ហាប់គីដូ បើក​សិក្ខាសាលា​​​បង្ហាញ​​បច្ចេកទេស​ក្បាច់​គុន​ថ្មី​ៗ​ដល់​សិស្ស​៧០​នាក់

  • 2016-10-12 21:06:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ហាប់​គីដូ​កម្ពុជា​បាន​ធ្វើ​សិក្ខាសាលា​​​​ដើម្បី​​​បង្ហាញ​​ពី​បច្ចេកទេស​ក្បាច់​គុន​ថ្មី​ៗ​​​​ដល់​សិក្ខាកាម​ជាង​៧០​រូប​ ដែល​បង្ហាញ​​​ដោយ​ព្រឹទ្ធាចារ្យ​ក្បាច់គុន​ សេង ប៊ុន​សុង​ អតីត​​ប្រធាន​សហព័ន្ធ​​​កីឡា​មួយ​នេះ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ទី​ស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

 

 

​លោក សេង ប៊ុន​សុង ​បណ្ឌិត​​ក្បាច់​គុន​កីឡា​ហាប់​គីដូ​បាន​​ឲ្យ​ដឹង​ថា ការ​ចូល​​ខ្លួន​បង្ហាញ​ពី​ក្បាច់​គុន​​នេះ ​ក្រោយ​លោក​បាន​ស្រាវជ្រាវ​អស់​ជា​ច្រើន​ឆ្នាំ។ ក្បាច់​គុន​ដែល​លោក​លើក​យក​មក​បង្ហាញ​​ក្នុង​ថ្ងៃ​ធ្វើ​សិក្ខាសាលា​នេះ​សុទ្ធ​សឹង​តែ​ជា​ក្បាច់​ថ្មី​ៗ ដែល​​ពិភព​លោក​កំពុង​​​ប្រើ​ប្រាស់។

 

គ្រូ​បង្វឹក​ក្បាច់​គុន​ហាប់​គីដូ​នៅ​អាមេរិក​រូប​នេះ​បន្ថែម​ថា​ ​បច្ចុប្បន្ន​​កម្រិត​បច្ចេកទេស​កីឡា​ហាប់​គីដូ​កម្ពុជា​​​​កំពុង​​បោះ​ជំហាន​ឆ្ពោះ​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ បើ​ទោះ​បី​ជា​​ឧបករណ៍​ប្រើ​ប្រាស់​នៅ​មាន​កម្រិត។ លោក​សង្ឃឹម​ថា ​នា​​​ពេល​អនាគត​ នឹង​អាច​មក​បង្ហាត់​ក្បាច់​គុន​មួយ​នេះ​នៅ​កម្ពុជា​ជា​អចិន្ត្រយ៍។

 

​ជា​មួយ​គ្នា​នោះ​លោក គង់ ច័ន្ទ​ធីណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខាង​លើ​បាន​បញ្ជាក់​ថា សិក្ខា​សាលា​នេះ​មាន​សារៈសំខាន់​​ក្នុង​ចូល​រួម​ចំណែក​​ផ្ដល់​ចំណេះដឹង​ថ្មី​ៗ ​ដល់​​សិក្ខាកាម​ដែល​បាន​ចូល​រួម។ ​លោក​សំគាល់​ឃើញ​ថា ក្បាច់​គុន​មួយ​នេះ​កំពុង​ត្រូវ​បាន​យុវជន​ចាប់​អារម្មណ៍​​​ច្រើន​ជាង​ពេល​កន្លង​ទៅ។

​ ក្នុង​ការ​ធ្វើ​សិក្ខាសាលា​នេះ​មាន​សិក្ខាកាម​ចូល​រួម​​ជាង​៧០​រូប​មក​ពី​ក្លឹប​ចំនួន​៥​រួម​មាន​ក្លឹប Master Song, ក្លឹប​ប្រី​ដ​តុ​ន បឹង​ត្របែក, ប្រី​ដ​តុ​ន​ ស្ទឹង​មាន​ជ័យ, ​ក្លឹប​កីឡា​ហាប់​គីដួ​មក​ពី​ខេត្ត​បាត់​ដំបង និង ក្លឹប​ឥន្ទ្រី​យ៍៕

 

 

 

 

 

 

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​

អត្ថបទពេញនិយម