ជិត​ភ្ជុំ​ហើយ! តោះ​រៀន​វេចនំ​អន្សម​ជ្រូក​យក​ទៅវត្ត

  • 2016-09-29 21:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​នេះ​ជា​បិណ្ឌ​ទី​១៣ Sabay សូម​លើក​​យក​​រូបមន្ត​​ធ្វើ​នំ​​អន្សម​​ជ្រូក​​ណែនាំ​​ដោយ​​ចុងភ្នៅ​​ខ្នរមក​​​​បង្ហាញ​​ដល់​​ប្រិយមិត្ត​​ដែល​​ត្រៀម​​នឹង​ធ្វើ​ទៅ​​វត្ត​​ថ្ងៃ​ភ្ជុំ​ និង​​ចែក​ចាយ​​បង​ប្អូន​​ញាតិ​មិត្ត​ជិត​ឆ្ងាយ។

 

គ្រឿងផ្សំ៖

អង្ករដំណើប 5Kg, សណ្តែក 1.5Kg, សាច់ជ្រូក៣ជាន់​ 1.5Kg , ខ្ទិះដូង 1.5Kg និងសាច់ដូង 0.5kg, ស្លឹកចេក និងម្សៅស៊ុបខ្នរ។ គ្រឿង​ផ្សំ​ទាំង​នេះ​អាច​វេចអន្សម​បាន​ប្រហែល ២៥ ទៅ ៣០នំ អាស្រ័យ​លើ​ទំហំ​នំធំ ឬ​តូច។

 

វិធី​ធ្វើ៖ -ស្លឹក​ចេក​ត្រូវ​ហាល​ថ្ងៃ​ឲ្យ​ទន់​បន្តិច -អង្ករ​ដំណើប​ត្រូវ​លាង​ទឹក​សម្អាត ដាក់​ត្រាំ​ទុក​ចោល​១​យប់ ឬ​យ៉ាង​តិច​ណាស់​ប្រហែល​២​ម៉ោង រួច​ទុក​ឲ្យ​ស្ងួត លាយ​ជាមួយ​ខ្ទិះ​ដូង និង​ម្សៅស៊ុប​ខ្នរ​២​ស្លាប​ព្រា​បាយ -សណ្តែក​ត្រូវ​ត្រាំ​ប្រហែល​២​ម៉ោង និង​លាង​ទឹក​ឲ្យ​ស្អាត​ ហើយ​ទុក​ឲ្យ​ស្ងួត -សាច់​ជ្រូក​៣​ជាន់​ហាន់​ជា​ចង្វាយ​វែង​ល្មម ប្រឡាក់​គ្រឿង​ជាមួយ​ម្សៅ​ស៊ុបខ្នរ​១​ស្លាប​ព្រា​កន្លះ

 

របៀប​វេច៖ ដំបូង​យក​អង្ករ​ដំណើប​មក​ពង្រាយ​លើ​ស្លឹក​ចេក បន្ទាប់​មក​រោយ​សណ្តែក​ពី​លើ​អង្ករ​ដំណើប​ ដាក់សាច់​ជ្រូក​៣ជាន់​នៅ​កណ្តាល​សណ្តែក រួច​រោយ​សណ្តែក​និង​អង្ករ​ដំណើប​ពី​លើ​ម្តង​ទៀត ហើយ​ធ្វើការ​វេច​ខ្ចប់​ដោយ​បត់​ឲ្យ​ជិត​មាត់​ម្ខាង ទុក​ចំហ​ម្ខាង រួច​យក​ធាង​ចេក​សង្កត់​ពី​លើ​ឲ្យ​ហាប់ រួច​បិត​មុខ​ដែល​ទុក​ចំហ ហើយ​យក​ខ្សែ​មក​ចង​ជា​ការ​ស្រេច។ បន្ទាប់ពី​រួច​រាល់​យក​ទៅ​ស្ងោរ​ពី៤ ទៅ​៥​ម៉ោង។

 

ប្រិយមិត្ត​ដឹងពីរបៀបធ្វើហើយ កុំ​ភ្លេច​សាក​ល្បង​ធ្វើ​យក​ទៅ​វត្ត និង​ចែក​ចាយ​ញាតិមិត្ត​ណា! រូបមន្ត​នេះ​ធានា​ថា​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​តែ​ម្ដង​។