ក្រ​សួង​ទេសចរណ៍​ ចង់​​ឲ្យ​វត្ត​អារាម​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍

  • 2016-09-29 21:51:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​អារាម​ក្រៅ​ពី​ជា​កន្លែង​សក្ការៈ ក្រ​សួង​ទេសចរណ៍​ចង់​បង្កើន​សក្ដានុពល​ឲ្យ​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បរទេស​បាន​យល់​កាន់​តែ​ច្បាស់​ពី​ទំនៀម​ទម្លាប់ សាសនា ។​

 

 

រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍​ លោក ថោង ខុន​ ​​ប្រាប់​ថា​ ពេល​បុណ្យ​ទាន​ ពិសេស​ពេល​ភ្ជុំបិណ្ឌ មនុស្ស​ម្នាល​ទៅ​វត្ត ដូច្នេះ​វត្ត​អារាម​ ជា​ទី​តាំង​ដែល​អ្នក​​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន​ក្នុង​ឱកាស​បុណ្យ​ទាន​នា​នា។ ទេសចរ ​តែង​ចង់​ដឹង​អ្វី​ដែល​ប្លែក​ហើយ​ថ្មី​។ ដូច្នេះ​ ប្រ​សិន​បើ​អាច​ច្នៃ​​ព្រឹត្តិការណ៍​បុណ្យ​ប្រពៃ​ណី​ជា​ផលិត​ផល​ទេសចរណ៍ នោះ​ជា​ចំណុច​ល្អ។

 

លោក បន្ត​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធាន​បទ "ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា ជំរុញ​ទៅ​ដល់​ភាព​ជា​សាកល" ដោយ​បញ្ជាក់​ថា សូម្បី​តែ​មន្ទីរ​ឃុំ​ឃាំង​របស់​មេ​ដឹក​នាំ​របប​ផ្ដាច់​ការ​ហ៊ីត្លែ​នៅ​អាល្លឺ​ម៉ង់ ក៏​​បរទេស​គេ​អាច​ប្រែ​ក្លាយ​ជា​កន្លែង​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​ដែរ។

 

លើស​ពី​នេះ វត្ត​ចំណាស់​មួយ​នៅ​ប្រ​ទេស​ថៃ​គឺ​វត្ត​ពោធិ៍​ បាន​ក្លាយ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​មក​ទស្សនា​មិន​តិច​ជាង​៥ពាន់​នាក់ ដោយសារ​​វត្ត​នេះ​មាន​ស្រស់​ស្អាត​ និង​រឿង​រ៉ាវ​​គួរ​ឲ្យ​ចង់​ដឹង​​ជា​ច្រើន​។ ក្រៅ​ពី​នេះ វត្ត​សៅ​លីង​ នៅ​ហី​ណាន​ក្នុង​ប្រទេស​ចិន​ក៏​ជា​ទី​តាំង​ទាក់​ទាញ​ទេសចរ​ចង់​ទៅ​ទស្សនា​ផង​ដែរ។​

 

 

ចំណុច​​ល្អ​ៗ​ទាំង​នេះ​ ត្រូវ​បាន​លោក​ ថោង​ ខុន​ យល់​ថា​​យើង​គួរ​តែ​រៀន​សូត្រ​ពី​គេ​។ ទី​អារាម​​ជាច្រើន ដែល​​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​យើង​ចេះ​រៀប​ចំ​​ គ្រប់​គ្រង និង​ថែរក្សា​ដូច​នៅ​​​ប្រ​ទេស​ដទៃ គឺ​ប្រាកដ​ជា​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ​ខ្លាំង​ណាស់។

 

ម្ល៉ោះ​ហើយ​ ក្រសួង​ទេសចរណ៍​ចង់​​ណែនាំ​ឲ្យ​មន្ទីរ​ទេសចរណ៍​ទាំង​អស់​គួរ​រៀប​ចំ​វត្ត​អារាម​ឲ្យ​មាន​ភាព​ទាក់​ទាញ​តាម​បែប​សាសនា ដើម្បី​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​សំខាន់​​ក្នុង​ឱកាស​បុណ្យ​ទាន​នានា៕

 

 

អត្ថបទ៖ លឹម សុ​នា​ ​​​