ក្លឹប​ជា​ច្រើន​នៅ​ហូឡង់​ ​បិទ​តារាង​ស្មៅ​សិប្បនិមិត្ត ​ព្រោះ​ខ្លាច​ជំងឺ​មហារីក

  • 2016-10-11 22:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​​​នៅ​តាម​តំបន់​នា​​ប្រទេស​ហូឡង់​ ប្រហែល​ជា​៣០​ក្លឹប​ បាន​ប្រកាស​បិទ​ឈប់​ប្រើ​ប្រាស់​ទីលាន​​​ស្មៅ​សិប្បនិមិត្ត ​ព្រោះ​តែ​​មាន​ការ​សង្ស័យ​ និង​ភ័យ​ខ្លាច​គ្រាប់​កៅស៊ូ​តូចៗ ​​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ដែល​អាច​កើត​មាន​ជំងឺ​មហារីក។

 

 

អភិបាល​ក្រុង​ Hague ​ប្រទេស​ហូឡង់​ ​បាន​បញ្ជា​ឲ្យ​​ធ្វើ​ការ​ស៊ើបអង្កេត​​ភ្លាមៗ បន្ទាប់​ពី​​​ឃើញ​ទូរទស្សន៍​មួយ​ បាន​ចុះ​ផ្សាយ​ពី​បញ្ហា​នេះ។ ​សាស្ត្រាចារ្យ​​​ម្នាក់​ខាង​​​ស្រាវ​ជ្រាវ​ជាតិ​ពុល​ មក​ពី​សាកល​វិទ្យាល័យ​ Utrecht ​បាន​​លើក​ឡើង​ថា ​​ប្រជាជន​ទាំង​​អស់​ គួរ​តែ​ជៀស​វាង​​លេង​លើ​ស្មៅ​សិប្បនិមិត្ត​ ​​រហូត​ទាល់​តែ ​ហានិភ័យ​នេះ​​ត្រូវ​បាន​បញ្ជាក់​ច្បាស់​​ថា ពិត​ជា​គ្មាន​គ្រោះ​ថ្នាក់​ជា​មុន​សិន។

 

លោក​បញ្ជាក់​ថា៖ "ក្នុង​នាម​ខ្ញុំ​ជា​សាស្ត្រាចារ្យ​ខាង​ជាតិ​ពុល​ម្នាក់​ ខ្ញុំ​សូម​និយាយ​ថា ខ្ញុំ​មិន​​​លេង​លើ​ទីលាន​ទាំង​​នេះ​ទេ ​ព្រោះ​យើង​មិន​ទាន់​ដឹង​ច្បាស់​ ពី​ការ​វាយ​តម្លៃ​នៃ​ហានិភ័យ​នេះ”។

 

 

គ្រាប់​កៅស៊ូ​ខ្មៅ​តូចៗ ដែល​ក្រាល​ជាមួយ​ស្មៅ​សិប្បនិមិត្ត​​​នៅ​លើ​ទីលាន​បាល់ទាត់​ គឺ​ធ្វើ​ឡើង​ពី​កង់​រថយន្ត​ចាស់ៗ ​ហើយ​សហព័ន្ធ​បាល់ទាត់​ហូឡង់​ (Dutch FA) ​ក៏​បាន​​​លើក​ឡើង​ពី​បញ្ហា​នេះ​ផង​ដែរ​​ថា ​គួរ​តែ​ស្រាវជ្រាវ​​ឲ្យ​បាន​ល្អិតល្អន់  ​ព្រោះ​​កៅស៊ូ​ខ្មៅ​ទាំង​នោះ​​ តែង​តែ​ជាប់​លើ​ខ្លួន​ប្រាណ​អ្នក​លេង​បាល់ទាត់​ ​ហើយ​ជា​ពិសេស​​នៅ​ពេល​ពួកគេ​មាន​បញ្ហា​របួស​ជា​ដើម។

 

ទោះ​ជា​យ៉ាង​ណា លទ្ធផល​ស្រាវជ្រាវ​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ស្រាវជ្រាវ​ដំបូង​បំផុត​​តាំង​ពី​ឆ្នាំ​២០០៦ ក៏​ពុំ​​​បាន​បញ្ជាក់​ថា មាន​ផល​ប៉ះ​ពាល់​អ្វី​នោះ​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ Mirror