ក្មេង​ស្រី​ស៊ីរី បង្ហោះ​សារ​ប្រាប់​ពិភពលោក ពី​​ជីវិត​ពេញ​ដោយ​ភាព​ភ័យ​ខ្លាច នៅ​​អាឡេប៉ូ

  • 2016-10-04 17:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​ស៊ីរី អាយុ​៧​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Bana Alabed បាន​បង្ហោះ​រូបភាព នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន កាល​ពី​១​សប្តាហ៍​មុន ដោយ​នាង​កំពុង​តែ​អង្គុយ​អាន​សៀវភៅ ភ្ជាប់​ជា​មួយ​សារ​ដែល​សរសេរ​ថា «​សួស្តី​ពី​ទីក្រុង​អាឡេប៉ូ ខ្ញុំ​កំពុង​អាន​សៀវភៅ ដើម្បី​បំភ្លេច​សង្គ្រាម»។

 

នាង Bana Alabed

 

រូបថត​មួយ​សន្លឹក​ទៀត បាន​បង្ហាញ​ឲ្យ​ឃើញ នាង Bana ជា​មួយ​ប្អូនប្រុស អាយុ​៥​ឆ្នាំ Mohamed និង Noor អាយុ​៣​ឆ្នាំ ជា​មួយ​នឹង​សារ​ដែល​សរសេរ​ថា «ខ្ញុំ​កំពុង​គូរ​រូប​ជាមួយ​ប្អូនៗ មុន​ពេល​ដែល​យន្តហោះ​មក​ដល់។ យើង​ត្រូវ​ការ​សុខ​សន្តិភាព​ដើម្បី​គូរ​រូប»។

 

នាង Bana និងប្អូនៗ

 

វីដេអូ​ឃ្លិប​ខ្លី​មួយ​ខ្សែ បាន​បង្ហាញ​ឲ្យ​ឃើញ បងប្អូន​ប្រុសស្រី​ទាំង​៣​នាក់​នេះ នៅ​ក្នុង​បន្ទប់​គេង​ជាមួយ​គ្នា ដោយ​នាង Bana បាន​និយាយ​ថា «យើង​នឹង​រស់​នៅ​ជាមួយ​គ្នា​ជា​រៀង​រហូត» រួច​ក៏​សើច និង​អោប​គ្នា​តែ​ម្តង។

 

អ្នកស្រី Fatemah ម្តាយ​របស់ Bana បាន​និយាយ​ប្រាប់​សារព័ត៌មាន BBC ថា កូនស្រី​របស់​ខ្លួន​ចង់​ឲ្យ​ពិភពលោក​ស្តាប់​លឺ​សម្លេង​របស់​គេ។ «Bana និយាយ​ថា ម៉ាក់ ហេតុអ្វី​បាន​ជា​គ្មាន​នរណា​ម្នាក់​ជួយ​ពួក​យើង?»។ អ្នកស្រី Fatemah ប្រាប់​ទៅ BBC។

 

 

 

«នាង Bana បាន​បាត់​បង់​មិត្តភ័ក្ដិ​ម្នាក់ ដែល​មាន​ផ្ទះ​នៅ​ក្បែរ​គ្នា ដោយសារ​តែ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក»។ នាង​បាន​មើល​ឃើញ​គ្រប់​យ៉ាង​នៅ​ទីនេះ។ នាង​បាន​ឃើញ​មិត្តភ័ក្ដិ​ត្រូវ​គេ​សម្លាប់។ នាង​បាន​ឃើញ​ផ្ទះ​របស់​យើង ត្រូវ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក។ នាង​បាន​ឃើញ​សាលារៀន​របស់​នាង ត្រូវ​វាយ​ប្រហារ​ដោយ​គ្រាប់បែក។ នាង​បាន​ឆ្លង​កាត់​គ្រប់​យ៉ាង ប៉ុន្តែ​នាង​មាន​សំណាង​ល្អ»។ អ្នកស្រី Fatemah បាន​ប្រាប់​បន្ថែម៕

 

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ BBC