពិភព​លោក​ប្រឆាំង​ជំងឺ​ឆ្កែ​ឆ្កួត» ដើម្បី​ពង្រីក​វិសាល​ភាព​នៃ​ការ​យល់​ដឹង​អំពី​ជំងឺ​នេះ ​និង​បន្ត​លើក​កម្ពស់​វិធី​បង្ការ និង​ការពារ​នៅ​តំបន់​សហគមន៍​ដែល​ងាយ​រង​គ្រោះ​ពី​ជំងឺ​នេះ។ ការ​ស្រាវ​ជ្រាវ​មួយ​នៅ​ផ្នែក​អេពីដេមី​សាស្ត្រ និង​ផ្នែក​វីរុស​សាស្ត្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​ដើម្បី​កំណត់​រក​វិធី​ដែល​ល្អ​ជាង​គេ​ទាំង​ប្រសិទ្ធ​ភាព និង​ទាំង​តម្លៃ​ សម្រាប់​ការ​បង្ការ​បឋម (មិន​ទាន់​មាន​ឆ្កែ​ខាំ) និង​សម្រាប់​ការ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​លើ​មនុស្ស បន្ទាប់​ពី​ត្រូវ​បាន​ឆ្កែ​ខាំ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត។ ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ គឺ​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ព្រម​ទាំង​អាជ្ញាធរ​នានា ខណៈ​ពួកគេ​កំពុង​ធ្វើ​ការ​ងារ​ដើម្បី​ឆ្ពោះ​ទៅ​រក​គោលដៅ​នៃ​ការ​តាំង​ចិត្ត​របស់​សហគមន៍​អាស៊ាន ដើម្បី​លុប​បំបាត់​ជំងឺ​ឆ្កែ​ឆ្កួត​ទូទាំង​សកល​លោក​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​២០២០។

 

បើ​អ្នក​ត្រូវ​បាន​ខាំ ក្រញៅ ឬ​រង​របួស​តាម​រូបភាព​ណា​មួយ​ក្តី ដោយ​សត្វ​ឆ្មា ឬ​ជា​ពិសេស​ដោយ​សត្វ​ឆ្កែ ដែល​អ្នក​គិត​ថា​វា​ឆ្កួត អ្នក​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។ បើ​អ្នក​មិន​បាន​ចាក់​ថ្នាំ​បង្ការ​ត្រឹម​ត្រូវ ហើយ​រង់ចាំ​រហូត​ដល់​ចេញ​រោគ​សញ្ញា​នោះ អ្នក​នឹង​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់​រហូត​ដល់​បាត់​បង់​ជីវិត។ បើ​អ្នក​សង្ស័យ​ថា អ្នក​បាន​ឆ្លង​ជំងឺ​នេះ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជា​បន្ទាន់​ដើម្បី​ទទួល​បាន​ដំបូន្មាន ឬ​ការ​ចាក់​ថ្នាំ​បង្ការ។ បើ​អ្នក​សង្ស័យ​ថា មាន​ការ​ចម្លង​ជំងឺ​ឆ្កែ​ឆ្កួត​នៅ​ក្នុង​សហគមន៍​របស់​អ្នក អ្នក​ត្រូវ​បង្ខាំង​សត្វ​ឆ្កែ​របស់​អ្នក​ទុក​ក្នុង​បរិវេណ​ផ្ទះ និង​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ដល់​ឆ្កែ​របស់​អ្នក ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​របស់​អ្នក។

 

ក្នុង​ករណី​មាន​ឆ្កែ​ខាំ អ្នក​គួរ​អនុវត្ត​វិធី​បង្ការ​បឋម​ដូច​ខាង​ក្រោម៖

១. ត្រូវ​លាង​សម្អាត​មុខ​របួស​ជាមួយ​ទឹក​សាប៊ូ ដោយ​ម៉ត់ចត់ រយៈ​ពេល​១៥​នាទី។ បើ​គ្មាន​សាប៊ូ ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ស្អាត​ធម្មតា ២. លាប​ថ្នាំ​សម្លាប់​មេរោគ (ថ្នាំ​កម្ចាត់​មេរោគ POVIDONE) ៣. ចៀស​វាង​ការ​ដេរ​ភ្ជិត​មុខ​របួស​ បើ​អាច​ធ្វើ​បាន ៤. ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​មជ្ឈមណ្ឌល​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ក្រោយ​សត្វ​ខាំ​ជា​បន្ទាន់។

 

សាណូហ្វី ដែល​ជា​ក្រុមហ៊ុន​ឱសថ​ឈាន​មុខ​គេ​មួយ​លើ​ពិភព​លោក បាន​រក​ឃើញ និង​កែច្នៃ ព្រម​ទាំង​ចែក​ចាយ​ផលិត​ផល​ដែល​ផ្ដោត​សំខាន់​លើ​តម្រូវ​ការ​របស់​អ្នក​ជំងឺ​ជា​ចម្បង។ សាណូហ្វី​​​ មាន​ចំណុច​ស្នូល​​សំខាន់ៗ​ចំនួន​ ៥​ ក្នុង​វិស័យ​ថែទាំ​សុខភាព​ដែល​មាន​ដូចជា៖​ ផ្នែក​ទឹក​នោម​ផ្អែម​ និង​សរសៃ​ឈាម​បេះដូង,​ វេជ្ជសាស្ត្រ​ទូទៅ ​និង​ទីផ្សារ​ថ្មីៗ,​​ សាណូហ្វី​ Genzyme, សាណូហ្វី​ប៉ាស្ទ័រ ​និង​សុខភាព​សត្វ។ សាណូហ្វី​បាន​ចុះ​បញ្ជី​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​​ប៉ារីស​ ​(EURONEXT: SAN) និង​នៅ​ទីក្រុង​ញូវយ៉ក (NYSE: SNY)។

 

 

សាណូហ្វី​ប៉ាស្ទ័រ ជា​ស្ថាប័ន​ថ្នាំ​បង្ការ​របស់​ក្រុមហ៊ុន​សាណូហ្វី ដែល​ផលិត​ថ្នាំ​បង្ការ​លើស​ពី​១០០០​លាន​ដូស​ក្នុង​មួយ​ឆ្នាំៗ ដែល​ផ្តល់​ការ​ការពារ​ដល់​មនុស្ស​លើស​ពី​៥០០​លាន​នាក់​ទូទាំង​សកល​លោក ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ឈាន​មុខ​គេ និង​ធំ​ជាង​គេ​ក្នុង​ឧស្សាហកម្ម​ថ្នាំ​បង្ការ​នៅ​លើ​សកល​លោក​អស់​រយៈ​ពេល​ជាង​មួយ​សតវត្ស​មក​ហើយ។ សាណូហ្វី​ប៉ាស្ទ័រ​បាន និង​កំពុង​ផលិត​ថ្នាំ​បង្ការ​ការ​ពារ​ជីវិត​ដែល​មាន​គុណភាព​ខ្ពស់​សម​ស្រប​នឹង​តម្រូវ​ការ​ផ្នែក​សុខភាព​សាធារណៈ។ ក្រុមហ៊ុន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​លើស​ពី​១​លាន​អឺរ៉ូ សម្រាប់​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​ថ្មីៗ​ជា​រៀង​រាល់​ថ្ងៃ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ www.sanofipasteur.com ឬ www.sanofipasteur.us

 

 

អត្ថបទ៖ ពាណិជ្ជកម្ម